ក្នុង​នាម​ជា​មនុស្ស យើង​ចេះ​តែ​ស្វែង​រក​ពត៌​មាន ដែល​ស្រប​នឹង​ទស្សនៈ​របស់​យើង។ អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា យើង​ច្រើន​តែ​ស្វែង​រក​ពត៌​មាន ដែល​គាំ​ទ្រ​គំនិត​របស់​យើង គឺស្វែង​រក​ជា​ញឹក​ញាប់​ទ្វេរ​ដង។ ពេល​ដែល​យើង​មាន​ការ​ប្តូរ​ផ្តាច់​ចំពោះ​គំនិត​របស់​យើង យើង​ច្រើន​តែ​មិន​ចង់​ឲ្យ​គំនិត​អ្នក​ដទៃ មក​ប្រឆាំង​នឹង​គំនិត​របស់​យើង​ឡើយ។

ការ​នេះ គឺ​មិន​ខុស​ពី​រឿង​ស្តេច​អ័ហាប់ ដែល​ដឹក​នាំ​ទឹក​ដី​អ៊ីស្រាអែល ពី​សម័យ​ដើម​ឡើយ។ ពេល​ទ្រង់ និង​ស្តេច​យ៉ូ សា​ផាត ដែល​ជា​ស្តេច​របស់​នគរ​យូដា ពិភាក្សា​គ្នា​ថា តើ​ពួក​គេ​គួរ​តែ​ទៅ​ធ្វើ​សង្រ្គាម​ទាស់​នឹង ​ក្រុង​រ៉ាម៉ូត-កាឡាត​ឬអត់ ស្តេច​អ័ហាប់​ក៏​បាន​ប្រមូល​ពួកហោរា​៤០០​នាក់ ដែល​ទ្រង់​បាន​ជ្រើស​រើស​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ថ្លែង​តែ​អ្វី ដែល​ទ្រង់​ចង់​ឮ ដើម្បី​ឲ្យ​ទ្រង់ និង​ស្តេច​យ៉ូសាផាត​ធ្វើ​ការ​សម្រេច​ព្រះ​ទ័យ។ ពួក​ហោរា​ទាំង​នោះ សុទ្ធ​តែ​ទូល​ថា “ទ្រង់​គួរ​តែ​លើក​ទ័ព​ទៅ​ច្បាំង ដ្បិត ព្រះ​ទ្រង់​នឹង​ប្រគល់​គេ​មក ក្នុង​កណ្តាប់​ព្រះហស្ត​នៃ​ព្រះករុណា​ហើយ”(២របាក្សត្រ ១៨:៥)។ តែ​យ៉ូសាផាត​សួរ​ថា នៅ​ទី​នេះ​តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះយេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​ពី​គាត់​ដែរ​ទេ​ឬ​អី? ស្តេចអ័ហាប់ក៏​បាន​ឆ្លើយ​តប ដោយ​ស្ទាក់​ស្ទើរ  ព្រោះ​លោក​មីកាយ៉ា​ ដែល​ជា​ហោរា​របស់​ព្រះ “មិន​ដែល​ថ្លែង​ទំនាយ​ល្អ​ពី​ទ្រង់​សោះ គឺ​ចេះ​តែ​ទាយ​អាក្រក់​ពី​ទ្រង់​ប៉ុណ្ណោះ”(ខ.៧)។ ជា​ការ​ពិត​ណាស់ លោក​មីកាយ៉ា​ក៏​បាន​ទូល​ស្តេច​ទាំង​ពីរ​អង្គ​ថា ពួក​ទ្រង់​នឹង​មិន​ទទួល​បាន​ជ័យ​ជម្នះ​ឡើយ ហើយ​ប្រជាជន​អ៊ីស្រាអែល​នឹង​ខ្ចាត់​ខ្ចាយ នៅ​លើ​ភ្នំ(ខ.១៦)។

ពេល​ខ្ញុំ​អាន​រឿង​របស់​ពួក​គេ ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា ខ្ញុំ​ក៏​ចេះ​តែ​ជៀស​វាង​យោបល​ដែល​ខ្ញុំ​មិន​ចង់​ស្តាប់ ទោះ​យោបល​នោះប្រកប​ដោយ​ប្រាជ្ញា​ក៏​ដោយ។ ក្នុង​រឿង​របស់​ស្តេច​អ័ហាប់ លទ្ធ​ផល​នៃ​ការ​ស្តាប់​តាម “ពួក​ហៃ​អើៗ”ទាំង​៤០០​នាក់របស់​ទ្រង់ បាន​នាំ​មក​នូវ​សេចក្តី​ហិន​វិនាស​(ខ.៣៤)។ ចូរ​យើង​ស្ម័គ្រ​ចិត្ត​ស្វែង​រក និង​ស្តាប់​តាម​សម្លេង​នៃ​សេចក្តី​ពិត ដែល​ជា​ព្រះ​បន្ទូល​ព្រះ​ក្នុង​ព្រះ​គម្ពីរ ទោះ​ខុស​នឹង​ទស្សនៈ​របស់​យើង​ក៏​ដោយ។—KIRSTEN HOLMBERG