កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ផ្ញើរ​សារ​មួយ ទៅ​ខារី(Cari) ភរិយា​របស់​ខ្ញុំ ដោយ​ប្រើ​សារ​សម្លេង ដែល​ទូរស័ព្ទ​ប្រែ​វា​ទៅជា​សារ​អក្សរ។ ខ្ញុំ​កំពុង​តែ​ដើរ​ចេញ​ទៅ​ក្រៅ ដើម្បី​ទៅ​ទទួល​គាត់ ចេញ​ពី​ធ្វើ​ការ ហើយ​ចង់​ផ្ញើរ​សារ​ប្រាប់​គាត់​ថា “តើ​អូន​ចង់​ឲ្យ​បង​ទៅ​ទទួល​អូន នៅ​កន្លែង​ណា ស្រី​ចាស់?”

ខារី​មិន​ប្រកាន់​ទេ ពេល​ដែល​ខ្ញុំ​ហៅ​គាត់ “ស្រី​ចាស់” ព្រោះ​វា​ជា​ឈ្មោះ​សម្រាប់​ហៅ​ក្រៅ ដោយ​ក្តី​ស្រឡាញ់​ដែល​យើង​ប្រើ​នៅ​ក្នុង​ផ្ទះ​យើង។ ប៉ុន្តែ ទូរ​ស័ព្ទ​ខ្ញុំ​ចាប់​មិន​បាន​ពាក្យ​ដែល​ខ្ញុំ​និយាយ ហើយ​បែរ​ជា​ផ្ញើរ​ពាក្យ “គោចាស់” ទៅ​គាត់។

តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ខារី​ឆាប់​យល់​អំពី​បញ្ហា ដែល​ទើប​កើត​ឡើង ហើយ​ក៏​គិត​ថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​។ ក្រោយ​មក គាត់​ក៏​បាន​បង្ហោះ​សារ​នោះ នៅ​ក្នុង​បណ្តាញ​សង្គម ហើយ​ក៏​សួរ​គេ​ថា តើ​គាត់​គួរ​តែ​អន់​ចិត្ត​ឬ​ទេ? យើងក៏​បាន​អស់​សំណើច​ទាំង​អស់​គ្នា ដោយ​សារ​រឿង​នេះ។

ការ​ឆ្លើយ​តប​របស់​ភរិយា​ខ្ញុំ ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​ពាក្យ​ដែល​ឆ្គាំ​ឆ្គង នៅ​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ ដែល​ទ្រង់​ជ្រាប​អំពី​សេចក្តី​កម្សោយ​របស់​យើង ដោយ​សេចក្តី​ស្រឡាញ់ ពេល​ដែល​យើង​អធិស្ឋាន​ទៅ​រក​ទ្រង់។ យើង​ប្រហែល​ជា​មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី​ទេ ពេល​ដែល​យើង​អធិ​ស្ឋាន ឬ​មិន​ដឹង​ថា ត្រូវ​ទូល​សូម​អ្វី​ផង ប៉ុន្តែ ពេល​ដែល​យើង​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​គ្រីស្ទ​ហើយ​ ព្រះ​វិញ្ញាណ​ដែល​គង់​នៅ​ក្នុង​យើង “​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ”(រ៉ូម ៨:២៦) ហើយ​ក៏​ជួយ​យើង ដោយ​សេចក្តី​ស្រឡាញ់ ឲ្យ​ទូល​ថ្វាយ​តម្រូវ​ការ​ដ៏​ជ្រាល​ជ្រៅបំផុត​របស់​យើង នៅ​ចំពោះ​ទ្រង់។

ពេល​យើង​ទូល​ថ្វាយ​ព្រះ​វរបិតា​នៃ​យើង ទ្រង់​មិន​រង់​ចាំ ទាល់​តែ​យើង​ប្រើ​ពាក្យ​សម្តី​ដែល​ត្រូវ​គ្រប់​ម៉ាត់​ ទើប​ទ្រង់​ឆ្លើយ​តប​យើងវិញ​នោះ​ឡើយ។ យើង​អាច​ចូល​ទៅ​រក​ទ្រង់ ដោយ​ទូល​ថ្វាយ​អំពី​តម្រូវ​ការ​គ្រប់​យ៉ាង​របស់​យើង ដោយ​ដឹង​ច្បាស់​ថា ទ្រង់​យល់​អំពី​ភាព​កម្សោយ​របស់​យើង ហើយ​ទទួល​យើង​ដោយ​សេចក្តី​ស្រឡាញ់។ —JAMES BANKS