ទូរស័ព្ទខ្ញុំបានរោទ៍ឡើង ជាសញ្ញាបង្ហាញថា មានគេផ្ញើសារមកទូរស័ព្ទខ្ញុំហើយ។ កូនស្រីរបស់ខ្ញុំបានផ្ញើសារមកសួរខ្ញុំ អំពីរបៀបធ្វើនំដាក់ការ៉េម លាយជីអង្កាម តាមគំរូរបស់ជីដូនរបស់ខ្ញុំ។ ខណៈពេលដែលខ្ញុំបើកមើលកាតពណ៌លឿង ក្នុងប្រអប់ចាស់មួយដែលមានដាក់ក្បួនធ្វើម្ហូប ខ្ញុំក៏បានមើលឃើញអក្សរដែលជីដូនរបស់ខ្ញុំបានសរសេរ មានលក្ខណៈពិសេសខុសពីគេ និងក្រដាស់កត់ត្រាបីបួនសន្លឹក ដែលម្តាយខ្ញុំបានសរសេរអក្សរតូចៗ ជាប់គ្នារដឹតពីលើ។ ខ្ញុំក៏បានគិតថា ដោយសារកូនស្រីរបស់ខ្ញុំបានសុំក្បួនធ្វើនំ តាមគំរូរបស់ម្តាយខ្ញុំ នោះនំនេះបានចូលទៅក្នុងជំនាន់ទី៤ នៃគ្រួសារខ្ញុំហើយ។
ខ្ញុំឆ្ងល់ថា តើគ្រួសារដទៃទៀត បានបន្សល់ទុកនូវកេរដំណែលអ្វីខ្លះ ពីមួយជំនាន់ទៅមួយជំនាន់ទៀត? តើគេបានបន្សល់ទុកនូវកេរដំណែលនៃសេចក្តីជំនឿ ឲ្យអ្នកជំនាន់ក្រោយឬទេ? ក្រៅពីក្បួនធ្វើនំ តើសេចក្តីជំនឿរបស់ជីដូនខ្ញុំ ហើយនិងខ្ញុំបានជះឥទ្ធិពលមកលើកូនស្រី និងកូនចៅរបស់នាងដែរឬទេ?
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៧៩ អ្នកនិពន្ធ បានពោលទំនួញ អំពីប្រជាជនអ៊ីស្រាអែលដែលបានដើរផ្លូវខុស ដោយលះបង់កេរដំណែលនៃសេចក្តីជំនឿរបស់ខ្លួន។ គាត់បានអង្វរព្រះ ឲ្យជួយរំដោះរាស្រ្តទ្រង់ ឲ្យរួចពីពួកមនុស្សដែលមិនកោតខ្លាចព្រះ ហើយស្អាងទីក្រុងយេរូសាឡិម ឲ្យមានភាពសុខសាន្តឡើងវិញ។ ពេលដែលព្រះទ្រង់ស្អាងរាស្ត្រទ្រង់ឡើងវិញហើយ គាត់ប្តេជ្ញាថា នឹងដើរតាមផ្លូវរបស់ទ្រង់ ជារៀងរហូត។ គឺដូចមានសេចក្តីចែងថា “យ៉ាងនោះ យើងខ្ញុំ ជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀមនៅទីគង្វាលទ្រង់ យើងខ្ញុំនឹងអរព្រះគុណដល់ទ្រង់ជាដរាបតទៅ យើងខ្ញុំនឹងសំដែងសេចក្តីសរសើររបស់ទ្រង់ នៅអស់ទាំងដំណតរៀងទៅ(ខ.១៣)។
ខ្ញុំក៏បានប្រញាប់ចែករំលែកក្បួនធ្វើនំនោះ ដល់កូនស្រីខ្ញុំ ដោយមិនបង្អង់យូរ ដោយដឹងថា កេរដំណែលនៃក្បួនធ្វើបង្អែមរបស់ជីដូនខ្ញុំ នឹងបានបន្តទៅដល់មនុស្សមួយជំនាន់ទៀត ក្នុងគ្រួសារយើង។ ហើយខ្ញុំក៏បានអធិស្ឋានដោយស្មោះត្រង់ សូមឲ្យមានកេរដំណែលដែលស្ថិតស្ថេរបំផុត ដែលជាឥទ្ធិពលនៃសេចក្តីជំនឿរបស់ក្រុមគ្រួសារខ្ញុំ ដែលបន្ត ជាច្រើនជំនាន់ទៀត។—ELISA MORGAN