ពេល​ដែល​សាឡាង​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​មុខ កូន​ស្រី​ដ៏​តូច​ល្អិត​របស់​ខ្ញុំ បាន​និយាយ​ថា នាង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។ នាង​បាន​ចាប់​ផ្តើម​ពុល​រលក​ហើយ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ចង់​ក្អួត​ផង​ដែរ។ ខ្ញុំ​ក៏​បាន​រំឭក​ខ្លួន​ឯង “ឲ្យ​មើល​ទៅ​ឯ​នាយ​ជើង​មេឃ”។ អ្នក​ធ្វើ​ការ​នៅ​លើក​ប៉ាល់​ បាន​និយាយ​ថា ការ​ធ្វើ​ដូច​នេះ អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្បើយ​ឡើង​វិញ។

ព្រះ​ដែល​បាន​បង្កើត​ជើង​មេឃ(យ៉ូប ២៦:១០) ជ្រាប​ថា ជួន​កាល ក្នុង​ជីវិត​យើង យើង​អាច​មាន​ការ​ភ័យ​ខ្លាច និង​នឿយ​ហត់។ យើង​អាច​មាន​អារម្មណ៍​ធូរ​ស្បើយ​ឡើង​វិញ ដោយ​ផ្តោត​ទៅ​លើ​អ្វី​មួយ ដែល​នៅ​ឆ្ងាយ តែ​ស្ថិត​ស្ថេរ ដែល​ជា​កន្លែង​ចុង​ក្រោយ ដែល​យើង​នឹង​ទៅ​ដល់ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​យើង នៅ​លើ​ផែន​ដី។

អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​យល់​អំពី​បញ្ហា​នេះ។ គាត់​ដឹង​ថា អ្នក​អាន​សំបុត្រ​របស់​គាត់​កំពុង​តែ​មាន​ការ​បាក់​ទឹកចិត្ត​។ ការ​បៀត​បៀន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​ច្រើន​នាក់ ភាស​ខ្លួន​ចេញ​ពី​ទី​លំនៅ។ ដូច​នេះ គាត់​ក៏​បាន​រំឭក​ពួក​គេ​ថា មនុស្ស​នៃ​សេចក្តី​ជំនឿ​ដទៃ​ទៀត ក៏​បាន​អត់​ទ្រាំ​នឹង​ទុក​លំបាក​ក្រៃ​លែង ហើយ​ក៏​បាត់​បង់​ទីលំនៅ​ផង​ដែរ។ ពួក​គេ​បាន​អត់​ទ្រាំ​នឹង​ការ​លំបាក​គ្រប់​យ៉ាង ព្រោះ​ពួក​គេ​កំពុង​តែ​ទន្ទឹង​រង់​ចាំ ការ​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​នោះ។

ក្នុង​នាម​ជា​ជន​ភាស​ខ្លួន អ្នក​អាន​សំបុត្រ​របស់​គាត់ អាច​សម្លឹង​មើល​ទៅ​ទី​ក្រុង ដែល​ព្រះ​ទ្រង់​ជា​អ្នក​សង់ គឺ​ទីក្រុង​នៃនគរ​ស្ថាន​សួគ៌ ដែល​ព្រះ​ទ្រង់​បាន​ត្រៀម​ទុក​សម្រាប់​ពួក​គេ(ហេព្រើរ ១១:១០,១៤,១៦)។ ដូច​នេះ ជា​ចុង​ក្រោយ អ្នក​និពន្ធ​ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​កណ្ឌ​សំបុត្រ​ហេព្រើរ ឲ្យ​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ដ្បិត​នៅ​ស្ថាន​នេះ យើង​រាល់​គ្នា​គ្មាន​ទី​ក្រុង​ណា ដែល​ស្ថិត​នៅ​ជាប់​ជានិច្ច​ទេ តែ​យើង​កំពុង​តែ​ស្វែង​រក​ក្រុង​នោះ​ដែល​ត្រូវ​មក”(១៣:១៤)។

បញ្ហា​ដែល​យើង​មាន​ក្នុង​ពេល​បច្ចុប្បន្ន មិន​ស្ថិត​ស្ថេរ​ជា​រហូត​ទេ។ យើង​ជា អ្នក​ដំណើរ និង​អ្នក​សំណាក់​នៅ​លើ​ផែន​ដី(១១:១៣)។ ការ​សម្លឹង​ឆ្ពោះ​ទៅ​រក​អ្វី​ដែល​ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន ដែល​ស្ថិត​នៅ​ឆ្ងាយ​នៅ​ឡើយ ជួយ​ឲ្យ​យើង ​មាន​ភាព​នឹង​នរ ​នៅ​ក្នុង​ជីវិត។—KEILA OCHOA