ឆ្កែ​របស់​ខ្ញុំ​ជា​ពូជ​ឆ្កែ​ប្រម៉ាញ់​ឡាប្រាឌ័រ ដែល​មាន​សម្បុរ​ក្រម៉ៅ​ដូច​ស្ករ​សូកូឡា​។​ ពេល​វា​មាន​អាយុ​៣​ខែ ខ្ញុំ​ក៏​បាន​នាំ​វាទៅ​ការិយ៉ាល័យ​ពេទ្យ​សត្វ ដើម្បី​ចាក់​ថ្នាំ​បង្ការ និង​ពិនិត្យ​សុខ​ភាព។ ខណៈ​ពេល​ដែល​ពេទ្យ​សត្វ​កំពុង​ពិនិត្យ​មើល​វា គាត់​ក៏​បាន​កត់​សំគាល់​ឃើញ​រោម​ពណ៌​សរ​មួយ​ដុំ​តូច នៅ​លើ​ក្រញាំ​ជើង​ខាង​ក្រោយ​របស់​វា។ គាត់​ក៏​បាន​ញញឹម​ហើយ និយាយ​ទៅ​កាន់​វា​ថា “ជើង​ដែល​មាន​រោម​ពណ៌​សរ​នឹង គឺ​ជា​កន្លែង​ដែល​ព្រះ​បាន​យូរ​ឯង ពេល​ទ្រង់​ជ្រមុជ​ពណ៌ឯង ចូល​ទៅ​ក្នុង​ស្ករ​សូកូឡា”។ ខ្ញុំ​ក៏​ទប់​សំណើច​មិន​បាន។ ប៉ុន្តែ ត្រង់​ចំណុច​នេះ ទោះ​ជា​គាត់​មិន​មាន​ចេតនា​ក៏​ដោយ ក៏​អ្វី​ដែល​គាត់​បាន​និយាយ គឺ​កំពុង​តែ​បង្ហាញ អំពី​ចំណាច់​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ ​ដែល​ព្រះ​ទ្រង់​មាន ចំពោះ​ភាព​លម្អិត​នៃ​ស្នា​ព្រះ​ហស្ត​ទ្រង់។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១០:៣០ ថា “សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ”។ ព្រះ​ទ្រង់​ពិត​ជា​អស្ចារ្យ​ណាស់ បាន​ជា​ទ្រង់​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ផ្នែក​ដ៏​តូច​ល្អិត​បំផុត នៃ​ជីវិត​យើង​។ គ្មាន​ការ​អ្វី​ដែល​តូច​ខ្លាំង​ពេក ដែល​ទ្រង់​មិន​អាច​ទត​ឃើញ ហើយ​មិន​ចាប់​អារម្មណ៍​នោះ​ឡើយ ហើយ​គ្មាន​ទុក្ខ​លំបាក​អ្វី ដែល​ធ្ងន់​ពេក ដែល​យើង​មិន​អាច​ថ្វាយ​ទៅ​ទ្រង់​នោះ​ដែរ។ និយាយ​ឲ្យ​ខ្លី ទ្រង់​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ណាស់។​

ព្រះ​ទ្រង់​មិន​គ្រាន់​តែ​បាន​បង្កើត​យើង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែម​ទាំង​បាន​ទ្រ​ទ្រង់ និង​ថែរក្សា​យើង នៅ​គ្រប់​នាទី។ មាន​មតិ​មួយ​ពោល​ថា ការ​គិត​ច្រើន​ពេក អំពី​ភាព​លម្អិត គឺ​មិន​ល្អ​ទេ។ ប៉ុន្តែ យើង​គួរ​តែ​ដឹង​ថា ព្រះ​ទ្រង់​គង់​នៅ​ក្នុង​ភាព​លម្អិត​ទាំង​អស់ ហើយ​ក៏​បាន​ទត​ឃើញ​ការ​អ្វី ដែល​គេច​ផុត​ពី​ការ​ចាប់​អារម្មណ៍​របស់​យើង។ យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ដែល​បាន​ដឹង​ថា ព្រះ​វរបិតា​នៃ​យើង  ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​មាន​ប្រាជ្ញា​ឥត​ខ្ចោះ និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ទ្រង់​ទ្រ​យើងឡើង ជា​មួយ​នឹង​ស្នា​ព្រះ​ហស្ត​ទាំង​អស់​របស់​ទ្រង់ ក្នុង​ព្រះ​ហស្ត​ដ៏​រឹង​មាំ និង​ពេញ​ដោយ​ក្តី​ស្រឡាញ់។—JAMES BANKS