មានប្តីប្រពន្ធមួយគូ មានសេចក្តីស្រឡាញ់ ច្រើនជាងមានលុយ។ ពេលដែលបុណ្យណូអែលកាន់តែរំគិលមកដល់ អ្នកទាំងពីរមានការពិបាក នៅក្នុងការស្វែងរកអំណោយមួយ ដើម្បីបង្ហាញថា ពួកគេយកចិត្តទុកដាក់ចំពោះគ្នាខ្លាំងប៉ុណ្ណា។ ទីបំផុត នៅថ្ងៃមុនពេលបុណ្យណូអែលមកដល់ អ្នកស្រីដេឡា(Della) ក៏បានលក់សក់ដ៏វែងរបស់គាត់ ដើម្បីទិញខ្សែនាឡិការធ្វើពីផ្លាកទីន សម្រាប់ដាក់នាឡិកា ជាមរតកដែលលោកជីមបានទទួលពីឪពុកគាត់ ហើយឪពុកគាត់ ទទួលពីជីតារបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ លោកជីម ទើបតែបានលក់នាឡិការនោះ ដើម្បីយកលុយទិញក្រាសសឹតសក់ដ៏មានតម្លៃមួយ ឲ្យអ្នកស្រីដេឡា។
លោកអូ ហេនរី(O. Henry) ដែលជាអ្នកនិពន្ធ បានហៅរឿងប្តីប្រពន្ធមួយគូនេះថា “អំណោយរបស់អ្នកប្រាជ្ញ”។ រឿងនេះ បានបង្ហាញថា ទោះបីជាអំណោយរបស់អ្នកទាំងពីរអាចប្រើឲ្យមានប្រយោជន៍ ហើយអាចធ្វើឲ្យអ្នកដទៃគិតថា អ្នកទាំងពីរល្ងង់ក៏ដោយ ក៏សេចក្តីស្រឡាញ់របស់ពួកគេបានធ្វើឲ្យពួកគេ ស្ថិតក្នុងចំណោមមនុស្សដែលមានប្រាជ្ញាបំផុត នៅក្នុងការឲ្យអំណោយ។
យ៉ាងណាមិញ ពួកអ្នកប្រាជ្ញ ដែលមកគាល់ព្រះយេស៊ូវ នៅថ្ងៃបុណ្យណូអែលដំបូងបំផុត ក៏អាចត្រូវអ្នកខ្លះគិតថា ពួកគេជាមនុស្សល្ងង់ផងដែរ ពេលដែលពួកគេធ្វើដំណើរមកដល់ ភូមិបេថ្លេហិម ដោយនាំអំណោយជាមាស កំញាន និងជ័រល្វីងទេស(ម៉ាថាយ ២:១១)។ ពួកគេមិនមែនជាជនជាតិយូដាទេ។ ពួកគេជាសាសន៍ដទៃ ដែលមិនបានដឹងទេថា ពួកគេអាចធ្វើឲ្យមានភាពវឹកវរប៉ុណ្ណា ពេលដែលខ្លួនសួររកស្តេចនៃសាសន៍យូដា ដែលទើបតែប្រសូត្រនោះ(ខ.២។
តែផែនការរបស់ពួកអ្នកប្រាជ្ញមិនប្រែជាអសាឥតការឡើយ។ រឿងនេះ គឺមិនខុសពីរឿងរបស់លោកជីម និងអ្នកស្រីដាឡា។ ព្រោះពួកគេបានថ្វាយអំណោយ ដែលមាសប្រាក់មិនអាចទិញបាន។ ពួកគេបានមករកទ្រង់ ដោយមានដង្វាយមកថ្វាយទ្រង់ ហើយក៏បានក្រាបថ្វាយបង្គំ ព្រះមួយអង្គ ដែលក្រោយមក ទ្រង់ក៏បានធ្វើការលះបង់ដ៏ធំបំផុត ដោយសេចក្តីស្រឡាញ់ សម្រាប់ពួកគេ និងសម្រាប់យើងរាល់គ្នា។-MART DEHAAN