តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច ពេល​ដែល​មាន​ភ្នំ​មួយ​កំពុង​តែ​រាំង​ផ្លូវ​អ្នក? សូម​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​រឿង​របស់​លោកដារ៉ាត ម៉ានជី(Dashrath Manjhi) ដូច​តទៅ។ ពេល​ភរិយា​របស់​គាត់​ស្លាប់ ដោយ​សារ​គាត់​មិន​អាច​នាំ​នាង​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​សង្រ្គោះ​បន្ទាន់ លោក​ម៉ានជី ក៏​បាន​ធ្វើ​នូវ​កិច្ច​ការ​មួយ ដែល​ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច។ គឺ​គាត់​បាន​ចំណាយ​ពេល​២២​ឆ្នាំ​ នៅ​ក្នុង​ការ​ដាប់​ធ្វើ​ផ្លូវ​ដ៏​ធំ កាត់​តាម​ភ្នំ ដើម្បី​ឲ្យ​អ្នក​ភូមិ​ដទៃ​ទៀត អាច​ទៅ​មន្ទីរ​ពេទ្យ ទទួល​ការ​ព្យាបាល តាម​ដែល​ត្រូវ​ការ។ មុន​ពេល​គាត់​លា​ចាក​លោក រដ្ឋា​ភិបាល​ប្រទេស​ឥណ្ឌា ក៏​បាន​អប​អរសាទរ​គាត់ សម្រាប់​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​នេះ។

ស្តេច​សូរ៉ូបាបិល​ប្រាកដ​ជា​គិត​ថា ការ​សាង​សង់​ព្រះវិហារ​ក្រុង​យេរូសាឡិម​ឡើង​វិញ ជា​កិច្ចការ​ដែល​ទ្រង់​មិន​អាច​ធ្វើ​បាន​ទេ។ ស្តេច​សូរ៉ូបាបិល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​វិល​ត្រឡប់​ពី​ការ​និរទេស។ ប្រជាជន​អ៊ីស្រាអែល​មាន​ការ​បាក់​ទឹក​ចិត្ត និង​បាន​ជួប​ការ​ប្រឆាំង ពី​ពួក​ខ្មាំង​សត្រូវ​របស់​ពួក​គេ ហើយ​ក៏​ខ្វះ​ធន​ធាន ឬ​ខ្វះ​ទាហាន​ដែល​មាន​គ្នា​ច្រើន។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ចាត់​លោក​សាការី ដើម្បី​រំឭក​ស្តេច​សូរ៉ូបាបិល​ថា  កិច្ច​ការ​នេះ​ត្រូវ​ការ​ជំនួយ​ពី​អំណាច ដែល​ធំ​លើស​កម្លាំង​ទាហាន អំណាច​របស់​បុគ្គល ឬ​ធន​ធាន​ដែល​មនុស្ស​បង្កើត។ និយាយ​រួម ទ្រង់​ត្រូវ​ពឹង​ផ្អែក​លើ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ(សាការី ៤:៦)។ ដោយ​មាន​ការ​ធានា​ថា ទ្រង់​នឹង​បាន​ទទួល​ជំនួយ​ពី​ព្រះ នោះ​ទ្រង់​ក៏​បាន​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ភ្នំ​នៃ​ការ​លំបាក​ទាំង​ឡាយ​រាប​ស្មើ ឈប់​រារាំង​ដំណើ​រនៃ​ការ​សាង​សង់​ព្រះ​វិហារ​ឡើង​វិញ និង​ការ​ស្អាង​សហគមន៍​នៃ​ជន​ជាតិ​អ៊ីស្រា​អែល(ខ.៧)។

តើ​យើង​ធ្វើ​ដូច​ម្តេច ពេល​ដែល​មាន​ភ្នំ​មួយ កំពុង​រាំង​ផ្លូវ​យើង? យើង​មាន​ជម្រើស​ពីរ​ប៉ុណ្ណោះ គឺ​ត្រូវ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​យើង ឬ​ត្រូវ​ទុក​ចិត្ត​លើ​អំណាច​នៃ​ព្រះ​វិញ្ញាណ។ ពេល​យើង​ទុក​ចិត្ត​លើ​អំណាច​ចេស្តា​ទ្រង់ ទ្រង់​នឹង​ធ្វើ​ឲ្យ​ភ្នំ​នៃ​ទុក្ខ​លំបាក​រាប​ស្មើ ពុំ​នោះ​ទេ ទ្រង់​នឹង​ប្រទាន​យើង​នូវ​កម្លាំង និង​ការ​អត់​ធ្មត់ ដើម្បី​ឡើង​ភ្នំ​នោះ។-MARVIN WILLIAMS