កាលខ្ញុំទើបតែមានអាយុ២០ឆ្នាំ ខ្ញុំបានរត់គេចចេញពីព្រះ កាន់តែឆ្ងាយទៅៗ។ ខ្ញុំបានដើរលេងដល់យប់ជ្រៅនៅពេលយប់មួយ ដូចរៀងរាល់ពេលយប់ថ្ងៃសៅរ៍។ ប៉ុន្តែ ភ្លាមៗនោះ វាដូចជាចម្លែក ព្រោះខ្ញុំស្រាប់តែមានអារម្មណ៍ថា មានអ្វីជម្រុញចិត្តឲ្យចង់ទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅព្រះវិហារដែលលោកឪពុករបស់ខ្ញុំ បានធ្វើការជាគ្រូគង្វាល។ ខ្ញុំក៏បានស្លៀកខោខៅប៊យ ដែលស្លេកពណ៌ និងអាវយឺតកញ្ចាស់ ហើយក៏បានចំហរលេវអាវលើគេ ហើយក៏បានបើកឡានកាត់ក្រុង។
សព្វថ្ងៃនេះ ខ្ញុំមិនបានចាំថា ប៉ារបស់ខ្ញុំបានអធិប្បាយព្រះបន្ទូលអំពីអ្វីទេ នៅថ្ងៃនោះ ប៉ុន្តែ ខ្ញុំនៅតែចាំថា គាត់មានក្តីអំណរប៉ុណ្ណា ពេលដែលបានឃើញខ្ញុំមកព្រះវិហារ។ គាត់ក៏បានដាក់ដៃពីលើស្មាខ្ញុំ ហើយក៏បានណែនាំខ្ញុំ ឲ្យគេឯងបានស្គាល់ គឺដល់អ្នកណាក៏ដោយដែលគាត់បានជួបនៅថ្ងៃនោះ។ គាត់ក៏បាននិយាយដោយមោទនៈភាពថា “នេះជាកូនប្រុសខ្ញុំ!” ក្តីអំណររបស់គាត់នៅថ្ងៃនោះ បានឆ្លុះបញ្ចាំងឲ្យខ្ញុំឃើញសេចក្តីស្រឡាញ់របស់ព្រះ ដែលបានប៉ះពាល់ចិត្តខ្ញុំ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
ព្រះទ្រង់បានបង្ហាញរូបភាពរបស់ទ្រង់ ជាព្រះវរបិតាដែលមានក្តីស្រឡាញ់ គឺដូចដែលមានចែង នៅពេញក្នុងព្រះគម្ពីរ។ ក្នុងបទគម្ពីរអេសាយ ជំពូក៤៤ ទន្ទឹមនឹងការថ្លែងព្រះបន្ទូលព្រមានដល់ពួកអ៊ីស្រាអែល ហោរាអេសាយ ក៏បាននាំព្រះរាជសារនៃសេចក្តីស្រឡាញ់ជាគ្រួសារ ដល់ពួកគេផងដែរ។ គឺដូចដែលគាត់បានថ្លែងថា “ឱពួកយ៉ាកុប ជាអ្នកបំរើអញ ហើយឯងដែរ យេស៊ូរុនដែលអញបានរើសអើយកុំឲ្យខ្លាចឡើយ។ ដ្បិតអញនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែងផង អញនឹងចាក់វិញ្ញាណអញទៅលើពូជពង្សរបស់ឯង ហើយពររបស់អញ ទៅលើកូនចៅរបស់ឯង”(ខ.២-៣)។ លោកអេសាយបានកត់សំគាល់ឃើញថា របៀបដែលពួកកូនចៅទំាងនោះនឹងឆ្លើយតប ចំពោះទ្រង់វិញ គឺជាមោទនៈភាពនៃគ្រួសារខ្លួន។ គឺដូចដែលគាត់បានសរសេរថា “អ្នក១នឹងថា ខ្ញុំនេះជារបស់ផងព្រះយេហូវ៉ា ម្នាក់ទៀតនឹងហៅខ្លួនតាមឈ្មោះយ៉ាកុប ឯម្នាក់១ទៀតនឹងចុះឈ្មោះដោយដៃខ្លួនថា ខ្ញុំជារបស់ផងព្រះយេហូវ៉ា ហើយនឹងយកឈ្មោះអ៊ីស្រាអែលជានាមត្រកូលរបស់ខ្លួន”(ខ.៥)។
ពួកអ៊ីស្រាអែលដែលបានវង្វេងចេញ គឺជារាស្រ្តរបស់ព្រះ គឺដូចដែលខ្ញុំ ជាកូនរបស់ឪពុកចិញ្ចឹមរបស់ខ្ញុំផងដែរ។ ទោះខ្ញុំធ្វើអ្វីក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលគាត់មានចំពោះខ្ញុំ មិនចេះបាត់បង់ឡើយ។ គាត់បានឆ្លុះបញ្ចាំងឲ្យខ្ញុំឃើញសេចក្តីស្រឡាញ់ ដែលព្រះវរបិតាមានចំពោះយើង។ —TIM GUSTAFSON