ក្នុងនាមជាមនុស្ស យើងចេះតែស្វែងរកពត៌មាន ដែលស្របនឹងទស្សនៈរបស់យើង។ អ្នកស្រាវជ្រាវបានបង្ហាញថា យើងច្រើនតែស្វែងរកពត៌មាន ដែលគាំទ្រគំនិតរបស់យើង គឺស្វែងរកជាញឹកញាប់ទ្វេរដង។ ពេលដែលយើងមានការប្តូរផ្តាច់ចំពោះគំនិតរបស់យើង យើងច្រើនតែមិនចង់ឲ្យគំនិតអ្នកដទៃ មកប្រឆាំងនឹងគំនិតរបស់យើងឡើយ។
ការនេះ គឺមិនខុសពីរឿងស្តេចអ័ហាប់ ដែលដឹកនាំទឹកដីអ៊ីស្រាអែល ពីសម័យដើមឡើយ។ ពេលទ្រង់ និងស្តេចយ៉ូ សាផាត ដែលជាស្តេចរបស់នគរយូដា ពិភាក្សាគ្នាថា តើពួកគេគួរតែទៅធ្វើសង្រ្គាមទាស់នឹង ក្រុងរ៉ាម៉ូត-កាឡាតឬអត់ ស្តេចអ័ហាប់ក៏បានប្រមូលពួកហោរា៤០០នាក់ ដែលទ្រង់បានជ្រើសរើសដោយខ្លួនឯង ដើម្បីឲ្យថ្លែងតែអ្វី ដែលទ្រង់ចង់ឮ ដើម្បីឲ្យទ្រង់ និងស្តេចយ៉ូសាផាតធ្វើការសម្រេចព្រះទ័យ។ ពួកហោរាទាំងនោះ សុទ្ធតែទូលថា “ទ្រង់គួរតែលើកទ័ពទៅច្បាំង ដ្បិត ព្រះទ្រង់នឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ”(២របាក្សត្រ ១៨:៥)។ តែយ៉ូសាផាតសួរថា នៅទីនេះតើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរពីគាត់ដែរទេឬអី? ស្តេចអ័ហាប់ក៏បានឆ្លើយតប ដោយស្ទាក់ស្ទើរ ព្រោះលោកមីកាយ៉ា ដែលជាហោរារបស់ព្រះ “មិនដែលថ្លែងទំនាយល្អពីទ្រង់សោះ គឺចេះតែទាយអាក្រក់ពីទ្រង់ប៉ុណ្ណោះ”(ខ.៧)។ ជាការពិតណាស់ លោកមីកាយ៉ាក៏បានទូលស្តេចទាំងពីរអង្គថា ពួកទ្រង់នឹងមិនទទួលបានជ័យជម្នះឡើយ ហើយប្រជាជនអ៊ីស្រាអែលនឹងខ្ចាត់ខ្ចាយ នៅលើភ្នំ(ខ.១៦)។
ពេលខ្ញុំអានរឿងរបស់ពួកគេ ខ្ញុំក៏ដឹងផងដែរថា ខ្ញុំក៏ចេះតែជៀសវាងយោបលដែលខ្ញុំមិនចង់ស្តាប់ ទោះយោបលនោះប្រកបដោយប្រាជ្ញាក៏ដោយ។ ក្នុងរឿងរបស់ស្តេចអ័ហាប់ លទ្ធផលនៃការស្តាប់តាម “ពួកហៃអើៗ”ទាំង៤០០នាក់របស់ទ្រង់ បាននាំមកនូវសេចក្តីហិនវិនាស(ខ.៣៤)។ ចូរយើងស្ម័គ្រចិត្តស្វែងរក និងស្តាប់តាមសម្លេងនៃសេចក្តីពិត ដែលជាព្រះបន្ទូលព្រះក្នុងព្រះគម្ពីរ ទោះខុសនឹងទស្សនៈរបស់យើងក៏ដោយ។—KIRSTEN HOLMBERG