“ប៉ុន្តែ បើ​ព្រះ​ទ្រង់​គ្មាន​ដើម​កំណើត និង​ទី​បញ្ចប់​ទេ ហើយ​តែង​តែ​មាន​តាំង​ពី​ដើម​មក តើ​ទ្រង់​កំពុង​ធ្វើ​អ្វី មុន​ពេល​ទ្រង់​បង្កើត​យើង​មក? តើ​ទ្រង់​ចំណាយ​ពេល​របស់​ទ្រង់ ដោយ​របៀប​ណា?” នេះ​ជា​សំណួរ ដែល​ក្មេង​ៗ សិស្ស​សាលា​រៀនថ្ងៃ​អាទិត្យ តែង​តែ​សួរ ពេល​ដែល​យើង​ជជែក​គ្នា អំពី​លក្ខណៈ​ដ៏អស់​កល្ប​របស់​ព្រះ។ ខ្ញុំ​ធ្លាប់​ឆ្លើយ​តប​ថា រឿង​នេះ​ មាន​ភាព​អាថ៌​កំបាំង​បន្តិច។ ប៉ុន្តែ ថ្មី​ៗ​នេះ ខ្ញុំ​ដឹង​ថា ព្រះ​គម្ពីរ​បាន​ប្រទាន​ឲ្យ​យើង​មាន​ចម្លើយ សម្រាប់​សំណួរ​នេះ។

ពេល​ដែល​ព្រះ​យេស៊ូវ​អធិ​ស្ឋាន ទៅ​កាន់​ព្រះ​វរបិតា​ទ្រង់ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​១៧ ទ្រង់​បាន​មាន​បន្ទូល​ថា “ឱ​ព្រះ​វរបិតា​អើយ … ​ទ្រង់​បាន​ស្រឡាញ់​ទូល​បង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ៍​រៀង​មក”(ខ.២៤)។ នេះ​ហើយ​ជា​លក្ខណៈ​របស់​ព្រះ ដែល​បាន​បើក​បង្ហាញ​ដល់​យើង តាម​រយៈ​អង្គ​ព្រះ​យេស៊ូវ មុន​ពេល​ទ្រង់​បង្កើត​លោកិយ របស់​សព្វ​សារ​ពើ ព្រះ​ទ្រង់​ជា​ព្រះ​វរបិតា ដែល​ស្រឡាញ់​ព្រះ​រាជ​បុត្រា​ទ្រង់ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ពេល​ដែល​ព្រះយេស៊ូវ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​វិញ្ញាណ​ទ្រង់ ឲ្យ​យាង​ចុះ​មក ដូច​ជា​សត្វ​ព្រាប ហើយ​មាន​បន្ទូល​ថា “នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់”(ម៉ាថាយ ៣:១៧)។ លក្ខណៈ​ចម្បង​បំផុត​នៃ​អត្ត​សញ្ញាណ​របស់​ព្រះ គឺ​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​មនុស្ស និង​ប្រទាន​នូវ​ជីវិត។

យើង​មាន​សេចក្តី​ពិត​ដែល​គួរ​ឲ្យ​ស្រឡាញ់ និង​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដែល​បាន​និយាយ​អំពី​ព្រះ​នៃ​យើង!ការស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ការ​ប្រកប​ទាក់​ទង ដែល​បង្ហាញ​ចេញ​មក តាម​រយៈ​សមា​ជិក​នីមួយ​ៗ ​នៃ​ព្រះ​ត្រៃឯក ដែល​មាន​ព្រះ​វរ​បិតា ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​ជា​គន្លឹះ សម្រាប់​ឲ្យ​យើង​យល់​អំពី​លក្ខណៈ​សម្បត្តិរបស់​ព្រះ។ តើ​ព្រះ​វរបិតា​ទ្រង់​ធ្វើ​អ្វី មុន​ការ​ចាប់​ផ្តើម​នៃ​ពេល​វេលា? គឺ​ទ្រង់​បាន​ស្រឡាញ់​ព្រះ​រាជ​បុត្រា​ទ្រង់ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​(១យ៉ូហាន ៤:៨)។—AMY PETERSON