ជា​រៀង​រាល់​ថ្ងៃ​ទី​១​ខែ​ឧសភា នៅ​ទីក្រុង​អុក​ស្វឺត ប្រទេស​អង់​គ្លេស ហ្វូង​មនុស្ស​តែង​តែ​មក​ជួប​ជុំ​នៅ​ពេល​ព្រឹក​ព្រលឹម ដើម្បី​ទទួល​ស្វាគមន៍​រដូវ​ផ្កា​រីក។ នៅ​វេលា​ម៉ោង ៦​ព្រឹក ក្រុម​ចម្រៀង​មហា​វិទ្យាល័យ​ម៉ាកដាលេន បាន​បន្លឺ​សម្លេង​ច្រៀង ពី​លើ​ប៉ម​ម៉ាក់​ដាលេន។ មនុស្ស​រាប់​ពាន់​អ្នក​បាន​រង់​ចាំ ដោយ​ការ​រំពឹង​ថា ស្បៃ​រាត្រី​នឹង​ត្រូវ​លើក​ចេញ ​បន្ទាប់​ពី​បទ​ចម្រៀង និង​សម្លេង​ជួង​បាន​បន្លឺ​ឡើង។

ជា​ញឹក​ញាប់ ខ្ញុំ​ក៏​មាន​ការ​រង់​ចាំ​ផង​ដែរ គឺ​មិន​ខុស​ពី​ហ្វូង​មនុស្ស​ទាំង​នោះ​ឡើយ។ ខ្ញុំ​រង់​ចាំ ចម្លើយ​សម្រាប់​ការ​អធិស្ឋាន​របស់​ខ្ញុំ ឬ​រង់​ចាំ​ការ​ដឹក​នាំ​មក​ពី​ព្រះ​អម្ចាស់​ជា​ដើម។ ទោះ​បី​ជា​ខ្ញុំ​មិន​ដឹង​ថា ការ​រង់​ចាំ​របស់​ខ្ញុំ នឹង​បញ្ចប់​នៅ​ពេល​ណា​ពិត​ប្រាកដ​ក៏​ដោយ ក៏​ខ្ញុំ​កំពុង​តែ​រៀន​រង់​ចំា ដោយ​ការ​រំពឹង​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣០ អ្នក​និពន្ធ​ទំនុក​ដំកើង បាន​សរសេរ​អំពី​ការ​មាន​ទុក្ខ​ជា​ទម្ងន់ ដោយ​សារ​គាត់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា ដែល​ហាក់​ដូច​ជា​ពេល​យប់​ដែល​ងងឹត​បំផុត។ ក្នុង​ពេល​ដែល​មាន​ទុក្ខ​នោះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ទុក​ចិត្ត​ព្រះ ហើយ​ប្រុង​ចិត្ត ដូច​ជា​អ្នក​យាម ​កំពុង​មាន​នាទី​ជា​អ្នក​រង់​ចាំ​ប្រកាស​ថា ថ្ងៃ​ភ្លឺ​ហើយ។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “ព្រលឹង​នៃ​ទូលបង្គំ​រង់ចាំ​ព្រះអម្ចាស់

ជា​ជាង​ពួក​យាម​ល្បាត​រង់ចាំ​ភ្លឺ​ឡើង អើ ជា​ជាង​ពួក​យាម​ល្បាត​រង់ចាំ​ភ្លឺ​ឡើង​ទៅ​ទៀត”(ខ.៦)។

អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​រំពឹង​រង់​ចាំ​ព្រះ​អម្ចាស់ រំដោះ​គាត់​ចេញ​ពី​ភាព​ងងឹត​នៃ​បញ្ហា​គាត់ ដោយ​ជឿ​ជាក់​លើ​ភាព​ស្មោះត្រង់​របស់​ទ្រង់ បាន​ជា​គាត់​មាន​សេចក្តី​សង្ឃឹម​ថា នឹង​អាច​អត់​ទ្រាំ សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​គាត់​មាន​ទុក្ខ​ក៏​ដោយ។ ដោយ​ផ្អែក​ទៅ​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល សេចក្តី​សង្ឃឹម​នោះ​អនុញ្ញាត​ឲ្យ​គាត់ បន្ត​រង់​ចាំ ​ទោះ​បី​ជា​គាត់​មិន​ទាន់​បាន​ឃើញ​ពន្លឺ​លេច​ឡើង​ក៏​ដោយ។

សូម​មាន​សង្ឃឹម​ឡើង បើ​សិន​ជា​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​យប់​ដ៏​ងងឹត នៃ​បញ្ហា​ក្នុង​ជីវិត។ ពន្លឺ​ថ្ងៃ​នឹង​ភ្លឺ​មក​ដល់ នៅ​ក្នុងជីវិត​នេះ ក៏​ដូច​ជា​នៅ​ក្នុង​នគរ​ស្ថាន​សួគ៌! ទន្ទឹម​នឹង​នោះ ចូរ​កុំ​បោះ​បង់​ចោល​ក្តី​សង្ឃឹម ប៉ុន្តែ ចូរ​បន្ត​រង់​ចាំ ការ​រំដោះ​មក​ពី​ព្រះ​អម្ចាស់។ ទ្រង់​នឹង​នៅ​តែ​ស្មោះ​ត្រង់​ជា​និច្ច។—LISA SAMRA