ឪពុករបស់ខ្ញុំមានស្បែកជើងកវែង បែបខៅប៊យមួយគូរ ដែលប្រឡាក់ដី ដែលគាត់ចូលចិត្តទុកនៅលើកម្រាលឥដ្ឋ ក្នុងបន្ទប់រៀនរបស់ខ្ញុំ។ ស្បែកជើងនោះបានរំឭកខ្ញុំជារៀងរាល់ថ្ងៃថា គាត់ជាមនុស្សប្រភេទណា។ កាលពីមុន គាត់បានធ្វើកិច្ចការជាច្រើន ក្នុងនាមជាកសិករម្នាក់ ហើយក្នុងនោះ គាត់បានចិញ្ចឹម និងបង្វឹកសត្វសេះ ដែលផ្លាស់ទីលឿនដូចផ្លេកបន្ទោរ។ ខ្ញុំចូលចិត្តមើលគាត់ធ្វើការ ដោយស្ងើចសរសើរគាត់ ដែលនៅតែអាចជិះសេះ ក្នុងវ័យចំណាស់។ កាលនៅពីក្មេង ខ្ញុំចង់ធំឡើងដូចគាត់។ ឥឡូវនេះ ខ្ញុំស្ថិតក្នុងវ័យ៨០ឆ្នាំហើយ តែស្បែកជើងកវែងរបស់គាត់ នៅតែមានទំហំធំពេក សម្រាប់ឲ្យខ្ញុំពាក់ដដែល។
សព្វថ្ងៃនេះ ឪពុករបស់ខ្ញុំបានទៅនៅនគរស្ថានសួគ៌ហើយ តែខ្ញុំមានព្រះ ដែលជាឪពុកសម្រាប់យកតម្រាប់តាម។ ខ្ញុំចង់មានលក្ខណៈដូចទ្រង់ មានពេញដោយសេចក្តីល្អរបស់ទ្រង់ ហើយបញ្ចេញក្លឹនដ៏ក្រអូប នៃសេចក្តីស្រឡាញ់របស់ទ្រង់។ ខ្ញុំនឹងមិនអាចមានលក្ខណៈដែលល្អដូចទ្រង់ទាំងស្រុងឡើយ ហើយមានការជាច្រើនដែលខ្ញុំមិនអាចធ្វើឲ្យបានល្អដូចទ្រង់។
ប៉ុន្តែ សាវ័កពេត្រុសបានមានប្រសាសន៍ថា “រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច”(១ពេត្រុស ៥:១០)។ យើងដឹងហើយថា ទ្រង់ពិតជាមានប្រាជ្ញា និងអំណាចធ្វើការទាំងអស់នេះបាន(ខ.១១)។
យើងមិនអាចមានលក្ខណៈដូចព្រះវរបិតា១០០ភាគរយ ក្នុងពេលបច្ចុប្បន្នមែន តែយើងនឹងមិនមានបញ្ហានេះជារៀងរហូតឡើយ។ ព្រះទ្រង់បានត្រាសហៅយើង ឲ្យមានភាពស្រស់ស្អាតនៃចរិយាសម្បតិ្ត ដែលមកពីទ្រង់។ ក្នុងជីវិតនេះ យើងមិនអាចឆ្លុះបញ្ចាំងឲ្យគេមើលឃើញទ្រង់ទាំងស្រុង ប៉ុន្តែ នៅនគរស្ថានសួគ៌ យើងនឹងបានដូចទ្រង់ យ៉ាងគ្រប់លក្ខណ៍ ព្រោះយើងនឹងមិនមានអំពើបាប និងទុក្ខព្រួយទៀតឡើយ។ នេះហើយជា “ព្រះគុណដ៏ពិតរបស់ព្រះ”(ខ.១២)។-David Roper