ខ្ញុំ​បាន​បន្ត​ទុក​ចិត្ត​ព្រះ តាម​រយៈ​ការ​តយុទ្ធ​របស់​ខ្ញុំ ជា​មួយ​នឹង​ការ​ឈឺ​ចាប់​ដ៏​រាំរ៉ៃ ព្រោះការ​អន់​ថយ​ដ៏​សាមញ្ញ ក៏​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​តែ​ត្រូវ​ខ្មាំង​សត្រូវ​ វាយ​ប្រហារ​យ៉ាង​សាហាវ​មក​លើ​ខ្ញុំ។ បញ្ហា​ទី​មួយ​បាន​ចាក់​ខ្ញុំ ពី​ខាង​ស្តាំ។ បញ្ហា​ទី​២ បាន​ច្រាន​ខ្ញុំ​ពី​ខាង​ក្រោយ។ បញ្ហា​ទី​៣ បាន​ដាល់​ចំ​ច្រមុះ​ខ្ញុំ។ ក្នុង​អំឡុង​ពេល​នោះ ពេល​ដែល​កម្លាំង​របស់​ខ្ញុំ​បាន​អន់​ថយ​ទៅ ហើយ​ភាព​ធូរ​ស្បើយ​តែ​មួយ​ភ្លែត បាន​រត់​ចោល​ខ្ញុំ ខ្ញុំ​ក៏​បាន​គិត​ថា ការ​រត់​ទៅ​ពួន​ហាក់​ដូច​ជា​គំនិត​ដ៏​ល្អ។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​មិន​អាច​រត់​គេច​ពី​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ឬ​ផ្លាស់​ប្តូរ​កាលៈ​ទេសៈ​របស់​ខ្ញុំ ឬ​មួយ​មិន​អើពើរ​ចំពោះ​អារម្មណ៍​របស់​ខ្លួន​ឯង​បាន ខ្ញុំ​ក៏​បាន​រៀន​ពឹង​ផ្អែក​លើ​ព្រះ​បន្តិច​ម្តង​ៗ ដោយ​ជឿ​ថា ទ្រង់​នឹង​បី​ខ្ញុំ​ឆ្លង​កាត់​បញ្ហា​ទាំង​នោះ។

ពេល​ខ្ញុំ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ការ​កម្សាន្ត​ចិត្ត និង​សេចក្តី​ក្លាហាន ខ្ញុំ​ក៏​បាន​មើល​បទ​ចម្រៀង របស់​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​នាំ​បញ្ហា​របស់​ខ្លួន ថ្វាយ​ដល់​ព្រះ។ ក្នុង​ចំណោម​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ មាន​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​និយាយ អំពី​ការ​ដែល​ស្តេច​ដាវីឌ​រត់​គេច​ពី​អាប់​សាឡំម ដែល​ជា​បុត្រា​ទ្រង់ ដែល​ចង់​ធ្វើគត់​ទ្រង់ ដើម្បី​ដណ្តើម​នគរ​ពី​ទ្រង់។ ទោះ​ស្តេច​ដាវីឌ​បាន​ពោល​ទំនួញ អំពី​ស្ថាន​ភាព​ដ៏​ឈឺ​ចាប់​នេះ​ក៏​ដោយ(ទំនុក​ដំកើង ៣:១-២) ក៏​ទ្រង់​នៅ​តែ​ទុក​ចិត្ត​ការ​ការ​ពារ​របស់​ព្រះ ហើយ​រំពឹង​ថា ទ្រង់​នឹង​ឆ្លើយ​តប​សេចក្តី​អធិ​ស្ឋាន​របស់​ទ្រង់(ខ.៣-៤)។ ស្តេច​អង្គ​នេះ​មិន​បាន​បាត់​ដំណេក ដោយ​សារ​ការ​ព្រួយ​បារម្ភ ​ឬ​ភ័យ​ខ្លាច​ការ​អ្វី​ដែល​អាច​កើត​ឡើង​នោះឡើយ ព្រោះ​ទ្រង់​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ទ្រទ្រង់ ហើយ​ជួយ​សង្រ្គោះ​ទ្រង់(ខ.៥-៨)។

ជា​ញឹក​ញាប់ ការ​ឈឺ​ចាប់​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​កំពុង​ជួប​សត្រូវ​ដ៏​សាហាវ។ យើង​អាច​មាន​អារម្មណ៍​ថា ចង់​បោះ​បង់​ចោល ឬ​ចង់​គេច​ចេញ​ពី​បញ្ហា ពេល​ដែល​យើង​មាន​ការ​នឿយ​ហត់ ហើយ​មិន​អាច​មើល​ឃើញ​ចុង​បញ្ចប់​នៃ​សង្រ្គាម​ដែល​យើង​កំពុង​តយុទ្ធ​នោះ។ ប៉ុន្តែ យើង​អាច​រៀន​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​លើក​យើង​ឲ្យ​ក្រោក​ឈរ​ឡើង ហើយ​ជួយ​យើង​ឲ្យ​សម្រាក​ក្នុង​ព្រះ​វត្ត​មាន​ដ៏​ស្ថិត​ស្ថេរ និង​ពេញ​ដោយ​ក្តី​ស្រឡាញ់។—XOCHITL DIXON