នារី​បាប៊ូស្កា ស្ថិត​នៅ​ក្នុង​ចំណោម​អាថ៌​កំបាំង​ជា​ច្រើន ជុំវិញ​រឿង​ឃាត​កម្ម​ប្រធានាធិបតី​អាមេរិក លោក​ចន អែហ្វ ខេនេឌី(John F. Kennedy)។ នៅ​ថ្ងៃ​គេ​ធ្វើ​ឃាត​លោក​ខេនេឌី កាំមីរ៉ា​ដែល​បាន​ថត​ហេតុការណ៍ ចាប់​បាន​រូប​ភាព​ស្រ្តី​ម្នាក់​នោះ ដែល​កំពុង​តែ​កាន់​កាំមីរ៉ា​ថត​រូប​លោកខេនេឌី។ គេ​បាន​ព្យាយាម​ស្វែង​រក​នាង ដោយ​ការ​ពិបាក​យ៉ាង​ខ្លាំង។ នៅ​ក្នុង​វីដេអូ​នោះ គេ​ឃើញ​ស្រ្តី​អាថ៌​កំបាំង​នោះ​ មាន​ស្លៀក​អាវ​វែង​សម្រាប់​ពាក់​ពី​ក្រៅ និង​ក្បាល​គ្រប​កន្សែង(ដែលមើល​ទៅ​ដូច នារីបាប៊ូស្កា​របស់​ជន​ជាតិ​រូស្ស៊ី)។ គេ​នៅ​តែ​មិន​អាច​រក​ឃើញ​អត្ត​សញ្ញាណ​របស់​នាង ហើយ​វីដេអូ​ដែលនាង​បាន​ថត​នឹង​កាំមីរ៉ា​របស់​នាង នៅ​ថ្ងៃ​នោះ ក៏​គេ​មិន​ដែល​បាន​យក​មក​មើល ឬ​បញ្ចាំង​ដែរ។ អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដែល​អ្នក​ប្រវត្តិ​សាស្រ្ត និង​អ្នក​ឯក​ទេស​ទាំង​ឡាយ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា នារី​បាប៊ូស្កា​នោះ ប្រហែល​ជា​មាន​ការ​ភ័យ​ខ្លាច បាន​ជា​គាត់​មិន​ព្រម​ចេញ​មុខ​មក​បក​ស្រាយ​រឿង​របស់​នាង នៅ​ថ្ងៃដ៏​ងងឹង នៃ​ខែ​វិច្ឆិការ ដែល​គេ​បាន​ធ្វើ​ឃាត​លោក​ខេនេឌី។

យ៉ាង​ណា​មិញ គេ​មិន​ចាំ​បាច់​ធ្វើ​ការ​ប្រមើល​មើល​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​បាន​លាក់​ខ្លួន​នោះ​ទេ។ ពួក​គេ​ត្រូវ​បាន​ការ​ភ័យ​ខ្លាច​គ្រប​សង្កត់ គឺ​ដោយ​សារ​តែ​ពួក​កាន់​អំណាច បាន​ប្រហារ​ជីវិត​គ្រូ​របស់​ពួក​គេ​(យ៉ូហាន ២០:១៩) បាន​ជា​ពួក​គេ​មិន​ហ៊ាន​ចេញ​មុខ ធ្វើ​ទី​បន្ទាល់​អំពី​បទ​ពិសោធន៍​ដែល​ខ្លួន​មាន​ជា​មួយ​ទ្រង់។ ប៉ុន្តែ បន្ទាប់​មក ព្រះយេស៊ូវ​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ មិន​យូរ​ប៉ុន្មាន ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​យាង​ចុះ​មក ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​អ្វី​អាច​បំភ័យ​ពួក​សិស្ស​របស់​ព្រះយេស៊ូវ ឲ្យ​ឈប់​ផ្សាយ​ព្រះ​បន្ទូល​ឡើយ ទោះ​កាល​ពី​មុន​ពួក​គេ​ធ្លាប់​មាន​ភាព​ទន់​ខ្សោយ​ក៏​ដោយ។ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ លោក​ពេត្រុស​បាន​ទទួល​អំណាច​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយក៏​បាន​ប្រកាស​ឡើង​ថា “ចូរ​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ជា​ប្រាកដ​ថា ព្រះ​ទ្រង់​បាន​លើក​ព្រះយេស៊ូវ​នេះ​ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះអម្ចាស់ ហើយ​ជា​ព្រះគ្រីស្ទ​ផង”(កិច្ចការ ២:៣៦)។

ឱកាស​ថ្លែង​ព្រះ​នាម​ព្រះ​យេស៊ូវ ដោយ​ចិត្ត​ក្លាហាន គឺ​មិន​មែន​សម្រាប់​តែ​អ្នក​ក្លាហាន ឬ​អ្នក​ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល ឲ្យ​ធ្វើ​ការ​បម្រើ​ព្រះ​ពេញ​ពេល​នោះ​ឡើយ។ តែ​គឺ​ដោយ​សារ​តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​គង់​សណ្ឋិត​ក្នុង​អ្នកជឿ​ទាំង​អស់ ដែល​បាន​ជួយ​ឲ្យ​យើង​អាច​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​វិញ្ញាណ។ ពេល​យើង​ពឹង​អាង​កម្លាំង​របស់​ទ្រង់ យើងនឹង​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​ចែក​ផ្សាយ​អំពី​ព្រះ​សង្រ្គោះ​របស់​យើង ដល់​អ្នក​ដទៃ។—BILL CROWDER