កាល​ហ្សេវីយើរ(Xavier) មាន​អាយុ​ពីរ​ឆ្នាំ គាត់​បាន​រត់​យ៉ាង​លឿន នៅ​តាម​ផ្លូវ​មួយ ហើយ​ចូល​ផ្លូវ​មួយ​ទៀត ដែល​នៅចន្លោះ​ធ្នើរ​ដាក់​អីវ៉ាន់ នៅ​ក្នុង​ហាង​លក់​ស្បែក​ជើង​តូច​មួយ។ គាត់​ក៏​បាន​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ប្រអប់​ដាក់​ស្បែក​ជើង ហើយ​គាត់​ក៏​បាន​សើច​ក្អឹក​ៗ ពេល​ដែល​អ័ឡិន(Alan)ស្វាមី​ខ្ញុំ​និយាយ​ថា “ប៉ា​ឃើញ​កូន​ហើយ”។

មួយ​សន្ទុះ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឃើញ​ស្វាមី​ខ្ញុំ​ស្ទុះ​រត់​ពី​ផ្លូវ​មួយ ទៅ​ផ្លូវ​មួយ​ទៀត ដែល​នៅ​ចន្លោះ​ធ្នើ​ដាក់​ឥវ៉ាន់ ដោយ​ស្រែក​ហៅ​ឈ្មោះ ហ្សេវីយើរ។ យើង​ក៏​បាន​ប្រញាប់​រត់​ទៅ​ខាង​មុខ​ហាង។ កូន​របស់​យើង​នៅ​តែ​សើច​ក្អឹក​ៗ ហើយ​រត់​ទៅ​កាន់​ទ្វារ​ដែល​បើក​ចំហរ ទៅ​រក​ផ្លូវ​ដ៏​មមាញឹក នៅ​ខាង​ក្រៅ​ហាង។

ភ្លាម​ៗ​នោះ ស្វាមី​ខ្ញុំ​ក៏​បាន​ចាប់​គាត់​ពរ។ យើង​ក៏​បាន​ឱប​គ្នា ខណៈ​ពេល​ដែល​យើង​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ទាំង​យំ​ខ្សឹប​ខ្សួល ហើយ​ក៏​បាន​ថើប​ថ្ពាល់​ដ៏​ធាត់​របស់​កូន​ប្រុស​យើង។

រយៈ​ពេល​មួយ​ឆ្នាំ មុន​ពេល​ខ្ញុំ​មាន​ផ្ទៃ​ពោះ​កំណើត​ហ្សេវីយើរ ខ្ញុំ​បាន​បាត់​បង់​កូន​ដំបូង​របស់​យើង ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ពេល​ព្រះ​ទ្រង់​ប្រទាន​ពរ​យើង ឲ្យ​មាន​កូន​ប្រុស​ម្នាក់​នេះ ខ្ញុំ​ក៏​បាន​ក្លាយ​ជា​ម្តាយ​ដែល​មាន​ការ​ភ័យ​ខ្លាច។ បទ​ពិសោធន៍​ដែល​យើង​បាន​ជួប នៅ​ហាង​លក់​ស្បែក​ជើង បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​តែង​តែ​អាច​មើល​ថែរ ឬ​ការពា​រកូន​របស់​យើង​ជា​និច្ច​ឡើយ។ ប៉ុន្តែ ខ្ញុំ​បាន​រក​ឃើញ​សន្តិ​ភាព ខណៈ​ពេល​ដែល​ខ្ញុំ​រៀន​ងាក​ទៅ​រក ព្រះ​ជា​ម្ចាស់ ដែល​ជា​ជំនួយ​តែ​មួយ​របស់​យើង ពេល​ដែល​ខ្ញុំ​មាន​ការ​តយុទ្ធ​នឹង​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច។

ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ មិន​ដែល​បែរ​ព្រះ​នេត្រ​ទ្រង់ ចេញ​ពី​កូន​របស់​ទ្រង់​ឡើយ(ទំនុកដំកើង ១២១:១-៤)។ យើង​មិន​អាច​បង្ការ​មិន​ឲ្យ​មាន​ទុក្ខ​លំបាក ការ​ឈឺ​ចិត្ត ឬ​ការ​បាត់​បង់​បាន​ឡើយ ប៉ុន្តែ​យើង​អាច​រស់​នៅ ដោយ​ជំនឿ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ ដែល​ជា​ជំនួយ និង​ការពារ​គ្រប់​ពេល​វេលា ដែល​មើល​ថែរ​ជីវិត​របស់​យើង(ខ.៥-៨)។

នៅ​ថ្ងៃ​ខ្លះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា វង្វេង និង​អស់​សង្ឃឹម។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្សោយ មិន​អាច​ឃុំ​គ្រង​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង​បាន។ ប៉ុន្តែ យើង​តែង​តែ​អាច​ទុក​ចិត្ត​ថា ព្រះ​នៃ​យើង ដែល​ជ្រាប​គ្រប់​ការ​ទាំង​អស់ មិន​ដែល​ឈប់​ទត​មើល​យើង ដែល​ជា​កូន​ដ៏​មាន​តម្លៃ និង​ជា​ទី​ស្រឡាញ់​របស់​ទ្រង់​ឡើយ។ —XOCHITL DIXON