អ្នកស្រីរីម៉ា(Rima) ជាជនជាតិស៊ីរី ដែលសព្វថ្ងៃនេះ បានផ្លាស់មករស់នៅ ក្នុងទឹកដីសហរដ្ឋអាមេរិក។ នាងបានធ្វើចលនាដៃ និងនិយាយភាសាអង់គ្លេសបន្តិចបន្តួច ដើម្បីពន្យល់គ្រូបង្រៀនរបស់នាង អំពីមូលហេតុដែលនាងមិនសប្បាយចិត្ត។ ទឹកភ្នែករបស់នាងបានធ្លាក់ចុះពីលើថ្ពាល់នាង ខណៈពេលដែលយើងលើកនំគាវហ្វាតាយើរ(នំធ្វើពីសាច់ ប្រូម៉ា និងស្ពៃខ្មៅ) ដែលនាងបានធ្វើ ហើយតម្រៀមយ៉ាងស្រស់ស្អាតនៅលើថាស។ បន្ទាប់មក នាងក៏បាននិយាយថា “មានបុរសម្នាក់” ហើយនាងក៏ធ្វើសម្លេងវឺតៗ ដោយចង្អុលពីទ្វារ រហូតមកដល់បន្ទប់ទទួលភ្ញៀវ ហើយក៏ចង្អុលរហូតទៅដល់ ទ្វារវិញ។ គ្រូបង្រៀនរូបនោះក៏បានកាត់ន័យយល់ ហើយក៏បានដឹងថា មនុស្សមួយចំនួននៅក្នុងពួកជំនុំ នៅតំបន់ជិតខាង គួរតែមកសួរសុខទុក្ខក្រុមគ្រួសាររបស់អ្នកស្រីរីម៉ា ដោយនាំអំណោយខ្លះមកជាមួយផង។ ប៉ុន្តែ មានបុរសម្នាក់ប៉ុណ្ណោះ ដែលបានមកផ្ទះគាត់។ គាត់បានចូលក្នុងផ្ទះគាត់ទាំងប្រញាប់ប្រញាល់ រួចដាក់ប្រអប់មួយចុះ។ ប្រអប់នោះមានរបស់នៅខាងក្នុង ហើយគាត់ក៏ទៅវិញយ៉ាងរហ័ស។ បុរសនោះមានការរវល់នឹងកិច្ចការដែលគាត់ត្រូវទទួលខុសត្រូវ ខណៈពេលដែលអ្នកស្រីរីម៉ា និងគ្រួសាររបស់គាត់ កំពុងតែមានភាពឯកកោ ហើយចង់បានការរស់នៅជាសហគមន៍ ហើយចែករំលែកនំគាវហ្វាតាយើរជាមួយមិត្តភក្តិថ្មីរបស់ពួកគេ។
ព្រះយេស៊ូវចូលចិត្តចំណាយពេលជាមួយជនទាំងឡាយ ដោយមិនរើសអើង។ ទ្រង់បានចូលរួមក្នុងពិធីញាំអាហារពេលល្ងាច និងចូលក្នុងហ្វូងមនុស្សដ៏ពិបាក ហើយចំណាយពេលទំនាក់ទំនងជាមួយបុគ្គលម្នាក់ៗផងដែរ។ ទ្រង់ថែមទាំងបានចូលក្នុងផ្ទះបុរសម្នាក់ ដែលមនុស្សជាច្រើនស្អប់។ លោកសាខេ ដែលជាអ្នកយកពន្ធ បានឡើងដើមឈើ ដើម្បីឲ្យបានឃើញទ្រង់ ហើយពេលព្រះយេស៊ូវទតមើលទៅគាត់ ទ្រង់ក៏មានបន្ទូលថា “ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក”(លូកា ១៩:១-៩)។ ហើយជីវិតរបស់លោកសាខេក៏បានផ្លាស់ប្រែចាប់តាំងពីពេលនោះមក។
ដោយសារយើងមានការទទួលខុសត្រូវច្រើន យើងមិនតែងតែអាចញែកពេលសម្រាប់អ្នកដទៃឡើយ។ ប៉ុន្តែ ពេលដែលយើងញែកពេលសម្រាប់គេ យើងមានឯកសិទ្ធិដ៏អស្ចារ្យ ដែលបានចំណាយពេលជាមួយអ្នកដទៃ ហើយមើលព្រះអម្ចាស់ធ្វើការតាមរយៈយើង។—ANNE CETAS