កាល​ខ្ញុំ​កំពុង​ស្នាក់​នៅ ក្នុង​សណ្ឋាគារ​មួយ នៅ​ទីក្រុង​អូស្ទីន រដ្ឋ​តិចសាស់ ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​កាត​មួយ​សន្លឹក នៅ​លើ​តុ ក្នុង​បន្ទប់​ខ្ញុំ។ នៅ​លើ​កាត​នោះ ខ្ញុំ​ឃើញ​អក្សរ​ដែល​គេ​បាន​សរសេរ​ថា :

សូម​ស្វាគមន៍

យើង​ខ្ញុំ​សូម​អធិស្ឋាន សូម​ឲ្យ​ការ​សម្រាក​របស់​អ្នក នៅ​ទីនេះ មាន​ពេញ​ដោយ​អំណរ

ហើយ​សូម​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​អ្នក មាន​ពេញ​ដោយ​ផល​ផ្លែ។

សូម​ព្រះ​អម្ចាស់ ប្រទាន​ពរ​អ្នក ហើយ​ថែរក្សា​អ្នក ហើយ​សូម​ឲ្យព្រះ​ភ័ក្រ្ត​ទ្រង់​បាន​បញ្ចេញ​ពន្លឺ​មក​លើ​អ្នក។

កាត​នោះ ជា​របស់​ក្រុម​ហ៊ុន ដែល​បាន​គ្រប់​គ្រង​សណ្ឋាគារ​នោះ ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ចង់​ដឹង​ចង់​យល់​បន្ថែម​ទៀត។ ដូច​នេះ ខ្ញុំ​ក៏​បាន​បើក​មើល​វេបសាយ​របស់​ពួក​គេ ហើយ​ក៏​បាន​អាន​អំពី​វប្បធម៌ ចំណុច​ខ្លាំង និង​គោល​តម្លៃ​របស់​ក្រុមហ៊ុន​ពួក​គេ។ ពួក​គេ​បាន​ប្រើ​ធម្យោបាយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដើម្បី​ព្យាយាម​ដេញ​តាម​ភាព​ល្អ​ប្រសើរ នៅ​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន ហើយ​ក៏​បាន​បង្ហាញ​សេចក្តី​ជំនឿ​របស់​ខ្លួន នៅ​កន្លែង​រក​ស៊ី​របស់​ខ្លួន។

ទស្សនវិជ្ជា​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​សម្តី​របស់​សាវ័ក​ពេត្រុស ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​ដើរ​តាម​ព្រះយេស៊ូវ ដែល​បាន​ខ្ចាត់​ខ្ចាយ នៅ​ទូទាំង​តំបន់​អាស៊ី​មីន័រ។ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ក្នុង​សង្គម​ដែល​ពួក​គេ​រស់​នៅ។ សូម្បី​តែ​ពេល​ដែល​ពួក​គេ​បាន​ជួប​ការ​គំរាម​កំហែង និង​ការ​បៀត​បៀន ក៏​លោក​ពេត្រុស​នៅ​តែ​ប្រាប់​ពួក​គេ កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ចូរ​ឲ្យ​តាំង​ព្រះគ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះអម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា”(១ពេត្រុស ៣:១៥)។

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​ហៅ​ការ​រស់​នៅ​ប្រភេទ​នេះ ថា​ជា “របៀប​នៃ​ការ​រស់​នៅ ទាម​ទា​ឲ្យ​មាន​ការ​ពន្យល់”។ បាន​សេចក្តី​ថា ទោះ​យើង​រស់​នៅ ឬ​ធ្វើ​ការ​នៅ​ទីណា​ក៏​ដោយ យើង​ត្រូវ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​របស់​យើង នៅ​ថ្ងៃ​នោះ ដោយ​ពឹង​ផ្អែក​កម្លាំង​របស់​ព្រះ ដោយ​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ឆ្លើយ​តប ដោយ​សុភាព និង​ដោយ​ការ​គោរព ទៅ​ដល់​នរណា​ក៏​ដោយ ដែល​ចោទ​សួរ​យើង អំពី​មូល​ហេតុ ដែល​នាំ​ឲ្យ​យើង​មាន​សេចក្តី​សង្ឃឹម។—DAVID C. MCCASLAND