ថ្ងៃមួយ កូនស្រីខ្ញុំបានមកលេងចៅប្រុសខ្ញុំ ដែលមានអាយុ១ឆ្នាំ។ ខ្ញុំកំពុងតែរៀបចំខ្លួនចេញពីផ្ទះ ដើម្បីធ្វើកិច្ចការខ្លះ ប៉ុន្តែ គ្រាន់តែខ្ញុំដើរចេញពីបន្ទប់បានបន្តិច ចៅប្រុសខ្ញុំក៏បានចាប់ផ្តើមយំ។ វាក៏បានយំដូចនេះពីរដង ហើយជារៀងរាល់ពេលវាយំម្តងៗ ខ្ញុំត្រូវត្រឡប់មកវិញ ហើយចំណាយពេលជាមួយវាមួយភ្លែត។ ពេលខ្ញុំដើរចេញតាមទ្វារជាលើកទីបី បបូរមាត់ដ៏តូចរបស់វាក៏បានពេបចង់យំទៀត។ នៅពេលនោះ កូនស្រីខ្ញុំក៏បានប្រាប់ខ្ញុំថា “ប៉ា ហេតុអ្វីប៉ាមិនយកវា ទៅជាមួយផង?” អ្នកដែលមានចៅបង្កើត គឺសុទ្ធតែអាចនិយាយប្រាប់អ្នកថា នឹងមានអ្វីកើតឡើងបន្ទាប់។ ចៅរបស់ខ្ញុំក៏បានឡើងជិះឡានទៅជាមួយខ្ញុំ គឺព្រោះតែវាដឹងថាខ្ញុំស្រឡាញ់វា។
យ៉ាងណាមិញ ចិត្តរបស់យើង ដែលស្រេកឃ្លានរកព្រះ ក៏បានទទួលការឆ្លើយតប ដោយសេចក្តីស្រឡាញ់ផងដែរ។ ព្រះគម្ពីរបានធានាដល់យើងថា យើងអាច “ស្គាល់ និងពឹងផ្អែកលើសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានចំពោះយើង”(១យ៉ូហាន ៤:១៦)។ ព្រះទ្រង់មិនបានស្រឡាញ់យើង ដោយសារការអ្វីដែលយើងបានធ្វើ ឬមិនបានធ្វើនោះឡើយ។ សេចក្តីស្រឡាញ់របស់ទ្រង់ មិនពឹងផ្អែកលើភាពសក្តិសមរបស់យើងសោះឡើយ ប៉ុន្តែ ពឹងផ្អែកទៅលើសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ទ្រង់។ ពេលដែលលោកិយដែលនៅជុំវិញយើង មិនមានសេចក្តីស្រឡាញ់ និងមិនសប្បុរស យើងអាចពឹងផ្អែកលើសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះ ជាប្រភពនៃក្តីសង្ឃឹម និងសន្តិភាពរបស់យើង។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានបង្ហាញព្រះទ័យរបស់ទ្រង់ ដល់យើង តាមរយៈការប្រទានព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ធ្វើជាអំណោយដល់យើង។ យើងពិតជាមានការកម្សាន្តចិត្តណាស់ ដែលបានទទួលការធានាថា ព្រះទ្រង់ស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដែលមិនចេះចប់ឡើយ! —JAMES BANKS