ពេល​ដែល​លោក​អាសលី លូ(Ashley Liew) ដែល​ជា​កីឡាករ​រត់​ប្រណាំង ជម្រើស​ជាតិ​ប្រទេស​សឹង្ហ​បូរី ឃើញ​ខ្លួន​គាត់​កំពុង​តែ​រត់​ប្រណាំង​នាំ​មុខ​គេ ដាច់​ឆ្ងាយ​ពីក្រុម​កីឡាករ​ទាំង​ឡាយ ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុន ក្នុងការ​ប្រកួត​ស៊ី​ហ្គេម គាត់​ក៏​បានដឹង​ថា ការ​ប្រកួត​នេះ កំពុង​តែ​មាន​រឿង​មិន​ស្រួល​ហើយ។ គាត់​ក៏​បាន​ដឹង​ភ្លាម​ថា កីឡាករ​រត់​ប្រណាំង​ដែល​នាំ​មុខ បាន​បត់​តាម​ផ្លូវ​ខុស ហើយ​ឥឡូវ​នេះកំពុង​តែ​រត់​នៅ​ក្រោយ​គាត់។ លោក​អាសលី​អាច​កេង​ចំណេញ ពី​កំហុស​របស់​ពួកគេ ប៉ុន្តែ ចិត្ត​ជា​កីឡា​ករ បាន​ធ្វើ​ឲ្យ​គាត់​ចង់​ទទួល​ជ័យ​ជម្នះ​ដោយ​យុត្តិ​ធម៌។ គាត់​ចង់​ឈ្នះ ដោយ​សារ​គាត់​រត់​បានលឿន​ជាង​គេ គឺ​មិន​មែន​ដោយ​សារ​កីឡាករ​ដទៃ​ទៀត​មាន​កំហុស នៅ​ក្នុង​ការ​ប្រកួត​នោះ​ឡើយ។ គាត់​ក៏​បាន​អនុវត្តតាម​បញ្ញា​ចិត្ត​របស់​គាត់ ដោយ​បន្ថយ​ល្បឿន ដើម្បី​ឲ្យ​ពួក​គេ​រត់​ទាន់​គាត់។

នៅ​ទី​បញ្ចប់ លោក​អាសលី​ក៏​បាន​ចាញ់​ការ​ប្រកួត ហើយ​ក៏​ខក​ខាន​មិន​បាន​ឈ្នះ​មេដាយ។ ប៉ុន្តែ គាត់​បាន​ឈ្នះ​ចិត្ត​ជន​រួម​ជាតិ​របស់​គាត់ និង​បាន​ទទួល​រង្វាន់​ជា​អន្តរ​ជាតិ សម្រាប់​ការ​ប្រកួត​ដោយ​យុត្តិ​ធម៌​របស់​គាត់។ ការ​នេះ​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ជំនឿ​របស់​គាត់ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ ហើយ​ក៏​ប្រហែល​ជា​បាន​ជំរុញ​ឲ្យ​អ្នក​ខ្លះ​សួរ​ថា “តើ​មាន​អ្វីជំរុញ​ចិត្ត​គាត់ ឲ្យ​ធ្វើ​ដូច​នេះ?”

រឿង​របស់​លោក​អាសលី​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​ចែក​ផ្សាយ​ជំនឿ​របស់​ខ្ញុំ តាម​រយៈ​សកម្មភាព​របស់​ខ្ញុំ។ ការ​ប្រព្រឹត្ត​ដ៏តូច ដោយ​ការ​ចេះ​គិត​ពី​អ្នក​ដទៃ ឬ​សេចក្តី​សប្បុរស ឬ​ក៏​ការ​អត់​ឱន​ទោស អាច​ថ្វាយ​សិរីល្អ​ដល់​ព្រះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ត្រូវ​ឲ្យ​អ្នក​សំដែង​ខ្លួន ទុក​ជា​គំរូ​ពី​ការ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេ កុំ​ឲ្យ​គេ​ប្រព្រឹត្ត​ខូច​អាក្រក់​ឡើយ តែ​ឲ្យ​មាន​ចិត្ត​នឹងធឹង​វិញ ព្រម​ទាំង​ពាក្យ​សំដី​ត្រឹម​ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន​ផង”(ទីតុស ២:៧-៨)។

អំពើ​ល្អ​ដែល​យើង​ធ្វើ​ដល់​អ្នក​ដទៃ អាច​បង្ហាញ​លោកិយ ឲ្យ​ឃើញ​ថា យើង​អាច​រស់​នៅ​ខុស​ពី​អ្នក​ដទៃ ឬ​ខុស​ពី​មុន ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​យើង។ ទ្រង់​នឹង​ប្រទាន​ព្រះ​គុណ ឲ្យ​យើង​បដិសេធ​មិន​ព្រម​ធ្វើ​អំពើបាប ឬ​មាន​បំណង​ចិត្ត​ខុស ហើយ​រស់​នៅ​ក្នុង​ជីវិត​ដែល​ត្រឹម​ត្រូវ ដែល​នាំ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះ(ខ.១១-១២)។—LESLIE KOH