មនុស្ស​ខ្លះ​ចេះ​តែ​មើល​ទៅ​លោកិយ ឃើញ​តែ​បញ្ហា។ លោក​ដេវីត ចូនស៍(DeWitt Jones) ជា​ជាង​ថត​របស់​ទូរទស្សន៍​ប៉ុស្ទ នេសិននល ជីអូក្រាហ្វ៊ីក។ គាត់​បាន​ប្រើ​អាជីព​របស់​គាត់ ដើម្បី​បង្ហាញ​នូវ​ចំណុច​ល្អ​ៗ របស់​ពិភព​លោក​។ មុន​នឹង​គាត់​ថត​រូប គាត់​រង់​ចាំ​មើល​ពន្លឺ ដែល​ភ្លឺ​ល្អ ដែល​នាំ​ឲ្យ​គាត់​មើល​ឃើញ​រូប​ភាព​ដ៏​អស្ចារ្យ​ ដែល​បានបង្កប់​ខ្លួន នៅ​ទីនោះ​ជា​យូរ​មក​ហើយ។ គាត់​បាន​ប្រើ​ម៉ាស៊ីន​ថត​រូប​របស់​គាត់ ដើម្បី​ស្វែង​រក​សម្រស់​ ដែល​លេច​ឡើងនៅ​លើ​ផ្ទៃ​មុខ​មនុស្ស និង​ធម្ម​ជាតិ​ដ៏​សាមញ្ញ។

មនុស្ស​ជា​ច្រើន​មាន​ហេតុ​ផល ដែល​ត្រូវ​ផ្តោត​ទៅ​លើ​ចំណុច​អវិជ្ជ​មាន​របស់​ពិភព​លោក ដែល​ក្នុង​នោះ ក៏​មាន​លោក​យ៉ូប​ផង​ដែរ។ បន្ទាប់​ពី​គាត់​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង ដែល​នាំ​ឲ្យ​គាត់​មាន​អំណរ សូម្បី​តែ​មិត្ត​ភក្តិ​គាត់​ក៏​បាន​ក្លាយ​ជាអ្នក​ចោទ​ប្រកាន់​មក​លើ​គាត់​ផង​ដែរ។ ពួក​គេ​ក៏​បាន​ប្រាប់​លោក​យ៉ូប​ថា គាត់​មាន​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នោះ គឺ​ដោយ​សារ​អំពើ​បាប​ដែល​គាត់​បាន​លាក់​ទុក។ ពេល​លោក​យ៉ូប​ស្រែក​រក​ព្រះ ទ្រង់​នៅ​តែ​ស្ងាត់​ស្ងៀម មិន​ឃើញ​ឆ្លើយ​តប​ចំពោះ​គាត់។

ទី​បំផុត នៅ​ក្នុង​ភាព​វឹក​វរ​នៃ​ខ្យល់​ព្យុះ​កំបុត​ត្បូង និង​ភាព​ងងឹត​នៃ​ជីវិត​របស់​លោក​យ៉ូប ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​គាត់ ពិចារណា​អំពី​ភាព​អស្ចារ្យ​ក្នុង​ធម្មជាតិ ដែល​បាន​ឆ្លុះ​បញ្ចាំង ឲ្យ​ឃើញ​ប្រាជ្ញា និង​អំណាចរបស់ទ្រង់ ​ដែល​យើង​មិន​មាន​ដល់​ទ្រង់(យ៉ូប ៣៨:២-៤)។

បើ​យើង​កំពុង​តែ​មាន​គំនិត​អវិជ្ជ​មាន តើ​ទ្រង់​នឹង​មិន​ឲ្យ​យើង​ពិចារណា អំពី​ភាព​អស្ចារ្យ​នៃ​ធម្មជាតិ​ដែរ​ទេ​ឬ? ចុះ​ចំណែក​ឯ​ធម្ម​ជាតិ​នៃ​សត្វ​បក្សី​ដែល​ហើរ​លើ​អាកាស ស្លឹក​ឈើ​ដែល​បក់​រវិច ឬ​វាល​ស្មៅ​ដ៏​ធំ​ល្វឹង​ល្វើយ តើ​យើង​នឹង​រក​ឃើញ​ភាព​អស្ចារ្យ​ដែរ​ឬ​ទេ? នៅ​ក្នុង​ពេល​ដ៏​ឈឺ​ចាប់ តើ​យើង​នឹង​ពិចារ​ណា អំពី​ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អាទិករ ហើយ​គិត​ឃើញ​គំនិត និង​ព្រះ​ទ័យ​របស់​ទ្រង់ ដែល​បាន​គង់​នៅ​ជា​មួយ​យើង តាំង​ពី​យូរ​មក​ហើយឬ​ទេ? ពេល​យើង​មើល​ឃើញ​ភាព​អស្ចារ្យ​របស់​ទ្រង់​ហើយ យើង​អាច​សរសើរ​ដំកើង និង​អរ​ព្រះ​គុណ​ទ្រង់ នោះ​ទុក្ខ​លំបាក​របស់​យើង​ក៏​នឹង​ថយ​ចុះ​ផង​ដែរ។ —MART DEHAAN