អ្នក​ស្រី​អេមី ខាមៃឃល(Amy Carmichael ឆ្នាំ ១៨៦៧ ដល់ ១៩៥១) មាន​ឈ្មោះ​ល្បី​ល្បាញ ដោយ​សារ​ការ​ងារ​ដែល​នាង​បាន​ធ្វើ ដើម្បី​ជួយ​សង្រ្គោះ​ក្មេង​ស្រី​កំព្រា នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​បាន​ផ្តល់​ឲ្យ​ពួក​គេ​មាន​ជីវិត​ថ្មី។ នៅ​ក្នុង​ពេល ដែល​នាង​ធ្វើ​ការងារ​ដ៏​ហត់​នឿយ​នេះ មាន​ពេល ដែល​នាង​ហៅ​ថា “ពេល​នៃ​ចក្ខុ​វិស័យ”។ នៅ​ក្នុង​សៀវភៅ​ ដែល​នាង​បាន​និពន្ធ​មាន​ចំណង​ជើង​ថា ពណ៌​មាស ដោយ​សារ​ពន្លឺ​ដួង​ច័ន្ទ នាង​បាន​សរសេរ​ថា “នៅ​ក្នុង​ថ្ងៃ ដែល​មាន​ការងារ​ដ៏​មមា​ញឹក យើង​ស្ទើរ​តែ​អាច​មើល​ឃើញ ទឹក​ដី​ដែល​នៅ​ឆ្ងាយ តែ​មួយ​ភ្លែត ហើយ​យើង​ក៏​ឈរ​នៅ​ស្ងៀម​ នៅលើ​ផ្លូវ​ថ្នល់ ដោយ​ភ្នែក និង​ចិត្ត​ផ្ចង់​ទៅ​រក​ទឹក​ដី​នោះ”។

យ៉ាង​ណា​មិញ ហោរា​អេសាយ បាន​មាន​ប្រសាសន៍ អំ​ពី​ពេល​មួយ ដែល​រាស្រ្ត​របស់​ព្រះ ដែល​បះបោរ​ទាស់​នឹង​ទ្រង់ នឹង​វិល​ត្រឡប់​មក​រក​ទ្រង់​វិញ។ គាត់​ថា​ “ភ្នែក​ឯង​នឹង​បាន​ឃើញ​មហាក្សត្រ​មាន​ទាំង​សេចក្តី​លំអ​រុងរឿង​របស់​ទ្រង់ គេ​នឹង​មើល​ទៅ​ឃើញ​ស្រុក ដល់​ទី​ឆ្ងាយ​បំផុត”(អេសាយ ៣៣:១៧)។ ដើម្បី​មើល​ឃើញ​ “ទឹក​ដី​ដ៏​ឆ្ងាយ​នោះ” យើង​ត្រូវ​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​លើក​យើង​ឡើង ឲ្យ​ខ្ពស់​ជាង​បញ្ហា ដែល​យើង​មាន ក្នុង​ពេល​បច្ចុប្បន្ន ហើយ​ទទួល​ចក្ខុ​វិស័យ ដែល​ផ្តោត​ទៅ​លើ​ភាព​អស់​កល្ប​ជា​និច្ច។ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក ព្រះ​អម្ចាស់​ជួយ​ឲ្យ​យើង​អាច មើល​មក​ជីវិត​យើង តាម​ទស្សនៈ​របស់​ទ្រង់ ហើយ​មាន​សង្ឃឹម​ឡើង។ “ពី​ព្រោះ​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ចៅក្រម​នៃ​យើង​រាល់​គ្នា ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះយេហូវ៉ា​ទ្រង់​ជា​មហាក្សត្រ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង​ផង”(ខ.២២)។

ជា​រៀង​រាល់​ថ្ងៃ តើ​យើង​ជ្រើស​រើស ការ​ឈ្ងោក​មើល​ទៅ​ក្រោម ដោយ​ការ​បាក់​ទឹក​ចិត្ត ឬ​ងើប​ក្បាល​ឡើង មើល​ទៅ “ទឹកដី​ដែល​នៅ​ឆ្ងាយ​នោះ” គឺ​មើល​ទៅ​ព្រះ​អម្ចាស់ ដែល​ជា “ព្រះ​ដ៏​មាន​អំណាច​ចេស្តា”(ខ.២១)។

អ្នក​ស្រី​អេមី ខាមៃឃល បាន​ចំណាយ​ពេល​ជាង​១៥​ឆ្នាំ ក្នុង​ប្រទេស​ឥណ្ឌា ដើម្បី​ជួយ​ក្មេង​ស្រី​ទុរគត។ ​តើ​នាង​អាច​ធ្វើការ​នេះ​ដោយ​របៀប​ណា? ជា​រៀង​រាល់​ថ្ងៃ នាង​បាន​ផ្តោត​ភ្នែក​របស់​នាង ​ទៅ​លើ​ព្រះ​យេស៊ូវ ហើយ​ថ្វាយ​ជីវិត​នាង ឲ្យ​ទ្រង់​ថែរក្សា។ ដូច​នេះ យើង​ក៏​អាច​ធ្វើ​ដូច​នាង​ផង​ដែរ។—DAVID C. MCCASLAND