ពេលដែលពិធីបុណ្យណូអែលជិតមកដល់ បន្ទាប់ពីស្វាមីរបស់អ្នកស្រី ដាវីដែន(Davidene) បានលាចាកលោកទៅ អ្នកស្រីដាវីដែនបានសរសេរសំបុត្រដ៏គួរឲ្យកត់សំគាល់មួយ ដែលក្នុងនោះ គាត់បានពិពណ៌នា អំពីនគរស្ថានសួគ៌ ពេលព្រះយេស៊ូវប្រសូត្រនៅលើផែនដី យ៉ាងដូចនេះថា “ព្រះទ្រង់តែងតែជ្រាបជានិច្ចថា នឹងមានអ្វីកើតឡើង។ ទាំងបីអង្គ ជាព្រះតែមួយ ហើយទ្រង់បានអនុញ្ញាតឲ្យព្រះរាជបុត្រាទ្រង់យាងចុះ ពីស្ថានសួគ៌មក ដើម្បីយើងរាល់គ្នា”។
ពេលព្រះយេស៊ូវបានបង្រៀន និងប្រោសជម្ងឺមនុស្សជាច្រើន នៅលើផែនដី ទ្រង់មានបន្ទូលថា “ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក។ នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត”(យ៉ូហាន ៦:៣៨,៤០)។
ការប្រសូត្ររបស់ព្រះយេស៊ូវ នៅភូមិបេថ្លេហិម ជាការចាប់ផ្តើមនៃព្រះរាជកិច្ចទ្រង់ នៅលើផែនដី ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ ហើយបានលៈបង់ព្រះជន្មទ្រង់នៅលើឈើឆ្កាង ដើម្បីរំដោះយើងឲ្យរួចពីទោស និងអំណាចនៃអំពើបាប។ អ្នកស្រីដាវីដែន បានមានប្រសាសន៍ថា គាត់ពិបាកនឹងកាត់ចិត្តពីមនុស្សដែលគាត់ស្រឡាញ់ ដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ តែព្រះទ្រង់បានសម្រេចព្រះទ័យលះបង់ព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យខ្ញុំអាចរស់នៅ ក្នុងដំណាក់ទ្រង់ជារៀងរហូត។
“ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។-David McCasland