លោក​ម៉ាលខម មូហ្គើរិជ(Malcolm Muggeridge) ដែល​ជា​អ្នក​កាសែត​អង់​គ្លេស​ដ៏​ល្បី​ល្បាញ និង​ជា​អ្នក​រិះ​គន់​សង្គម បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ នៅ​ពេល​គាត់​មាន​អាយុ​៦០​ឆ្នាំ។ នៅ​ថ្ងៃ​ខួប​កំណើត​គំរប់​អាយុ​៧០​ឆ្នាំ គាត់​បាន​ផ្តល់​ឲ្យ​នូវ​ការ​សង្កេត​មើល​២៥​ចំណុច ដោយ​ការ​យល់​ដឹង​ខ្ពស់​អំពី​ជីវិត។ មាន​មតិ​មួយ​ពោល​ថា “ខ្ញុំ​មិន​ដែល​ជួប​អ្នក​មាន​ណា​ម្នាក់ ដែល​សប្បាយ​ចិត្ត​ឡើយ ប៉ុន្តែ ខ្ញុំ​កម្រ​នឹង​ជួប​អ្នក​ក្រ​ណា​ម្នាក់ ដែល​មិន​ដែល​ចង់​ក្លាយ​ជា​អ្នក​មាន”។

មនុស្ស​ភាគ​ច្រើន​យល់​ថា លុយ​មិន​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​បាន​ឡើយ ប៉ុន្តែ យើង​ប្រហែល​ជា​ចង់​មាន​លុយកាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ខ្វះ។

ស្តេច​សាឡូម៉ូន មាន​ទ្រព្យ​សម្បត្តិ​ច្រើន​លើស​លប់ គឺ​លើស​ទឹក​ប្រាក់ ២​ទ្រី​លាន ដុល្លា​អាមេរិក​សព្វ​ថ្ងៃ។ ទោះ​ទ្រង់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​ទ្រង់​ជ្រាប​ថា លុយ​មាន​ដែន​កំណត់​របស់​វា។​ បទ​គម្ពីរ​សុភាសិត ជំពូក​៨ ត្រូវបាន​និពន្ធ ដោយ​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​របស់​ទ្រង់ ហើយ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ប្រកាស​ហៅ​របស់​ប្រាជ្ញា​របស់​ព្រះ។  សម្លេង​របស់​ប្រាជ្ញា​នៃព្រះក៏​ហៅ​រក​ដល់​អស់​មនុស្ស​ជាតិ … មាត់​របស់​ប្រាជ្ញា​ទ្រង់​ក៏​ពោល​សេចក្តី​ពិត(ខ.៤-៧)។ “ស៊ូ​ទទួល​យក​ដំបូន្មាន​របស់​ប្រាជ្ញានៃព្រះ ជា​ជាង​ប្រាក់ ហើយ​ទទួល​ដំរិះ ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត ដ្បិត​ប្រាជ្ញារបស់ទ្រង់​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន ​ដែល​មនុស្ស​នឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀបផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង”(ខ.១០-១១)។

ប្រាជ្ញារបស់ព្រះមានបន្ទូលថា “ផល​ដែល​កើត​ពី​អញ នោះ​វិសេស​ជាង​មាស អើ ក៏​ប្រសើរ​ជាង​មាស​យ៉ាង​បរិសុទ្ធ​ផង ហើយ​ផល​កំរៃ​របស់​អញ​ជា​ជាង​ប្រាក់​យ៉ាង​វិសេស​បំផុត។ អញ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្តី​សុចរិត គឺ​នៅ​កណ្តាល​ផ្លូវ​ច្រក​នៃ​សេចក្តី​យុត្តិធម៌”(ខ.១៩-២០)។

ការ​មាន​ប្រាជ្ញា គឺ​ជា​ការ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ពិត។—DAVID C. MCCASLAND