ក្នុង​វប្ប​ធម៌​អឺរ៉ុប តាម​ធម្មតា គេ​សួរ​គ្នា​ថា “តើ​អ្នក​មក​ពីណា?” យើង​ច្រើន​តែ​ប្រើ​សំណួរ​នេះ ដើម្បី​ឲ្យ​បាន​ស្គាល់​នរណា​ម្នាក់  ជា​បន្ថែម​ទៀត។ ប៉ុន្តែ មនុស្ស​ជា​ច្រើន មាន​ការ​ពិបាក នៅ​ក្នុង​ការ​ឆ្លើយ​សំណួរ​នេះ។ ជួន​កាល យើង​មិន​ចង់​ផ្តល់​ពត៌​មាន​លម្អឹត​អំពី​ខ្លួន​យើង​ទេ។

ក្នុង​កណ្ឌ​គម្ពីរ​ពួក​ចៅ​ហ្វាយ​ លោក​យែបថា ប្រហែល​ជា​មិន​ចង់​ឆ្លើយ​សំណួរ​នេះ​ ទាល់​តែ​សោះ។ បង​ប្អួន​ចុង​របស់​គាត់ ​បាន​បណ្តេញ​គាត់​ចេញ​ពី​ស្រុក​កំណើត​របស់​គាត់ នៅ​ស្រុក​កាឡាត ដោយ​សារ​គាត់​មាន​ដើម​កំណើត​ដ៏​គួរ​ឲ្យ​សង្ស័យ​។ ពួក​គេ​បាន​ស្រែក​ដាក់​គាត់​ថា “​ឯង​ជា​កូន​ខាង​ក្រៅ”(ពួកចៅហ្វាយ ១១:២)។ ជាក់​ស្តែង បទ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា ម្តាយ​របស់​គាត់ គឺ​ជា​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ(ខ.១)។

ប៉ុន្តែ លោក​យែប​ថា មាន​លក្ខណៈ​ជា​អ្នក​ដឹក​នាំ​ពី​កំណើត ហើយ​នៅ​ពេល​ដែល​ពួក​សាសន៍​ដទៃ​បាន​លើក​គ្នា​មក​វាយ​ស្រុក​កាឡាត ពួក​អ្នក​ដែល​បាន​ឲ្យ​គាត់​វេច​បង្វេច ចង់​ឲ្យ​គាត់​វិល​ត្រឡប់​មក​វិញ​ភ្លាម។ ពួក​គេ​ប្រាប់​គាត់​ថា “សូម​មក​ធ្វើ​ជា​មេទ័ព លើ​យើង​រាល់​គ្នា”(ខ.៦)។ លោក​យែបថា ក៏​បាន​សួរ​គេ​ថា “តើ​អ្នក​រាល់​គ្នា​មិន​បាន​ស្អប់​ខ្ញុំ ហើយ​បណ្តេញ​ចេញ​ពី​ផ្ទះ​ឪពុក​ខ្ញុំ​ទេ​ឬ​អី?”(ខ.៧)។ បន្ទាប់​ពី​គាត់​បាន​ទទួល​ការ​ធានា​ថា ពួក​គេ​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​គាត់​ដូច​មុន​ទៀត​ទេ គាត់​ក៏​បាន​យល់​ព្រម​ដឹក​នាំ​ពួក​គេ។ ព្រះ​គម្ពីរ​បាន​ចែង​ថា “ព្រះ​វិញ្ញាណ​នៃ​ព្រះយេហូវ៉ា ទ្រង់​ក៏​មក​សណ្ឋិត​លើ​យែបថា”(ខ.២៩)។ គាត់​ក៏​បាន​ដឹក​នាំ​ពួក​គេ ដោយ​សេចក្តី​ជំនឿ ឆ្ពោះ​ទៅ​រក​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ក៏បាន​លើក​ឡើង​អំពី​គាត់ នៅ​ក្នុង​បញ្ជី​ឈ្មោះ​វីរៈ​បុរស​នៃ​សេចក្តី​ជំនឿ​ផង​ដែរ(ហេព្រើ ១១:៣២)។

ជា​ញឹក​ញាប់ ព្រះ​ទ្រង់​បាន​ជ្រើស​រើស​មនុស្ស​ដែល​មិន​សម​ទំនង ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ តើ​ពិត​មែន​ទេ? វា​មិន​សំខាន់​ថា យើង​មក​ពីណា ហើយ​មក​ដល់​ទីនេះ ដោយ​របៀប​ណា ឬ​យើង​បាន​ធ្វើ​អ្វី​ឡើយ។ អ្វី​ដែល​សំខាន់​នោះ តើ​យើង​បាន​ឆ្លើយ​តប ដោយ​សេចក្តី​ជំនឿ ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ឬ​ទេ​?—TIM GUSTAFSON