សម្លេងស្រែកយំដ៏សង្វែក បានលាន់ឮខ្លាំង ពុះជ្រែកអាកាស នៅពេលរសៀល ដែលត្រូវបានគ្របដណ្តប់ ដោយភាពងងឹត។ ខ្ញុំក៏បានស្រមៃថា សម្លេងនោះបានលាន់ឮខ្លាំង ជាងសម្លេងមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់ព្រះយេស៊ូវ ដែលនៅជុំគ្នា ក្រោមព្រះបាទទ្រង់ពេលទ្រង់កំពុងជាប់លើឈើឆ្កាង។ សម្លេងនោះក៏ប្រាកដជាបានលប់លើសម្លេងទួញថ្ងូររបស់ចោរដែលជិតស្លាប់ នៅសង្ខាងព្រះយេស៊ូវហើយ។ ជាការពិតណាស់ សម្លេងនោះបានធ្វើឲ្យអ្នកដែលបានស្តាប់ឮ មានភាពតក់ស្លត់នៅថ្ងៃនោះ។
នៅពេលរសៀលថ្ងៃនោះ ព្រះយេស៊ូវបានស្រែកឡើងថា “អេលីៗល៉ាម៉ាសាបាច់ថានី?” ជាសម្លេងស្រែក ដោយការឈឺចាប់ជាទីបំផុត ខណៈពេលដែលទ្រង់កំពុងតែជាប់នៅលើឈើឆ្កាងនៃសេចក្តីអាម៉ាស់ នៅលើភ្នំកុលកូថា ឬភ្នំរលាក្បាល(ម៉ាថាយ ២៧:៤៥-៤៦)។
ទ្រង់ស្រែកថា “ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?”
ខ្ញុំគិតថា គ្មានពាក្យសម្តីអ្វី ដែលធ្វើឲ្យអ្នកស្តាប់ស្លុតចិត្ត ជាងព្រះបន្ទូលនេះឡើយ។ ចាប់តាំងពីពេលអស់កល្បជានិច្ចរៀងមក ព្រះយេស៊ូវមានការប្រកបដ៏ល្អឥតខ្ចោះជាមួយព្រះវរបិតា។ ព្រះដ៏ជាព្រះត្រៃឯក បីអង្គរួមមកតែមួយ បានបង្កើតចក្រវាល ហើយក៏បានបង្កើតមនុស្សមក ឲ្យមានរូបភាពដូចទ្រង់ ហើយក៏មានផែនការជួយសង្រ្គោះពួកគេ បន្ទាប់ពីពួកគេបានធ្លាក់ចូលក្នុងអំពើបាប។ ក្នុងរយៈពេលដ៏វែងអស់កល្បជានិច្ច មុនពេលទ្រង់ជាប់ឆ្កាង គ្មានពេលណា ដែលព្រះវរបិតា និងព្រះរាជបុត្រា មិនបានមានការប្រកបដ៏ពេញលេញជាមួយគ្នានោះឡើយ។
តែនៅថ្ងៃនោះ ខណៈពេលដែលទារុណកម្ម នៅលើឈើឆ្កាង កំពុងតែបន្តធ្វើឲ្យព្រះយស៊ូវមានការឈឺចាប់ ទ្រង់ក៏បានដាច់ចេញពីព្រះវត្តមាននៃព្រះវរបិតា ជាលើកទីមួយ ទន្ទឹមនឹងពេលដែលទ្រង់កំពុងតែទទួលបន្ទុកនៃអំពើបាបទាំងអស់ នៅលោកិយនៅលើព្រះអង្គទ្រង់។
នេះជាផ្លូវតែមួយ។ មានតែតាមរយៈការកាត់ផ្តាច់ទំនាក់ទំនងជាមួយព្រះវរបិតាយ៉ាងដូចនេះទេ ដែលទ្រង់អាចប្រទានសេចក្តីសង្រ្គោះដល់យើងរាល់គ្នា។ ហើយគឺដោយសារតែព្រះយេស៊ូវស្ម័គ្រព្រះទ័យទទួលយកបទពិសោធន៍នៃការដែលត្រូវព្រះវរបិតាបោះបង់ចោល នៅលើឈើឆ្កាងនោះហើយ ដែលមនុស្សយើងអាចរកបានការប្រកបជាមួយព្រះឡើងវិញ។
ឱព្រះយេស៊ូវ សូមអរព្រះគុណព្រះអង្គ សម្រាប់ការស្ម័គ្រព្រះទ័យ ទទួលការឈឺចាប់ដ៏ខ្លាំងយ៉ាងនេះ ដើម្បីឲ្យយើងខ្ញុំអាចទទួលការអត់ទោសបាប។—DAVE BRANON