មានពេលមួយ ខ្ញុំបានធ្វើការពេញមួយថ្ងៃ។ ប៉ុន្តែ ពេលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំដល់ពេលដែលត្រូវធ្វើកិច្ចការ “មួយទៀត” គឺ ធ្វើជាឪពុកល្អមួយរូប។ មិនយូរប៉ុន្មាន ការស្វាគមន៍ពីភរិយា និងកូនៗរបស់ខ្ញុំ មានដូចជា “ប៉ា យើងបានម្ហូបអីញាំល្ងាចនេះ?” “សូមប៉ាដងទឹកឲ្យខ្ញុំបន្តិចមក?” “ប៉ា យើងលេងបាល់ទាត់បានអត់?”
ខ្ញុំមិនចង់ធ្វើអ្វីច្រើនទេ គឺគ្រាន់តែចង់អង្គុយចុះប៉ុណ្ណោះ។ ហើយទោះបីជា ក្នុងខ្លួនខ្ញុំ មានផ្នែកដែលពិតជាចង់ឲ្យខ្ញុំ ធ្វើជាឪពុកដ៏ល្អម្នាក់ក៏ដោយ ក៏ខ្ញុំមិនមានអារម្មណ៍ថា ចង់បំពេញសេចក្តីត្រូវការរបស់ក្រុមគ្រួសារខ្ញុំ មិនចេះឈប់នោះដែរ។ បន្ទាប់មក ខ្ញុំក៏បានឃើញកាតថ្លែងអំណរគុណ ដែលភរិយាខ្ញុំបានទទួលពីមនុស្សម្នាក់ នៅព្រះវិហារ។ នៅក្នុងកាតនោះ មានរូបទឹកមួយផើង កន្សែងពោះគោមួយ និងស្បែកជើកសង្រែកដែលប្រឡាក់។ នៅខាងក្រោម មានខគម្ពីរ លូកា ២២:២៧ ដែលចែងថា “ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជាអ្នកបំរើវិញ”។
ខគម្ពីរនេះបានលើកទឹកចិត្តខ្ញុំណាស់ បានជាខ្ញុំនឹកចាំ អំពីខគម្ពីរមួយទៀត ដែលចែងថា ទ្រង់បានយាងមក ដើម្បីស្វែងរក និងបម្រើគេ(លូកា ១៩:១០)។ បើសិនជាព្រះយេស៊ូវស្ម័គ្រព្រះទ័យធ្វើកិច្ចការដ៏កខ្វក់សម្រាប់ពួកសាវ័ករបស់ទ្រង់ ដូចជាការលាងជម្រះជើងដ៏គគ្រិចរបស់ពួកគេ(យ៉ូហាន ១៣:១-១៧) នោះខ្ញុំក៏អាចដងទឹកមួយកែវឲ្យកូនខ្ញុំ ដោយគ្មានការត្អូញត្អែរ។ គឺនៅពេលនោះហើយ ដែលខ្ញុំបាននឹកចាំថា ការដែលក្រុមគ្រួសារខ្ញុំសុំឲ្យខ្ញុំបម្រើពួកគេ គឺមិនគ្រាន់តែជា កាតព្វកិច្ចប៉ុណ្ណោះទេ តែក៏ជាឱកាស ដើម្បីឆ្លុះបញ្ចាំងឲ្យពួកគេស្គាល់ ព្រះទ័យព្រះយេស៊ូវដែលបម្រើ និងស្រឡាញ់ពួកគេ។ ពេលគេសុំឲ្យយើងបម្រើ គឺមានន័យថា យើងមានឱកាសផ្លាស់ប្រែ ឲ្យមានលក្ខណៈសម្បត្តិកាន់តែដូចព្រះមួយអង្គ ដែលបានបម្រើអ្នកដើរតាមទ្រង់ ដោយលះបង់ជីវិតទ្រង់សម្រាប់ពួកគេ។-ADAM HOLZ