ដើម្បី​អប​អរ​ឱកាស​ដ៏​ពិសេស​មួយ ស្វាមី​ខ្ញុំ​បាន​នាំ​ខ្ញុំ ទៅ​កន្លែង​ដាក់​តាំង​ស្នាដៃ​សិល្បៈ ហើយ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​អាច​ជ្រើស​រើស​យក​ផ្ទាំង​គំនូរ​មួយ​ផ្ទាំង ធ្វើ​ជា​អំណោយ។ ខ្ញុំ​ក៏​បាន​រើស​យក​ផ្ទាំង​គំនូរ​ដ៏​តូច​មួយ ដែល​មាន​រូប​ទឹក​អូរ​ហូរ​កាត់​ព្រៃ។ ភាគ​ច្រើន​នៃ​ផ្ទៃ​រូប​របស់​ផ្ទាំង​គំនូរ​នោះ ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​រូប​ទឹក​អូរ​នោះ ធ្វើ​ឲ្យ​រូប​ផ្ទៃ​មេឃ​មួយ​ផ្នែក​ធំ មិន​បាន​រាប់​បញ្ចូល​នៅ​ក្នុង​រូប​គំនូរ​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រូប​ដែល​បាន​ចាំង​ឆ្លុះ​នៅ​លើ​ផ្ទៃ​ទឹក បាន​បង្ហាញ​ឲ្យ​យើង​ដឹង អំពី​ទីតាំង​របស់​ព្រះ​អាទិត្យ ចុង​ឈើ និង​បរិយ៉ាកាស​ដែល​ព្រាល​ៗ។ វិធី​តែ​មួយ ដើម្បី​ឲ្យ​យើង​អាច “មើល​ឃើញ” ផ្ទៃ​មេឃ នៅ​ក្នុង​ផ្ទាំង​គំនូរ​នោះ គឺ​ត្រូវ​មើល​ទៅ​ផ្ទៃ​ទឹក។

ក្នុង​ន័យ​ប្រៀប​ធៀប​ខាង​វិញ្ញាណ ព្រះ​យេស៊ូវ​ប្រៀប​បាន​ទៅ​នឹង​ទឹក​អូរ ក្នុង​ផ្ទំាង​គំនូរ​នោះ។ ពេល​ដែល​យើង​ចង់​ដឹង​ថា ព្រះ​ទ្រង់​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច យើង​ត្រូវ​មើល​ទៅ​ព្រះ​យេស៊ូវ។ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើរ បាន​មាន​ប្រសាសន៍ថា ព្រះ​យេស៊ូវ “ជា​រូប​ភាព​នៃ​អង្គ​ព្រះ”(១:៣)។ យើង​អាច​រៀន​សូត្រ​អំពី​ភាព​ពិត​របស់​ព្រះ​ជា​ម្ចាស់ តាម​រយៈ​សេចក្តី​ដែល​បាន​ចែង​ដោយ​ផ្ទាល់ នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​មាន​ដូច​ជា​បទ​គម្ពីរ ដែល​ចែង​ថា “ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់” ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​មាន​ការ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ ដោយ​ស្វែង​យល់​អំពី​របៀប​ដែល​ទ្រង់​ធ្វើ​ការ ពេល​ដែល​ទ្រង់​បាន​ជួប​បញ្ហា ដូច​យើង​ដែល​ជា​មនុស្ស កាល​ទ្រង់​គង់​នៅ​ផែន​ដី ក្នុង​សាច់​ឈាម​ជា​មនុស្ស​។

ព្រះ​យេស៊ូវ​បាន​បង្ហាញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ កាល​ទ្រង់​ជួប​ការ​ល្បួង។ ទ្រង់​ក៏​បាន​បង្ហាញ​អំណាច​គ្រប់​គ្រង​រប​ស់ព្រះ ដោយ​ប្រឈម​មុខ​ដាក់​ភាព​ងងឹត ខាង​វិញ្ញាណ។ ទ្រង់​ក៏​បាន​បង្ហាញ​ប្រាជ្ញា​របស់​ព្រះ ដោយ​ដោះ​ស្រាយ​បញ្ហា ឲ្យ​មនុស្ស​ជា​ច្រើន។ ហើយ​ទ្រង់​ក៏​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ តាម​រយៈ​ការ​សុគត​របស់​ទ្រង់។

យើង​មិន​អាច​យល់​អំពី​ព្រះ​ជា​ម្ចាស់ ឲ្យ​បាន​មួយ​រយ​ភាគ​រយ​ឡើយ ដ្បិត​ទ្រង់​គ្មាន​ដែន​កំណត់ តែ​យើង​មាន​ដែន​កំណត់​នៅ​ក្នុង​ការ​យល់​ដឹង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​អាច​ស្គាល់​ចរិយា​សម្បត្តិ​របស់​ព្រះ​ជាម្ចាស់​យ៉ាង​ច្បាស់ ពេល​ដែល​យើង​មើល​ទៅ​ព្រះ​គ្រីស្ទ។—JENNIFER BENSON SCHULDT