ពេលដែលមិត្តរួមការងារម្នាក់បានទូរស័ព្ទមកសុំច្បាប់ ពេលគាត់មានជម្ងឺ ដោយសារការឈឺចាប់ជាពន់ពេក ម្នាក់ៗនៅការិយ៉ាល័យក៏មានការព្រួយបារម្ភពីគាត់។ បន្ទាប់ពីគាត់បានធ្វើដំណើរទៅមន្ទីរពេទ្យ ហើយសម្រាកនៅលើគ្រែបានមួយថ្ងៃ គាត់ក៏បានវិលត្រឡប់មកធ្វើការវិញ ហើយក៏បានបង្ហាញឲ្យយើងដឹងថា គ្រួសក្នុងតម្រងនោម គឺជាប្រភពនៃការឈឺចាប់របស់គាត់។ ពេលខ្ញុំឃើញរូបថតគ្រួសនោះ ខ្ញុំក៏បានជ្រួញចិញ្ចើម ដោយចិត្តអាណឹត ទាំងនឹកចាំអំពីគ្រួសក្នុងប្រម៉ាត់ ដែលខ្ញុំមានកាលពីប៉ុន្មានឆ្នាំមុន។ កាលនោះ ខ្ញុំក៏មានការឈឺចាប់ជាពន់ពេកផងដែរ។
តើវាគួរឲ្យចាប់អារម្មណ៍ឬទេ ដែលរបស់ដ៏តូចមួយ អាចធ្វើឲ្យរូបកាយទាំងមូលមានការឈឺចាប់យ៉ាងនេះ? ប៉ុន្តែ នេះជាការអ្វីដែលសាវ័កប៉ុលបានរៀបរាប់ក្នុងបទគម្ពីរ១កូរិនថូស ១២:២៦ ថា “បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា”។ ក្នុងជំពូក១២ ទាំងមូល សាវ័កប៉ុលបានប្រើពាក្យប្រៀបប្រដូច អំពីរូបកាយមួយ ដើម្បីពិពណ៌នា អំពីគ្រីស្ទបរិស័ទ នៅទូទាំងពិភពលោក។ ពេលសាវ័កប៉ុលមានប្រសាសន៍ថា “ព្រះទ្រង់បានផ្សំរូបកាយ”(ខ.២៤) គឺគាត់កំពុងនិយាយសំដៅរូបកាយទាំងមូលនៃព្រះគ្រីស្ទ ដែលរាប់បញ្ចូលគ្រីស្ទបរិស័ទទាំងអស់។ យើងរាល់គ្នាមានអំណោយទាន និងតួនាទីខុសៗគ្នា។ ប៉ុន្តែ ដោយសារយើងរាល់គ្នាសុទ្ធតែជាផ្នែកមួយនៃរូបកាយតែមួយ បើមនុស្សម្នាក់ឈឺចាប់ គឺយើងឈឺចាប់ទាំងអស់គ្នា។ ពេលដែលបងប្អូនរួមជំនឿម្នាក់ទទួលរងការបៀតបៀន មានទុក្ខសោក ឬទុក្ខលំបាក យើងក៏មានអារម្មណ៍ឈឺចាប់ គឺហាក់ដូចជាកំពុងតែឆ្លងកាត់ទុក្ខលំបាកនោះដោយផ្ទាល់ដែរ។
ការឈឺចាប់របស់មិត្តរួមការងាររបស់ខ្ញុំ បាននាំឲ្យគាត់ទទួលជំនួយ ដែលរូបកាយគាត់ត្រូវការ។ ក្នុងរូបកាយនៃព្រះគ្រីស្ទ ការឈឺចាប់របស់នរណាម្នាក់ បញ្ឈះយើងឲ្យមានចិត្តអាណិត ហើយធ្វើអ្វីមួយសម្រាប់គាត់។ យើងអាចអធិស្ឋានឲ្យគាត់ ផ្តល់ឲ្យនូវពាក្យលើកទឹកចិត្ត ឬធ្វើអ្វីមួយ ដែលជួយដល់ដំណើរការនៃការប្រោសឲ្យជា។ នេះហើយជារបៀបដែលរូបកាយព្រះគ្រីស្ទធ្វើការរួមគ្នា។—LINDA WASHINGTON