មានក្រុមគ្រួសាររបស់មិត្តភក្តិខ្ញុំ បានបាត់បង់កូនវ័យជំទង់ម្នាក់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នា ដូចគ្រួសារខ្ញុំដែរ។ ពួកគេបានសរសេរសេចក្តីរំឭកអំពីកូនស្រីរបស់ពួកគេ ឈ្មោះ លីនសេយ(Lindsay) ក្នុងការសែតប្រចាំតំបន់មួយ។ ខ្លឹមសារមួយ ក្នុងចំណោមខ្លឹមសារដែលមានន័យបំផុត នៅក្នុងសំណេររបស់នាង គឺជាការរៀបរាប់ថា : បន្ទាប់ពីនាងបានប្រាប់គេថា នាងបានបិទរូបថត និងវត្ថុអនុស្សាវរីយរបស់លីនសេយជាច្រើន នៅក្នុងផ្ទះមក នាងក៏បានសរសេរថា “ក្នុងផ្ទះខ្ញុំ នៅកន្លែងណាក៏មានរូបលីនសេយដែរ ប៉ុន្តែ គ្មានកន្លែងណាដែលមានវត្ថមានពិតរបស់នាងទេ”។
ទោះបីជាកូនស្រីរបស់គ្រួសារទាំងពីរ នៅតែញញឹមចេញពីរូបថតក៏ដោយ វត្តមានពិតរបស់ក្មេងស្រីទាំងពីរ នៅតែមិនឃើញមាន នៅកន្លែងណាមួយឡើយ។ រូបរបស់ពួកគេមាននៅគ្រប់កន្លែងទាំងអស់នៅក្នុងផ្ទះ ទាំងនៅក្នុងចិត្ត គំនិត និងរូបថតទាំងនោះ ប៉ុន្តែ យើងមិនឃើញវត្តមានដ៏ពិតរបស់ពួកគេទេ។
ប៉ុន្តែ ដោយផ្អែកលើព្រះគម្ពីរ យើងអាចជឿជាក់ថា វត្តមានពិតនៃលីនសេយ និងមែលសីស្សា គឺមាននៅទីកន្លែងមួយ។ ពួកគេកំពុងនៅក្នុងព្រះវត្តមានព្រះយេស៊ូវ(២កូរិនថូស ៥:៨)។ វត្តមានដ៏ពិតរបស់ពួកគេ កំពុងនៅជាប់ជាមួយព្រះមួយអង្គ ដែលគង់នៅគ្រប់ទីកន្លែង។ យើងមើលមិនឃើញសាច់ឈាមរបស់ព្រះទេ។ យើងពិតជាមិនមានរូបថតរបស់ទ្រង់ នៅលើជញ្ជាំងរបស់យើងទេ។ តាមពិត បើយើងមើលជុំវិញផ្ទះយើង យើងប្រហែលជាគិតថា យើងមិនឃើញព្រះវត្តមានទ្រង់។ ប៉ុន្តែ ទ្រង់គង់នៅគ្រប់ទីកន្លែង។
ទោះជាយើងទៅទីណាក៏ដោយ ក្នុងផែនដីនេះ ព្រះទ្រង់គង់នៅទីនោះជានិច្ច។ ទ្រង់គង់នៅទីនោះ ដើម្បីដឹកនាំ ចម្រើនកម្លាំង និងកម្សាន្តចិត្តយើង។ គ្មានកន្លែងណា ដែលមិនមានព្រះវត្តមានទ្រង់ឡើយ។ យើងមើលមិនឃើញទ្រង់ ប៉ុន្តែ ទ្រង់គង់នៅគ្រប់ទីកន្លែង។ នេះជាដំណឹងល្អដ៏អស្ចារ្យ ជាពិសេស នៅពេលដែលយើងកំពុងជួបការលំបាក។-DAVE BRANON