បណ្ឌិត សូស(Seuss) ដែលជាអ្នកនិពន្ធសៀវភៅកុមារជាច្រើនក្បាល បានមានប្រសាសន៍ថា “អ្នកខ្លះរង់ចាំត្រីស៊ីនុយ ឬរង់ចាំឲ្យមានខ្យល់បក់មក ដើម្បីបង្ហោះខ្លែង។ ពុំនោះទេ ពួកគេកំពុងរង់ចាំយប់នៅថ្ងៃសុក្រ… មនុស្សម្នាក់ៗសុទ្ធតែមានការរង់ចំា”។ ជាការពិតណាស់ យើងរាល់គ្នាសុទ្ធតែមានការរង់ចាំ។
ការរង់ចាំមានការពិបាក។ យើងប្រហែលជាឈ្លីមេដៃ គោះជើង ស្ងាប ដកដង្ហើមធំ និងមានការថប់បារម្ភ ដោយចិត្តនឿយណាយ។ យើងប្រហែលជាសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំត្រូវរស់នៅជាមួយមនុស្សយ៉ាប់ម្នាក់នេះ ហេតុអ្វីខ្ញុំត្រូវធ្វើការងារដែលគួរឲ្យធុញទ្រាន់ អស់ពេលយូរយ៉ាងនេះ ហេតុអ្វីខ្ញុំត្រូវអត់ទ្រាំនឹងអាកប្បកិរិយ៉ាដែលអាក្រក់នេះ ហេតុអ្វីបញ្ហាសុខភាពរបស់ខ្ញុំ មិនព្រមបាត់សោះ? ហេតុអ្វីបានជាព្រះទ្រង់មិនជួយខ្ញុំផង?
ពេលយើងមានសំណួរបែបនេះ យើងត្រូវដឹងថា ព្រះទ្រង់សព្វព្រះទ័យឲ្យយើង រង់ចាំមួយរយៈពេលសិន ហើយមើលការអ្វីដែលទ្រង់នឹងធ្វើ។
ការរង់ចាំ ស្ថិតក្នុងចំណោមគ្រូបង្រៀនដ៏ល្អបំផុត នៃជីវិតយើង ព្រោះពេលយើងរង់ចាំ យើងបានរៀនសូត្រ អំពីអត្ថន័យនៃការរង់ចាំ គឺរង់ចាំ ខណៈពេលដែលព្រះទ្រង់ធ្វើការ ក្នុងជីវិតយើង និងសម្រាប់យើង។ នៅក្នុងការរង់ចាំ យើងរៀនអត់ធ្មត់ ដោយអាចទុកចិត្តសេចក្តីស្រឡាញ់ និងសេចក្តីល្អរបស់ព្រះ កាន់តែខ្លាំង ទោះបីជាអ្វីៗមិនដំណើរការ ដូចដែលយើងចង់បានក៏ដោយ(ទំនុកដំកើង ៧0:៥)។
ប៉ុន្តែ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាច និងខាំមាត់សង្កត់ចិត្ត នៅក្នុងការរង់ចំាឡើយ។ យើងអាច “រីករាយ និងមានអំណរ” ខណៈពេលដែលយើងកំពុងរង់ចាំទ្រង់(ខ.៤)។ យើងរង់ចាំ ដោយមានសង្ឃឹម ដោយដឹងថា ព្រះទ្រង់នឹងរំដោះយើងឲ្យរួចពីទុក្ខលំបាក តាមពេលដែលទ្រង់បានកំណត់ ក្នុងជីវិតនេះ ឬពេលយើងត្រូវទៅនៅនគរស្ថានសួគ៌។ ព្រះទ្រង់មិនដែលប្រញាប់ទេ ប៉ុន្តែ ទ្រង់តែងតែទាន់ពេលជានិច្ច។—DAVID H. ROPER