អ្នកស្រីហ្គ្រេស(Grace) ជា​ស្រ្តី​ម្នាក់ ដែល​មាន​លក្ខណៈ​ពិសេស​ណាស់។ ពេល​ខ្ញុំ​គិត​ដល់​គាត់ មាន​ពាក្យ​មួយ​ដែលលេច​ឡើង​ក្នុង​គំនិត​ខ្ញុំ គឺ​ពាក្យ សន្តិ​ភាព ។ ភាព​ស្ងាត់​ស្ងៀម និង​ស្ងប់​សុខ ដែល​បាន​បង្ហាញ​ចេញ​នៅ​ទឹក​មុខ​គាត់ កម្រ​នឹង​ប្រែ​ប្រួល​ណាស់ ក្នុង​រយៈ​ពេល​៦​ខែ ដែល​ខ្ញុំ​បាន​ស្គាល់​គាត់ ទោះ​ជា​ស្វាមី​គាត់ បាន​ពិនិត្យ​សុខ​ភាព រក​ឃើញជម្ងឺ​ដ៏​កម្រ ហើយ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក៏​ដោយ។

ពេល​ខ្ញុំ​សួរ​អ្នក​ស្រី​ហ្គ្រេស អំពី​អាថ៌​កំបាំង​នៃ​សន្តិ​ភាព ដែល​មាន​ក្នុង​ចិត្ត​គាត់ គាត់​ក៏​បាន​ប្រាប់​ថា គ្មាន​អ្វី​អាថ៌​កំបាំង​ទេ។ គឺ​ដោយ​សារ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​គង់​នៅ​ក្នុង​ជីវិត​គាត់។  គាត់​មាន​ភាព​ស្ងប់​សុខ នៅ​ក្នុង​ពេល​មាន​ព្យុះភ្លៀង​ដ៏​ខ្លាំង​យ៉ាង​នេះ គឺ​ដោយ​សារ​ព្រះ​វត្ត​មាន​ព្រះ​យេស៊ូវ ក្នុង​ជីវិត​គាត់។

អាថ៌​កំបាំង​នៃ​សន្តិ​ភាព ឬ​សេចក្តី​សុខ​សាន្ត នៅ​ក្នុង​ចិត្ត​យើង គឺ​ជា​ទំនាក់​ទំនង ដែល​យើង​មាន​ជា​មួយ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ទ្រង់​ជា​សន្តិ​ភាព​របស់​យើង។ ពេល​ដែល​ព្រះ​យេស៊ូវ​ក្លាយ​ជា​ព្រះ​អង្គ​សង្រ្គោះ និង​ព្រះ​អម្ចាស់ ហើយ​យើង​ផ្លាស់ប្រែ​កាន់​តែ​មាន​លក្ខណៈ​ដូច​ទ្រង់ សន្តិ​ភាព​ក៏​បាន​កើត​មាន​ពិត​មែន។ ការ​អាក្រក់ ដូច​ជា ជម្ងឺ ការ​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុ ឬ​គ្រោះ​ថ្នាក់​អាច​កើត​មាន ប៉ុន្តែ សន្តិ​ភាព​ដែល​យើង​នឹង​ទទួល គឺ​ជា​ការ​ធានា​ថា ព្រះ​ទ្រង់​បាន​ដាក់​ជីវិត​យើង​ក្នុង​ព្រះ​ហស្ត​ទ្រង់​(ដានីយ៉ែល ៥:២៣) ហើយ​យើង​អាច​ទុក​ចិត្ត​ថា ការ​គ្រប់​យ៉ាង​នឹង​ផ្សំ​គ្នា​មក ដើម្បី​ជា​ប្រយោជន៍​យើង។

តើ​យើង​បាន​ពិសោធន៍​នឹង​សន្តិ​ភាព ដែល​ហួស​ពី​ការ​យល់​ដឹង និង​ការ​វិភាគ​រក​ហេតុ​ផល​ដែរ​ឬ​ទេ? តើ​អ្នក​មាន​ទំនុកចិត្ត​ថា ព្រះ​ទ្រង់​កំពុង​គ្រប់​គ្រង​អ្វី​ៗ​គ្រប់​យ៉ាង​ដែរ​ឬ​ទេ? ខ្ញុំ​សូម​អធិ​ស្ឋាន តាម​សាវ័ក​ប៉ុល​ថា “”សូម​ឲ្យ​ព្រះអម្ចាស់ ដែល​ទ្រង់​ផ្តល់​សេចក្តី​សុខ​សាន្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ជា​និច្ច សូម​ឲ្យ​ព្រះអម្ចាស់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់(២ថែស្សាឡូនិច ៣:១៦)។—KEILA OCHOA