លោកគ្រូដាឡាស វីឡាត(Dallas Willard)ធ្លាប់មានប្រសាសន៍ នៅក្នុងសេចក្តីបង្រៀនរបស់គាត់ថា “អ្នកត្រូវតែកំចាត់ភាពប្រញាប់ប្រញាល់ ដោយមិនបន្ធូរដៃ”។ ពេលដែលមិត្តភក្តិរបស់ខ្ញុំពីរនាក់ បានដកស្រង់សម្តីនេះ មកប្រាប់ខ្ញុំ ម្តងហើយម្តងទៀត ខ្ញុំក៏បានដឹងថា ខ្ញុំចាំបាច់ត្រូវយកវាមកពិចារណា។ តើខ្ញុំកំពុងតែខ្ជះខ្ជាយពេលវេលា និងកម្លាំង ត្រង់ចំណុចណាខ្លះ? ដែលសំខាន់ជាងនេះទៀតនោះ តើខ្ញុំកំពុងតែប្រញាប់ប្រញាល់ទៅណា ដោយមិនបានស្វែងរកការដឹកនាំ និងជំនួយមកពីព្រះ? ជាច្រើនសប្តាហ៍ ជាច្រើនខែក្រោយមក ខ្ញុំក៏បាននឹកចាំ អំពីពាក្យសម្តីទាំងនោះ ហើយក៏បានរៀបចំខ្លួន ឲ្យងាកបែរមករកព្រះអម្ចាស់ និងប្រាជ្ញារបស់ទ្រង់វិញ។ ខ្ញុំក៏បានរំឭកខ្លួនឯង ឲ្យទុកចិត្តទ្រង់ ជាជាងពឹងផ្អែកទៅលើគំនិតខ្លួនឯង។
សរុបមក ការប្រញាប់ប្រញាល់ យ៉ាងវឹកវរ ហាក់ដូចជា ផ្ទុយនឹង “សេចក្តីសុខ ឬសន្តិភាពដ៏ពេញខ្នាត” ដែលហោរាអេសាយ បានមានប្រសាសន៍។ ព្រះអម្ចាស់ប្រទានអំណោយនៃសេចក្តីសុខសាន្តដ៏ពេញខ្នាត ដល់ “អ្នកដែលមានគំនិតជាប់តាមទ្រង់” ព្រោះពួកគេបានទុកចិត្តទ្រង់ (ខ.៣)។ ហើយទ្រង់សក្តិសមនឹងឲ្យយើងទុកចិត្ត នៅថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូត “ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច”(ខ.៤)។ ការទុកចិត្តព្រះ ដោយមានគំនិតជាប់តាមទ្រង់ គឺជាថ្នាំព្យាបាលជីវិតដែលមានភាពប្រញាប់ប្រញាល់។
ចុះចំណែកយើងវិញ? តើយើងមានអារម្មណ៍ថា យើងមានភាពប្រញាប់ប្រញាល់ ឬតក់ក្រហល់ឬទេ? យើងប្រហែលជាមានអារម្មណ៍ថា ខ្លួនមានសេចក្តីសុខសាន្ត ឬសន្តិភាពក្នុងចិត្ត។ ពុំនោះទេ យើងប្រហែលជាស្ថិតនៅចន្លោះកណ្តាល រវាងភាពប្រញាប់ប្រញាល់ និងការមានសន្តិភាពក្នុងចិត្ត។
ទោះយើងស្ថិតនៅក្នុងសភាពបែបណាក៏ដោយ នៅថ្ងៃនេះ ខ្ញុំសូមអធិស្ឋាន សូមឲ្យយើងអាចទុកភាពប្រញាប់ប្រញាល់ដោយឡែកសិន ហើយងាកមកទុកចិត្តព្រះអម្ចាស់វិញ ដែលទ្រង់មិនដែលធ្វើឲ្យយើងខកចិត្តឡើយ ហើយទ្រង់ក៏ប្រទានសន្តិភាព ឬសេចក្តីសុខសាន្តទ្រង់ដល់យើងផង។—AMY BOUCHER PYE