មាន​ពេល​មួយ​ស្វាមី​ខ្ញុំ​បាន​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ រយៈ​ពេល​១​ខែ​ទើប​ត្រឡប់​មក​វិញ ហើយ​មិន​យូរ​ប៉ុន្មាន ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា មិន​អាច​ទ្រាំ​ទ្រ​រួច ចំពោះ​តម្រូវ​ការ​នៃ​ការងារ ផ្ទះ និង​កូន​ៗ​របស់​ខ្ញុំ។ ការ​ងារ​តែង​និពន្ធ​របស់​ខ្ញុំ ក៏​ជិត​ហួរ​ពេល​កំណត់។ ម៉ាស៊ីន​កាត់​ស្មៅ​ក៏​ខូច​ទៀត។ សាលា​រៀន​របស់​កូន​ខ្ញុំ​បាន​វ៉ា​កង​ហើយ បាន​ជា​ពួក​គេ​ក៏​អផ្សុក ដោយ​សារ​នៅ​ផ្ទះ​ច្រើន​ពេក។ តើ​ខ្ញុំ​គួរ​តែ​រាប់​រង​កិច្ច​ការ​ទាំង​អស់​នេះ តែ​ម្នាក់​ឯង​ ដោយ​របៀប​ណា?

មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ធ្វើអ្វី​ៗ តែ​ម្នាក់​ឯង​ទេ។ មិត្ត​ភក្តិ​ជា​ច្រើន​មក​ពី​ព្រះវិហារ បាន​មក​ជួយ​ខ្ញុំ។ លោក​ចស(Josh) បាន​មក​ជួយ​ជួស​ជុល​ម៉ាស៊ីន​កាន់​ស្មៅ​របស់​ខ្ញុំ។ លោក​ចន(John) បាន​យក​អាហារ​ថ្ងៃ​ត្រង់​មក​ឲ្យ​យើង​ញាំ។ អ្នក​ស្រី​ខាស៊ីឌី(Cassidy) បាន​ជួយ​បោក​ខោអាវ​ឲ្យ​យើង​ទៀត។ ចំណែក​អ្នក​ស្រី​អាប៊ី(Abi)វិញ ក៏​បាន​នាំ​កូន​យើង ទៅ​លេង​ជា​មួយ​កូន​គាត់ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចប់​ការងារ​របស់​ខ្ញុំ។ ព្រះ​ទ្រង់​បាន​ធ្វើ​ការ តាម​រយៈ​មិត្ត​ភក្តិ​ទាំង​អស់​នេះ ដើម្បី​ជួយ​ផ្គត់​ផ្គង់​ខ្ញុំ។ ពួក​គេ​បាន​ធ្វើ​ជា​គំរូ​ដ៏​រស់ នៃ​សហគមន៍​មួយ​ប្រភេទ ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់ នៅ​ក្នុង បទ​គម្ពីរ​រ៉ូម ជំពូក​១២។ ពួក​គេ​បាន​ស្រឡាញ់ ដោយ​ចិត្ត​ស្មោះ​ត្រង់(ខ.៩) គិត​អំពី​តម្រូវ​ការ​របស់​អ្នក​ដទៃ ជា​ជាង​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​(ខ.១០) ហើយ​បាន​ចែក​រំលែក​ដល់​ខ្ញុំ ពេល​ដែល​ខ្ញុំ​មាន​ការ​ខ្វះ​ខាត ហើយ​ក៏​មាន​ភាពចៅរ៉ៅ​ចំពោះ​ក្រុម​គ្រួសារ​ខ្ញុំ​ផង(ខ.១៣)។

ដោយសារ​តែ​សេចក្តី​ស្រឡាញ់ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​បង្ហាញ​ចេញ​ដល់​ខ្ញុំ ខ្ញុំ​ក៏​បាន​អរ​សប្បាយ ដោយ​មាន​សេចក្តី​សង្ឃឹម ហើយ “អត់​ធន់ នៅ​ក្នុង​សេចក្តី​ទុក្ខ​លំបាក”(ខ.១២) សូម្បី​តែ​ទុក្ខ​លំបាក​នោះ គ្រាន់​តែ​ជា​ការ​ពិបាក​មើល​កូន​តែ​ម្នាក់ឯង​រយៈ​ពេល​១​ខែ​ក៏ដោយ។ បង​ប្អួន​ប្រុស​ស្រី​របស់​ខ្ញុំ នៅ​ក្នុង​ព្រះ​គ្រីស្ទ បាន​ធ្វើ​ឲ្យ​ខ្ញុំ មើល​ឃើញ​ព្រះ​យេស៊ូវ ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​ពួក​គេ។ ពួក​គេ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ ប្រភេទ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ ដែល​យើង​គួរ​តែ​បង្ហាញ​ចេញ​ដល់​មនុស្ស​គ្រប់​គ្នា ជា​ពិសេស អ្នក​ដែល​នៅ​ក្នុង​សហគមន៍​នៃ​សេចក្តី​ជំនឿ​របស់​យើង​(កាឡាទី ៦:១០)។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ​ដូច​ពួក​គេ​ផង​ដែរ។—AMY PETERSON