កាលខ្ញុំកំពុងស្នាក់នៅ ក្នុងសណ្ឋាគារមួយ នៅទីក្រុងអូស្ទីន រដ្ឋតិចសាស់ ខ្ញុំបានកត់សំគាល់ឃើញកាតមួយសន្លឹក នៅលើតុ ក្នុងបន្ទប់ខ្ញុំ។ នៅលើកាតនោះ ខ្ញុំឃើញអក្សរដែលគេបានសរសេរថា :
សូមស្វាគមន៍
យើងខ្ញុំសូមអធិស្ឋាន សូមឲ្យការសម្រាករបស់អ្នក នៅទីនេះ មានពេញដោយអំណរ
ហើយសូមឲ្យការធ្វើដំណើររបស់អ្នក មានពេញដោយផលផ្លែ។
សូមព្រះអម្ចាស់ ប្រទានពរអ្នក ហើយថែរក្សាអ្នក ហើយសូមឲ្យព្រះភ័ក្រ្តទ្រង់បានបញ្ចេញពន្លឺមកលើអ្នក។
កាតនោះ ជារបស់ក្រុមហ៊ុន ដែលបានគ្រប់គ្រងសណ្ឋាគារនោះ ដែលបានធ្វើឲ្យខ្ញុំមានការចង់ដឹងចង់យល់បន្ថែមទៀត។ ដូចនេះ ខ្ញុំក៏បានបើកមើលវេបសាយរបស់ពួកគេ ហើយក៏បានអានអំពីវប្បធម៌ ចំណុចខ្លាំង និងគោលតម្លៃរបស់ក្រុមហ៊ុនពួកគេ។ ពួកគេបានប្រើធម្យោបាយដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីព្យាយាមដេញតាមភាពល្អប្រសើរ នៅក្នុងមុខជំនួញរបស់ខ្លួន ហើយក៏បានបង្ហាញសេចក្តីជំនឿរបស់ខ្លួន នៅកន្លែងរកស៊ីរបស់ខ្លួន។
ទស្សនវិជ្ជារបស់ពួកគេ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យសម្តីរបស់សាវ័កពេត្រុស ដែលបានថ្លែងទៅកាន់អ្នកដើរតាមព្រះយេស៊ូវ ដែលបានខ្ចាត់ខ្ចាយ នៅទូទាំងតំបន់អាស៊ីមីន័រ។ គាត់បានលើកទឹកចិត្តពួកគេ ឲ្យបង្ហាញចេញនូវសេចក្តីជំនឿលើព្រះគ្រីស្ទ ក្នុងសង្គមដែលពួកគេរស់នៅ។ សូម្បីតែពេលដែលពួកគេបានជួបការគំរាមកំហែង និងការបៀតបៀន ក៏លោកពេត្រុសនៅតែប្រាប់ពួកគេ កុំឲ្យមានការភ័យខ្លាច។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា”(១ពេត្រុស ៣:១៥)។
មិត្តភក្តិរបស់ខ្ញុំម្នាក់បានហៅការរស់នៅប្រភេទនេះ ថាជា “របៀបនៃការរស់នៅ ទាមទាឲ្យមានការពន្យល់”។ បានសេចក្តីថា ទោះយើងរស់នៅ ឬធ្វើការនៅទីណាក៏ដោយ យើងត្រូវបង្ហាញចេញនូវសេចក្តីជំនឿរបស់យើង នៅថ្ងៃនោះ ដោយពឹងផ្អែកកម្លាំងរបស់ព្រះ ដោយត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតប ដោយសុភាព និងដោយការគោរព ទៅដល់នរណាក៏ដោយ ដែលចោទសួរយើង អំពីមូលហេតុ ដែលនាំឲ្យយើងមានសេចក្តីសង្ឃឹម។—DAVID C. MCCASLAND