កាលនៅពីក្មេង ខ្ញុំបានយកកាសែតទៅដាក់តាមផ្ទះ ដើម្បីរកលុយចិញ្ចឹមជីវិត។ ដោយសារកាសែតនោះ ជាកាសែតពត៌មានពេលព្រឹក ខ្ញុំត្រូវក្រោកនៅម៉ោង៣ទៀតភ្លឺ ជារៀងរាល់ថ្ងៃ ដើម្បីឲ្យខ្ញុំអាចយកកាសែត១៤០ច្បាប់ ទៅដាក់នៅតាមផ្ទះ ឲ្យបានត្រឹមត្រូវ មុនម៉ោង៦ព្រឹក។
តែជារៀងរាល់ឆ្នាំ សម្រាប់ខ្ញុំ មានថ្ងៃមួយដែលខុសពីថ្ងៃផ្សេងទៀត។ ខ្ញុំត្រូវយកកាសែតពត៌មានពេលព្រឹកទៅដាក់ឲ្យគេ នៅថ្ងៃមុនពេលថ្ងៃបុណ្យណូអែលមកដល់ មានន័យថា មានតែនៅពេលព្រឹកថ្ងៃបុណ្យណូអែលទេ ដែលខ្ញុំអាចគេង ហើយសម្រាកដូចមនុស្សទូទៅបាន។ អស់រយៈពេលជាច្រើនឆ្នាំក្រោយមក ខ្ញុំក៏បានអបអរពិធីបុណ្យណូអែល ដោយសារមូលហេតុជាច្រើន ដែលក្នុងនោះ ខ្ញុំបានរាប់ថ្ងៃនោះជាថ្ងៃពិសេស ដោយសារវាជាថ្ងៃដែលខ្ញុំបានសម្រាក។
កាលនោះ ខ្ញុំមិនទាន់យល់ច្បាស់ អំពីអត្ថន័យនៃការសម្រាកដ៏ពិត ដែលពិធីបុណ្យណូអែលបានផ្តល់ឲ្យនោះឡើយ។ ព្រះគ្រីស្ទបានយាងមក នៅថ្ងៃបុណ្យណូអែលដំបូង ដើម្បីប្រទាននូវការសម្រាក តាមរយៈការអត់ទោសបាបរបស់ទ្រង់ ដល់អស់អ្នកដែលស្ថិតក្រោមបន្ទុកនៃក្រឹត្យវិន័យ ដែលពួកគេមិនអាចប្រព្រឹត្តតាម ឲ្យបានសព្វគ្រប់នោះ។ គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។
ក្នុងលោកិយ ដែលអំពើបាបមានទម្ងន់ធ្ងន់ក្រៃ មិនអាចឲ្យយើងលីសែងតែម្នាក់ឯងបាន ព្រះគ្រីស្ទបានយាងមក នាំយើងចូលទៅក្នុងទំនាក់ទំនងជាមួយទ្រង់ ហើយប្រទានឲ្យយើងមានការសម្រាកក្នុងទ្រង់។-Bill Crowder