មាន​គ្នា​យើង​ម្នាក់ នៅ​ក្នុង​ក្រុម​សិក្សា​ព្រះ​គម្ពីរ បាន​ឲ្យ​យោបល​ថា យើង​គួរ​តែ​នាំ​គ្នា​និពន្ធ​បទ​ច្រៀង​ទំនុក​ដំកើង ដោយ​ខ្លួន​ឯង។ ពី​ដំបូង គ្នា​យើង​ខ្លះបាន​ប្រកែក​ថា ពួក​គេ​មិន​មាន​អំណោយ​ទាន​និពន្ធ​បទ​ចម្រៀង​ទេ ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​លើក​ទឹក​ចិត្ត ម្នាក់​ៗ​ក៏​បាន​និពន្ធ​បទ​ចម្រៀង​បែប​កំណាព្យ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត ដែល​និយាយ​អំពី​របៀប​ដែល​ព្រះទ្រង់​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​ពួក​គេ។ យើង​បាន​ធ្វើ​ការ​និពន្ធ ចេញ​ពី​ទុក្ខ​លំបាក ការ​ការពារ និង​ផ្គត់​ផ្គង់​របស់​ព្រះ ព្រមទាំង​ការ​ឈឺ​ចាប់ និង​ទឹក​ភ្នែក ធ្វើ​ឲ្យ​បទ​ចម្រៀង​ទំនុក​ដំកើង​របស់​យើង មាន​ខ្លឹម​សារ​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត។ បទ​ចម្រៀងទំនុក​ដំកើង​របស់​យើង បាន​បង្ហាញ​សេចក្តី​ពិត គឺ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប គឺ​មិន​ខុស​ពី​បទ​គម្ពីរ​ទំនុក​ដំកើង ១៣៦​ឡើយ។

យើង​រាល់​គ្នា សុទ្ធ​តែ​មាន​រឿង ដើម្បី​រៀប​រាប់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ មិន​ថា​តែ​យើង​ពិពណ៌​នា​ តាម​រយៈ​ការ​និពន្ធ ឬ​ច្រៀង​បទ​ទំនុក​ដំកើង ឬ​ក៏​និយាយ​ប្រាប់​គេ​ក៏​ដោយ។ សម្រាប់​អ្នក​ខ្លះ បទ​ពិសោធន៍​របស់​ពួក​គេ​មាន​លក្ខណៈ​រំភើប​រីក​រាយ ឬ​មាន​ភាព​ធ្ងន់​ធ្ងរ ដូច​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១៣៦ ដែល​បាន​និយាយ​រំឭក​អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​រំដោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​ការ​ជាប់​ចំណង ហើយ​បង្រ្កាប​ខ្មាំង​សត្រូវ​របស់​ទ្រង់(ខ.១០-១៥)។ អ្នក​ខ្លះប្រហែល​ជា​គ្រាន់​តែ​ពិពណ៌នា អំពី​ស្នា​ព្រះហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ យ៉ាង​ដូច​នេះ​ថា “គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា … ​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក … ​ដែល​បាន​បង្កើត​តួ​ពន្លឺ​យ៉ាង​ធំ​ទាំង​ប៉ុន្មាន … គឺ​ព្រះអាទិត្យ សំរាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ … និង​ព្រះចន្ទ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន សំរាប់​បំភ្លឺ នៅ​ពេល​យប់”(ខ.៥-៩)។

ការ​នឹក​ចាំ​ថា ព្រះ​ទ្រង់​ជា​នរណា ហើយ​ទ្រង់​បាន​ធ្វើ​អ្វី នាំ​មក​នូវ​ការ​សរសើរ​ដំកើង និង​ការ​អរ​ព្រះ​គុណ ដែល​ថ្វាយ​សិរីល្អ​ដល់​ទ្រង់។ យើងអាច “និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ”(អេភេសូរ ៥:១៩) អំពី​សេចក្តី​ល្អ​របស់​ព្រះ​អម្ចាស់ ដែលសេចក្តី​ស្រឡាញ់​ទ្រង់ ស្ថិត​ស្ថេរ​នៅ​ជា​ដរាប ! អ្នក​អាច​ប្រើ​បទ​ពិសោធន៍​ដែល​អ្នក​មាន ជា​មួយ​នឹង​ក្តី​ស្រឡាញ់​របស់​ព្រះ ដើម្បី​តែង​ជា​បទ​ចម្រៀង​សរសើរ​ដំកើង ហើយ​អរ​សប្បាយ​នឹង​សេចក្តី​ល្អ​ដ៏​ហូរ​ហៀរ​របស់​ទ្រង់ ដែល​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប។ —LAWRENCE DARMANI