តើមានអ្វី ដែលធ្វើឲ្យអ្នកគេងមិនលក់ នៅពេលយប់? ថ្មីៗនេះ ខ្ញុំមានការពិបាកគេង។ ខ្ញុំបានត្រឡប់ខ្លួនចុះឡើងៗ នៅលើគ្រែរបស់ខ្ញុំ ដោយព្យាយាមគិតរកដំណោះស្រាយ សម្រាប់បញ្ហាមួយ។ ទីបំផុត ខ្ញុំក៏បានចាប់ផ្តើមខ្លាចគេងមិនគ្រប់គ្រាន់ ដែលនឹងធ្វើឲ្យពិបាកប្រឈមមុខនឹងឧបស័គ្គនៅថ្ងៃបន្ទាប់។
តើអ្នកធ្លាប់មានបញ្ហាដូចនេះទេ? ទំនាក់ទំនងដែលប្រេះស្រាំ ពេលអនាគតដែលមិនច្បាស់លាស់ ហើយអ្វីក៏ដោយ គឺសុទ្ធតែអាចធ្វើឲ្យយើងមានការព្រួយបារម្ភ នៅពេលណាមួយ។
ស្តេចដាវីឌមានទុក្ខព្រួយយ៉ាងខ្លាំង ពេលដែលទ្រង់និពន្ធបទគម្ពីរ ទំនុកដំកើង ជំពូក៤។ មានមនុស្សដែលកំពុងតែបំផ្លាញកេរ្តិ៍ឈ្មោះទ្រង់(ខ.២)។ ហើយអ្នកខ្លះក៏បានចោទសួរ អំពីសមត្ថភាពរបស់ទ្រង់ នៅក្នុងការដឹកនាំប្រទេស(ខ.៦)។ នៅពេលនោះ ស្តេចដាវីឌអាចមានព្រះទ័យក្រោធ ដោយសារគេបានប្រព្រឹត្តចំពោះទ្រង់ ដោយអយុត្តិធម៌ ។ ជាការពិតណាស់ ទ្រង់អាចផ្ទំមិនលក់ ដោយសាររឿងនេះ។ ប៉ុន្តែ ទ្រង់បានមានបន្ទូលដ៏គួរឲ្យកត់សំគាល់ថា “ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្តីស្ងប់”(ខ.៨)។
លោកឆាល ស្ពើជិន(Charles Spurgeon) បានបកស្រាយ ខ.៨ យ៉ាងមានន័យ យ៉ាងដូចនេះថា “ពេលស្តេចដាវីឌផ្តេកព្រះកាយចុះ … ទ្រង់ថ្វាយព្រះកាយទ្រង់ ដល់ព្រះហស្តព្រះ។ គឺទ្រង់បានថ្វាយដាច់ដល់ព្រះ ហើយទ្រង់ក៏បានផ្ទំលក់ ដោយគ្មានការខ្វល់ខ្វាយអ្វីឡើយ ព្រោះទ្រង់បានទុកចិត្តលើព្រះអម្ចាស់”។
តើមានអ្វីដែលបណ្តាលចិត្តឲ្យទ្រង់ទុកចិត្តព្រះអម្ចាស់? តាំងពីដំបូងមក ស្តេចដាវីឌជឿជាក់ថា ព្រះទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់ទ្រង់(ខ.៣)។ ហើយទ្រង់ជ្រាបច្បាស់ថា ដោយសារព្រះទ្រង់បានសម្រេចព្រះទ័យស្រឡាញ់ទ្រង់ នោះ ព្រះទ្រង់នឹងបំពេញសេចក្តីត្រូវការរបស់ទ្រង់ ដោយសេចក្តីស្រឡាញ់។
សូមព្រះទ្រង់ជួយយើង ឲ្យសម្រាកនៅក្នុងអំណាចចេស្តា និងព្រះវត្តមានទ្រង់ ពេលដែលការព្រួយបារម្ភកំពុងតែរំខានយើង។ នៅក្នុងព្រះហស្ត ដ៏មានចេស្តា និងមានក្តីស្រឡាញ់ យើងអាច “សម្រាកកាយ ហើយគេងលក់”។—POH FANG CHIA