ពេលដែលខ្ញុំកំពុងសរសេរអត្ថបទ នៅក្នុងកំព្យូទ័ររបស់ខ្ញុំ ខ្ញុំក៏បានចាប់អារម្មណ៍នឹងសម្លេងរោទ៍ ជាសញ្ញាបញ្ជាក់ថា មានគេផ្ញើអ៊ីមែល ឬសារអេឡិចត្រូនិចមួយ មកដល់ខ្ញុំហើយ។ តាមធម្មតា ខ្ញុំបានព្យាយាមប្រឆាំងនឹងការល្បួង ដែលចេះតែធ្វើឲ្យខ្ញុំចង់បើកមើលអ៊ីមែលនីមួយៗ ប៉ុន្តែ ខ្ញុំក៏បានឃើញចំណងជើងរបស់សារមួយនោះ ដែលគេបានដាក់ថា “អ្នកជាព្រះពរ” ធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ខ្លាំងណាស់។
ដោយចិត្តអន្ទះសារ ខ្ញុំក៏បានបើកវាមើល ហើយក៏បានដឹងថា មានមិត្តភក្តិដែលកំពុងរស់នៅឆ្ងាយពីខ្ញុំ កំពុងប្រាប់ខ្ញុំថា នាងកំពុងអធិស្ឋានឲ្យក្រុមគ្រួសារខ្ញុំ។ ជារៀងរាល់សប្តាហ៍ នាងបានដាក់តាំងកាតបុណ្យណូអែលមួយសន្លឹក នៅក្នុងចានគោមមួយ នៅលើតុផ្ទះបាយ ដែលនាងហៅថា “ចោនគោមនៃព្រះពរ” ហើយក៏បានអធិស្ឋានឲ្យក្រុមគ្រួសារដែលបានផ្ញើកាតនោះឲ្យនាង។ នាងបានសរសេរក្នុងអីមែលនោះថា “ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយព្រោះគ្រប់ទាំងសេចក្តី ដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា”(ភីលីព ១:៣) ហើយក៏បាននិយាយសង្កត់ធ្ងន់ អំពីការប្រឹងប្រែងរបស់យើង នៅក្នុងការចែកផ្សាយសេចក្តីស្រឡាញ់របស់ព្រះ ជាមួយអ្នកដទៃ ដោយយើងជា “ដៃគូ” ក្នុងដំណឹងល្អ។
ត្រង់ចំណុចនេះ មិត្តភក្តិខ្ញុំបានដកស្រង់ពាក្យសម្តីរបស់សាវ័កប៉ុល ក្នុងសំបុត្រដែលគាត់បានសរសេរផ្ញើទៅពួកជំនុំ នៅក្រុងភីលីព ធ្វើឲ្យខ្ញុំមានអំណរ ដូចអ្នកអានសំបុត្ររបស់សាវ័កប៉ុល ដែលបានថ្លែងអរព្រះគុណព្រះ។ សាវ័កប៉ុលហាក់ដូចជាមានទម្លាប់ ថ្លែងអរព្រះគុណព្រះ សម្រាប់អ្នកដែលបានធ្វើការបម្រើព្រះ ជាមួយគាត់។ ជាក់ស្តែង នៅក្នុងសេចក្តីផ្តើម នៃសំបុត្រជាច្រើនទៀត ដែលគាត់បានសរសេរ គាត់បានប្រើឃ្លាអរព្រះគុណ ស្រដៀងនឹងឃ្លានេះថា “ខ្ញុំសូមអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយនូវព្រះយេស៊ូវគ្រីស្ទ ពីដំណើរអ្នករាល់គ្នា ដោយឮគេថ្លែងប្រាប់ នៅគ្រប់ក្នុងលោកីយ៍ទាំងមូល ពីសេចក្តីជំនឿរបស់អ្នករាល់គ្នា”(រ៉ូម ១:៨)។
កាលពីសតវត្សរ៍ទី១ សាវ័កប៉ុលបាននាំព្រះពរដល់អ្នកដែលបានបម្រើព្រះជាមួយគាត់ ដោយផ្ញើសំបុត្រថ្លែងអរព្រះគុណ ដែលនោះក៏ជាការអធិស្ឋានឲ្យពួកគេ។ នៅសតវត្សរ៍ទី២១នេះ មិត្តភក្តិខ្ញុំបានប្រើចានគោមនៃព្រះពរ ដើម្បីនឹកចាំ ហើយការអធិស្ឋាន សូមក្តីអំណរសម្រាប់ការរស់នៅរបស់ខ្ញុំប្រចាំថ្ងៃ។ តើនៅថ្ងៃនេះ យើងចង់អរព្រះគុណព្រះ ដោយរបៀបណាខ្លះ សម្រាប់អ្នកដែលបានបម្រើព្រះ ជាមួយយើង?-ELISA MORGAN