បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ខ្ញុំក៏រកបានការងារដែលមានប្រាក់ខែទាប។ ខ្ញុំមិនសូវមានលុយ ហើយជួនកាល ពេលខ្ញុំញាំអាហារថ្ងៃត្រង់ហើយ ខ្ញុំក៏គ្មានលុយគ្រប់គ្រាន់ ដើម្បីទិញអាហារពេលល្ងាច។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានរៀនទុកចិត្តព្រះ សម្រាប់ការផ្គត់ផ្គង់របស់ទ្រង់ប្រចាំថ្ងៃ ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីបទពិសោធន៍ដែលហោរាអេលីយ៉ាធ្លាប់ជួបប្រទះ។ ក្នុងអំឡុងពេលគាត់កំពុងធ្វើការបម្រើព្រះ ក្នុងនាមជាហោរារបស់ទ្រង់ គាត់បានរៀនទុកចិត្តការផ្គត់ផ្គង់របស់ព្រះប្រចាំថ្ងៃ។ បន្ទាប់ពីលោកអេលីយ៉ាបានប្រកាស់អំពីការជំនុំជម្រះរបស់ព្រះ ដោយឲ្យពួកអ៊ីស្រាអែលជួបគ្រោះរាំងស្ងួត មិនទាន់បានយូរប៉ុន្មានផង ព្រះទ្រង់ក៏បានបញ្ជូនគាត់ ទៅកន្លែងមួយ ដែលគ្មានមនុស្សរស់នៅ គឺនៅជ្រោះកេរីត ដែលនៅទីនោះ ព្រះទ្រង់បានប្រើសត្វក្អែក ឲ្យពាំអាហារមកឲ្យលោកអេលីយ៉ាជារៀងរាល់ថ្ងៃ ហើយក៏បានប្រទានឲ្យគាត់មានទឹកជ្រោះផឹកផង(១ពង្សាវតាក្សត្រ ១៧:១-៤)។
ប៉ុន្តែ ភាពរាំងស្ងួតក៏បានកើតឡើងមែន។ ទឹកជ្រោះក៏បានប្រែក្លាយជាទឹកអូរដ៏តូចមួយ ហើយយូរៗទៅ នៅសល់តែចង្អូរទឹកហូរដ៏តូច។ នៅពេលដែលទឹកជ្រោះនោះរីងស្ងួតអស់ ព្រះអម្ចាស់ក៏បានមានបន្ទូលប្រាប់គាត់ថា “ចូរក្រោកឡើង ទៅឯសារិបតា ជាទីក្រុងរបស់ពួកស៊ីដូនអាស្រ័យនៅទីនោះវិញចុះ អញបានបង្គាប់ស្រីមេម៉ាយម្នាក់នៅទីនោះ ឲ្យចិញ្ចឹមឯង”(ខ.៩)។ ស្រុកសារិបតា មានទីតាំងនៅក្នុងនគរស៊ីដូន ដែលប្រជាជននៅទីនោះ ជាខ្មាំងសត្រូវរបស់ពួកអ៊ីស្រាអែល។ តើមាននរណាផ្តល់ជម្រកឲ្យលោកអេលីយ៉ានៅទីនោះឬទេ? ហើយតើស្រ្តីមេម៉ាយក្រីក្រ មានអាហារសម្រាប់រំលែកឲ្យគាត់ដែរឬទេ?
មនុស្សភាគច្រើនសុខចិត្តឲ្យព្រះទ្រង់ផ្គត់ផ្គង់ជាបរិបូរ ឲ្យបានរយៈពេលយូរ មុនពេលធនធានរបស់ខ្លួនរីងស្ងួតអត់ ជាជាងសូមឲ្យទ្រង់ប្រទានឲ្យខ្លួនមានធនធានល្មម តែនឹងរស់នៅរៀងរាល់ថ្ងៃ។ ប៉ុន្តែ ព្រះវរបិតានៃយើងបានខ្សិបថា ចូរទុកចិត្តខ្ញុំចុះ ។ គ្មានការអ្វីដែលទ្រង់ធ្វើមិនកើតនោះឡើយ គឺមិនខុសពីការដែលទ្រង់បានប្រើសត្វក្អែក និងស្រ្តីមេម៉ាយ ឲ្យផ្គត់ផ្គង់លោកអេលីយ៉ានោះឡើយ។ យើងអាចទុកចិត្តលើការផ្គត់ផ្គង់របស់ទ្រង់ ដោយផ្អែកទៅលើសេចក្តីស្រឡាញ់ និងអំណាចរបស់ទ្រង់។-POH FANG CHIA