កាលនៅពីក្មេង ខ្ញុំមើលឪពុកខ្ញុំភ្ជួរស្រែ ដែលគេមិនដែលដាំដុះអ្វីពីមុនមក។ នៅក្នុងការភ្ជួរជើងទីមួយ ផ្លែនង្គ័លក៏បានប៉ះថ្មធំៗរបើកចេញពីក្នុងដី ហើយគាត់ក៏បានយកថ្មទាំងនោះចេញ។ រួចគាត់ក៏បានភ្ជួរស្រែកន្លែងដដែលនោះម្តងហើយ ម្តងទៀត ដើម្បីបំបែកដីបន្ថែមទៀត។ ក្នុងការភ្ជួរដី ក្នុងជើងនីមួយៗ គាត់ក៏បានគាស់ថ្មផ្សេងទៀត គឺថ្មដែលតូចជាងមុន ដែលគាត់ត្រូវគ្រវែងចោល។ ដំណើរការនៃការភ្ជួរដីនេះក៏បានបន្ត ដែលទាមទារឲ្យមានការភ្ជួរជាច្រើនជើង ពេញក្នុងវាលនោះ។
យ៉ាងណាមិញ ការលូតលាស់ ក្នុងព្រះគុណព្រះ ក៏អាចមានលក្ខណៈស្រដៀងនឹងការភ្ជួរស្រែរបស់ឪពុកខ្ញុំផងដែរ។ ពេលដែលយើងទើបតែក្លាយជាគ្រីស្ទបរិស័ទ អំពើបាបធំៗ មួយចំនួន អាចត្រូវបានបង្ហាញចេញមក។ យើងក៏បានសារភាពអំពើបាបទាំងនោះ នៅចំពោះព្រះ ហើយទទួលការអត់ទោសបាបរបស់ទ្រង់។ ប៉ុន្តែ ជាច្រើនឆ្នាំក្រោយមក ពេលដែលព្រះបន្ទូលព្រះបានជ្រាបចូលជ្រៅបំផុត ក្នុងជីវិតយើង ព្រះវិញ្ញាណបរិសុទ្ធក៏បានបើកបង្ហាញឲ្យយើងឃើញ អំពើបាបដទៃទៀត ដែលកប់ទុកក្នុងជីវិតយើង។ យើងប្រហែលជាគិតថា អំពើបាបទាំងនោះ ជាអំពើបាបតូចតាច គ្មានអ្វីធំដំទេ ប៉ុន្តែ ព្រះទ្រង់ក៏បានបើកបង្ហាញឲ្យយើងដឹងថា វាជាអំពើបាបដ៏អាក្រក់ ដែលជាអាកប្បកិរិយ៉ា និងទង្វើដែលបង្ខូចបំផ្លាញ។ អំពើបាបទាំងនោះ មានដូចជាសេចក្តីអំណួត ការរអ៊ូរទាំ ការព្រួយបារម្ភ បុរេវិន្និច្ឆ័យ ការព្យាបាទ ការបំពេញការសប្បាយជ្រុល។
ព្រះទ្រង់បើកបង្ហាញអំពើបាបនីមួយៗ ដើម្បីឲ្យយើងអនុញ្ញាតឲ្យទ្រង់ បោះអំពើបាបទាំងនោះចោល។ ទ្រង់បើកបង្ហាញ ដើម្បីប្រោសយើងឲ្យជា។ ពេលដែលអាកប្បកិរិយ៉ា ដែលជាអំពើបាបដ៏គ្រោះថ្នាក់បានលេចចេញមក យើងអាចអធិស្ឋានតាមលំនាំរបស់ស្តេចដាវីឌថា “ឱព្រះអម្ចាស់ សូមអត់ទោសការទុច្ចរិត ដ៏មានទំងន់របស់ទូលបង្គំផង ដោយយល់ដល់ព្រះនាមទ្រង់”(ទំនុកដំកើង ២៥:១១)។
ព្រះទ្រង់បើកបង្ហាញអំពើបាបរបស់យើង ឲ្យយើងបានដឹង ហើយបន្ទាបខ្លួន ទោះជាយើងមានការឈឺចាប់ក្តី តែការបើកបង្ហាញនេះមានប្រយោជន៍ចំពោះវិញ្ញាណយើងណាស់។ ព្រះទ្រង់ក៏បានបង្រៀនមនុស្សមានបាប ឲ្យស្គាល់ផ្លូវទ្រង់ តាមរបៀបនេះផងដែរ។ ទ្រង់នឹងបង្ហាត់មនុស្សមានបាបឲ្យតាមផ្លូវទ្រង់វិញ ទ្រង់នឹងនាំមនុស្សសុភាពក្នុងសេចក្តីយុត្តិធម៌ ហើយនឹងបង្រៀនមនុស្សរាបទាប ឲ្យស្គាល់ផ្លូវទ្រង់(ខ.៨-៩)។—DAVID H. ROPER