អាពី(Ah-pi) បានចេញទៅធ្វើការ ពេលដែលមេឃនៅងងឹតនៅឡើយ។ មិនយូរប៉ុន្មាន អ្នកដទៃទៀតនៅក្នុងភូមិ ក៏បានភ្ញាក់ពីគេង ហើយក៏បានធ្វើដំណើរទៅចំការកៅស៊ូ។ ការប្រមូលផលជ័រកៅស៊ូ ស្ថិតក្នុងចំណោមប្រភពនៃប្រាក់ចំណូលសំខាន់ជាងគេ សម្រាប់ប្រជាជនរស់នៅក្នុងភូមិ ហុងហ្សួង ប្រទេសចិន។ ដើម្បីប្រមូលផលជ័រកៅស៊ូឲ្យបានច្រើនជាអតិបរមា គេត្រូវចៀរជ័រកៅស៊ូពីព្រលឹមស្រាងៗ មុនពេលថ្ងៃរះ។ អាពីនឹងទៅចូលរួមជាមួយអ្នកចៀរជ័រទាំងនោះដែរ ប៉ុន្តែ ជាដំបូង នាងនឹងចំណាយពេលប្រកបជាមួយព្រះជាមុនសិន។
ឪពុក ស្វាមី និងកូនតែមួយរបស់អាពីបានស្លាប់អស់ ហើយនាងនិងកូនប្រសារស្រីរបស់នាង កំពុងផ្គត់ផ្គង់ម្តាយចាស់ជរា និងចៅប្រុសពីរនាក់ ដែលនៅក្មេងនៅឡើយ។ រឿងរបស់នាង បានធ្វើឲ្យខ្ញុំនឹកចាំស្រីមេម៉ាយម្នាក់ទៀត នៅក្នុងព្រះគម្ពីរ ដែលបានជឿព្រះ។
ប្តីរបស់ស្រ្តីម្នាក់នេះ បានស្លាប់ ហើយបានបន្សុលទុកនូវបំណុលជាច្រើន(២ពង្សាវតាក្សត្រ ៤:១)។ ក្នុងពេលដែលមានទុក្ខលំបាកនោះ នាងក៏បានងាកទៅរកព្រះ ដើម្បីស្វែងរកជំនួយ ដោយទៅរកអ្នកបម្រើទ្រង់ ឈ្មោះ អេលីសេ។ នាងជឿថា ព្រះទ្រង់យកព្រះទ័យទុកដាក់ ហើយទ្រង់អាចជួយដោះស្រាយបញ្ហានាងបាន។ ហើយព្រះទ្រង់ក៏បានជួយនាង។ ទ្រង់បានបំពេញសេចក្តីត្រូវការរបស់ស្ត្រីមេម៉ាយម្នាក់នេះ(ខ.៥-៦)។ ព្រះទ្រង់ក៏បានផ្គត់ផ្គង់អាពីផងដែរ តាមរយៈការងារដែលនាងបានធ្វើដោយដៃ និងផលពីដី និងអំណោយរបស់រាស្រ្តទ្រង់ ទោះនាងមិនបានជួបការដែលអស្ចារ្យខ្លាំង ដូចស្រ្តីមេម៉ាយក្នុងព្រះគម្ពីរក៏ដោយ។
ទោះជីវិតយើង អាចជួបការលំបាកច្រើនយ៉ាងណាក៏ដោយ យើងនៅតែអាចទទួលកម្លាំងពីព្រះ។ យើងអាចថ្វាយទុក្ខកង្វល់របស់យើងដល់ទ្រង់ និងធ្វើអ្វីដែលយើងអាចធ្វើបាន ហើយអនុញ្ញាតឲ្យទ្រង់ធ្វើការដែលទ្រង់អាចធ្វើបាន ដើម្បីជួយយើង។—POH FANG CHIA