រំហូរនៃជនភាសខ្លួន ចូលមកក្នុងសហគមន៍របស់ខ្ញុំ បាននាំឲ្យមានការកើនឡើងនៃពួកជំនុំ ក្នុងតំបន់។ ការលូតលាស់នោះបាននាំឲ្យមានឧបស័គ្គដែលយើងត្រូវជម្នះ។ សមាជិកពួកជំនុំរបស់យើង ត្រូវតែរៀនស្វាគមន៍អ្នកមកថ្មីទាំងនោះ ខណៈពេលដែលពួកគេ កំពុងសម្របខ្លួននឹងវប្បធម៌ថ្មី ភាសាថ្មី និងការថ្វាយបង្គំព្រះតាមរបៀបខុសគ្នា។ ការផ្លាស់ប្តូរនេះ អាចនាំឲ្យមានរឿងដែលមិនសមប្រកបកើតឡើងបាន។
ការយល់ច្រឡំ និងការមិនចុះសម្រុងគ្នា បានកើតមាននៅគ្រប់ទីកន្លែង ដែលមានមនុស្ស។ ដូចនេះ ព្រះវិហារមិនមែនជាករណីលើកលែងទេ។ បើយើងមិនដោះស្រាយបញ្ហាខ្វែងគំនិតគ្នា ឲ្យបានត្រឹមត្រូវទេ បញ្ហានេះ អាចមានភាពធ្ងន់ធ្ងរកាន់តែខ្លាំង ប្រែក្លាយទៅជាការបែកបាក់សាមគ្គី។
ពេលដែលពួកជំនុំនៅក្រុងយេរូសាឡិមកំពុងមានការលូតលាស់ មានជម្លោះមួយបានកើតឡើង ដោយសារបញ្ហាវប្បធម៌។ ជនជាតិយូដាដែលនិយាយភាសាក្រិក(កាន់តាមវប្បធម៌ក្រិក) បានត្អូញត្អែទាស់នឹងជនជាតិយូដា ដែលនិយាយភាសាអើរ៉ាម។ ស្រ្តីមេម៉ាយរបស់ពួកយូដាដែលនិយាយភាសាក្រិក “ត្រូវគេមើលរំលង នៅក្នុងការចែកអាហារប្រចំាថ្ងៃ”(កិច្ចការ ៦:១)។ ដូចនេះ ពួកសាវ័កក៏បានប្រាប់ពួកគេថា “ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេ ឲ្យត្រួតត្រាលើការងារនេះ”(ខ.៣)។ អ្នកដែលត្រូវជ្រើសរើសទាំង៧នាក់ សុទ្ធតែមានឈ្មោះជាភាសាក្រិក(ខ.៥)។ បានសេចក្តីថា ពួកគេជាជនជាតិយូដា ដែលនិយាយភាសាក្រិក ជាសមាជិកពួកជំនុំ ដែលគេមិនបានអើពើរនោះ។ ការសំខាន់បំផុត គឺពួកគេទាំងអស់គ្នា ត្រូវយល់អំពីបញ្ហានេះ។ សាវ័កប៉ុលក៏បានដាក់ដៃអធិស្ឋានឲ្យពួកគេ ហើយចាប់តាំងពីពេលនោះមក ពួកជំនុំក៏មានការរីកចម្រើន(ខ.៦-៧)។
ការលូតលាស់តែងមានឧបស័គ្គ ម្យ៉ាង គឺដោយសារការកើនឡើងនៃការប៉ះទង្គិចគ្នានៃប្រពៃណីដែលខុសគ្នា។ ប៉ុន្តែ បើយើងស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ នោះយើងនឹងរកឃើញដំណោះស្រាយដ៏មានប្រសិទ្ធិភាព ហើយបញ្ហាសំខាន់ៗក៏បានប្រែក្លាយជាឱកាស ដើម្បីឲ្យមានការលូតលាស់បន្ថែមទៀត។-TIM GUSTAFSON