បន្ទាប់ពីលោកចេមស៍(James) បានធ្វើការបម្រើប្រទេសជាតិគាត់ អស់រយៈពេលពីរទសវត្សរ៍ ក្នុងនាមជាអ្នកបើកបរឧទ្ធម្ភាគចក្រយោធា គាត់ក៏បានវិលត្រឡប់មកផ្ទះវិញ ដើម្បីធ្វើការជាគ្រូបង្រៀនបម្រើដល់សហគមន៍របស់គាត់។ ប៉ុន្តែ ដោយសារគាត់នឹកឧទ្ធម្ភាគចក្រពេក គាត់ក៏បានទៅទទួលការងារ ជាអ្នកបើកបរឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់ ឲ្យមន្ទីរពេទ្យក្នុងតំបន់ដែលគាត់រស់នៅ។ គាត់ក៏បានបើកបរឧទ្ធម្ភាគចក្រ រហូតដល់ពេលគាត់មានវ័យចាស់។
ឥឡូវនេះ យើងដល់ពេលដែលត្រូវនិយាយលាគាត់។ ខណៈពេលដែលមិត្តភក្តិ ក្រុមគ្រួសារ និងមិត្តរួមការងារដែលមានឯកសណ្ឋាន កំពុងតែឈរតម្រៀបគ្នា នៅទីបញ្ចុះសព មិត្តរួមការងាររបស់គាត់ម្នាក់ ក៏បានប្រើវិទ្យុទាក់ទង ដើម្បីឲ្យគេបំពេញបេសកកម្មឧទ្ធម្ភាកចក្រជាលើកចុងក្រោយ សម្រាប់លោកចេមន៍។ មិនយូរប៉ុន្មាន យើងក៏បានឮសម្លេងស្លាបចក្រឧទ្ធម្ភាគចក្រ ដែលកំពុងតែវិលជក់ខ្យល់ ងាយឲ្យយើងចំណាំបានពីចម្ងាយ។ យើងក៏បានឃើញឧទ្ធម្ភាគចក្រមួយគ្រឿង កំពុងតែហោះឆ្វែលជុំវិញសួនបញ្ចុះសព ហើយក៏បានសំកាំងមួយសន្ទុះ នៅលើអាកាស ដើម្បីធ្វើការគោរព ចំពោះសពរបស់លោកចេមស៍ ហើយក៏បានបើកត្រឡប់ទៅមន្ទីរពេទ្យវិញ។ នៅពេលនោះ សូម្បីតែមន្ត្រីទាហានដែលមានវត្តមាននៅទីនោះ ក៏មិនអាចទប់ទឹកភ្នែកបានដែរ។
ពេលដែលស្តេចសូល និងបុត្រាទ្រង់ ព្រះនាមយ៉ូណាថាន បានបាត់បង់ព្រះជន្មនៅក្នុងសង្រ្គាម ដាវីឌក៏បាននិពន្ធបទទំនួញ ដែលមានចំណងជើងថា “ទំនួញនៃធ្នូ” (២សាំយ៉ូអែល ១:១៧)។ គឺដូចដែលទ្រង់បានថ្លែងឡើងថា “ឱសាសន៍អ៊ីស្រាអែលអើយ អ្នកដ៏ជាសិរីល្អនៃឯង បានត្រូវគេសំឡាប់នៅលើទីខ្ពស់របស់ឯង ឱះឱពួកខ្លាំងពូកែបានដួលស្លាប់ហើយ”(ខ.១៩)។ យ៉ូណាថាន គឺជាមិត្តជិតសិ្នទ្ធបំផុត របស់ដាវីឌ និងជាមិត្តរួមអាវុធផងដែរ។ ហើយទោះបីជាដាវីឌ និងស្តេចសូលបានក្លាយជាខ្មាំងសត្រូវនឹងគ្នាក៏ដោយ ក៏ដាវីឌនៅតែគោរពអ្នកទាំងពីរដដែល។ គឺដូចដែលទ្រង់បានសរសេរ ក្នុងបទទំនួញនោះថា “ចូរយំសោកនឹងសូល” “ឱយ៉ូណាថាន បងអើយ ខ្ញុំមានសេចក្តីទុក្ខចំពោះបង”(ខ.២៤,២៦)។
សូម្បីតែការលាគ្នាដ៏ល្អបំផុត ក៏មានការពិបាកយ៉ាងនេះទៅហើយ។ ប៉ុន្តែ សម្រាប់អ្នកដែលទុកចិត្តព្រះអម្ចាស់ អនុស្សាវរីយ៍របស់ពួកគេនឹងកាន់តែមានភាពផ្អែម ខ្លាំងជាងជាតិល្វីងជូរចត់ ដ្បិតអនុស្សាវរីយ៍ទាំងនោះ មិនស្ថិតស្ថេរជារៀងរហូតទេ។ ប្រពៃណាស់ ដែលយើងអាចគោរព អ្នកដែលបានបម្រើអ្នកដទៃ! —TIM GUSTAFSON