គ្រួសារខ្ញុំមានឆ្កែញីមួយក្បាល ដែលមានអាយុចាស់ណាស់ហើយ។ វាជាពូជឆ្កែតឿរបស់តំបន់ហាយឡិនខាងលិច។ វាចូលចិត្តដេកនៅចុងជើង លើគ្រែរបស់យើង អស់រយៈពេល១៣ឆ្នាំមកហើយ។ តាមធម្មតា វាដេកយ៉ាងស្ងាត់ស្ងៀម ដោយមិនបំរាស់ ឬបញ្ចេញសម្លេងអ្វីឡើយ តែថ្មីៗនេះ វាចេះតែកេះយើងថ្នមៗ នៅពាក់កណ្តាលយប់។ ពីដំបូង យើងស្មានថា វាចង់ចេញទៅក្រៅ បានជាយើងព្យាយាមបណ្តើរវាចេញទៅក្រៅ។ តែក្រោយមក យើងក៏បានដឹងថា វាគ្រាន់តែចង់ដឹងថា យើងនៅក្បែរវាឬអត់។ ត្រចៀកវាស្ទើរតែស្តាប់លែងឮ ហើយភ្នែកក៏ពិការខ្លះៗហើយ។ វាមិនអាចមើលឃើញ នៅកន្លែងងងឹតទេ ហើយក៏មិនអាចឮយើងកម្រើកឬដកដង្ហើមដូចមុនទេ។ វាជារឿងធម្មតាទេ ដែលវាមានការច្រឡំ ហើយឈោងទៅរកយើង ដើម្បីឲ្យដឹងច្បាស់ថា យើងពិតជានៅក្បែរវាមែនឬអត់។ ដូចនេះ ខ្ញុំក៏បានឈោងទៅរកវា ហើយអង្អែលក្បាលវា ដើម្បីផ្តល់ការធានាដល់វាថា ខ្ញុំនៅក្បែរវាទេ។ វាគ្រាន់តែចង់ដឹងប៉ុណ្ណឹងឯង។ វាក៏បានដេកវិញ។
មានពេលមួយ ស្តេចដាវីឌបានទូលសួរព្រះថា “តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់?”(ទំនុកដំកើង ១៣៩:៧) ស្តេចដាវីឌបានទទួលការកម្សាន្តចិត្តយ៉ាងខ្លាំង ពេលដឹងថា ព្រះទ្រង់គង់នៅក្បែរជានិច្ច។ បានជាទ្រង់មានបន្ទូលថា “ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ បើទូលបង្គំថា សេចក្តីងងឹតនឹងគ្របបាំងទូលបង្គំជាប្រាកដ ហើយពន្លឺដែលនៅជុំវិញទូលបង្គំនឹងត្រឡប់ទៅជាយប់វិញ”(ខ.៩-១២)។
តើអ្នកកំពុងវង្វេងក្នុងទីងងឹតឬ? តើអ្នកកំពុងមានទុក្ខ មានការភ័យខ្លាច ការប្រកាន់ទោសខ្លួនឯង ការសង្ស័យ ឬការបាក់ទឹកចិត្តឬទេ? តើអ្នកកំពុងឆ្ងល់ថា ព្រះទ្រង់កំពុងគង់នៅក្បែរអ្នកឬទេ? ភាពងងឹត មិនងងឹតសម្រាប់ទ្រង់ទេ។ ទោះយើងងងឹតមើលអ្វីមិនឃើញក៏ដោយ ទ្រង់នៅតែនៅក្បែរយើងជានិច្ច។ ទ្រង់មានបន្ទូលថា ទ្រង់នឹងមិនចាកចេញពីយើង ឬបោះបង់យើងចោលឡើយ(ហេព្រើ ១៣:៥)។ ចូរឈោងដៃទៅរកទ្រង់។ ទ្រង់គង់នៅទីនោះស្រាប់ហើយ។-David Roper