ហេតុ​អ្វី​ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​៥​លាន​នាក់  បាន​បង់​លុយ​ឲ្យ​គេ ដើម្បី​ឲ្យ​បាន​ចូល​រួម​ការ​រត់​ប្រណាំង ជា​ច្រើន គីឡូ​ម៉ែត្រ ដោយ​ឆ្លង​កាត់​ឧប​ស័គ្គ​ជា​ច្រើន​ដំណាក់ ដែល​មាន​ដូច​ជា ការ​ឡើង​ជញ្ជាំង​ចោទ​ៗ ការ​លុយ​ភក់ និង​ឡើងតាម​បំពង់​បញ្ឈរ​ដ៏​ធំ​មួយ ដែល​មាន​ទឹក​ធ្លាក់​មក​លើ​ពួក​គេ​ជា​ដើម? អ្នក​ខ្លះ​យល់​ថា ការ​ធ្វើ​ដូច​នេះ គឺ​ជា​ការ​តស៊ូ​ផ្ទាល់​ខ្លួន ដើម្បី​ជំរុញ​ខ្លួន​ឯង​ឲ្យ​មាន​ការ​អត់​ធន់​កាន់​តែ​ខ្លាំង ឬ​ដើម្បី​ជម្នះ​ការ​ភ័យ​ខ្លាច​របស់​ខ្លួន​ឯង។ អ្នក​ខ្លះ​ទៀត ចាប់​អារម្មណ៍​នឹង​ការ​រួប​រួម​គ្នា​ជា​ក្រុម ដែល​ក្នុង​នោះ អ្នក​ប្រ​កួត​ទាំង​ឡាយ​ជួយ និង​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក។ មាន​មនុស្ស​ម្នាក់​បាន​ហៅ​ការ​ប្រកួត​នោះ​ថា “តំបន់​ដែល​គ្មាន​ការ​កាត់​ទោស” ដែល​ក្នុង​នោះ មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា បាន​ឈោង​ទៅ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រត់​ទៅ​ឲ្យ​ដល់​ទី​ទាំង​អស់​គ្នា(Stephanie Kanowitz, The Washington Post)។

ព្រះ​គម្ពីរ​បាន​ជំរុញ​យើង ឲ្យ​ខិត​ខំ​ធ្វើ​ការ​ជា​ក្រុម ធ្វើ​ជា​គំរូ​នៃសេច​ក្តី​ជំនឿ ក្នុង​ព្រះ​យេស៊ូវ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង  ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ”(ហេព្រើរ ១០:២៤-២៥)។

គោល​ដៅ​របស់​យើង គឺ​មិន​មែន​ដើម្បី “ទៅ​ដល់​ទី” នៃ​សេចក្តី​ជំនឿ​ឲ្យ​បាន​មុន​គេ​នោះ​ទេ ប៉ុន្តែ គឺ​ត្រូវ​ឈោង​ទៅ​រក​គ្នា ដោយ​ការ​លើក​ទឹក​ចិត្ត​ទៅ​វិញ​ទៅ​មក ធ្វើ​ជា​គំរូ​ដ៏​ល្អ ហើយ​ផ្តល់​ជំនួយ​ដល់​គ្នា នៅ​តាម​ផ្លូវ​នៃ​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ​។

ថ្ងៃ​ណា​មួយ យើង​នឹង​បាន​ដល់​ទី​បញ្ចប់​នៃ​ជីវិត​យើង នៅ​លើ​ផែន​ដី​នេះ។ ទំរាំ​តែ​ដល់​ពេល​នោះ ចូរ​យើង​លើក​ទឹក​ចិត្តគ្នា ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ជួយ​គ្នា ហើយ​បន្ត​យិត​យោង​គ្នា ជា​រៀង​រាល់​ថ្ងៃ​ផង។—DAVID C. MCCASLAND