ម្តាយ​របស់​ឡរ៉ា(Laura) កំពុង​តែ​ប្រយុទ្ធ​នឹង​ជម្ងឺ​មហារីក។ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ឡរ៉ា និង​មិត្ត​ភក្តិ​របស់​នាង ក៏​បានអធិស្ឋាន​ឲ្យ​គាត់។ មិត្ត​ភក្តិ​របស់​គាត់ ដែល​ក្លាយ​ជា​ជន​ពិការ​អស់​ជា​ច្រើន​ឆ្នាំ ដោយ​សារ​ជម្ងឺ​ពិការ​ខួរ​ក្បាល បានអធិស្ឋាន​ថា “ព្រះ​អម្ចាស់​អើយ ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង សម្រាប់​ទូល​បង្គំ។ សូម​ព្រះអង្គ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង សម្រាប់​ម្តាយ​របស់​ឡរ៉ា​ផង​ដែរ។”

ឡរ៉ា​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​មិត្ត​ភក្តិ​របស់​នាង “ប្រកាស់ អំពី​ការ​ពឹង​ផ្អែក” ទៅ​លើ​ព្រះអម្ចាស់ នៅ​ពេល​នោះ។ នាង​ក៏​បាន​ជញ្ជឹង​គិត អំពី​ពេល​នោះ ហើយ​ក៏​បាន​និយាយ​ថា “តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ការ​ទ្រង់ ក្នុង​គ្រប់​ការ​ទាំង​អស់? ដូច​នេះ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ត្រូវ​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ការ​ទ្រង់ ក្នុង​គ្រប់​ការ​ទាំង​អស់”។

ក្នុង​អំឡុង​ពេល ដែល​ព្រះ​យេស៊ូវ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​ទ្រង់ នៅ​លើ​ផែន​ដី​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​វរបិតា​ទ្រង់ ជាប់​ជា​និច្ច។ ​គេ​ប្រហែល​ជា​គិត​ថា ព្រះ​យេស៊ូវ​មាន​ភាព​គ្រប់​គ្រាន់​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់ ព្រោះ​ទ្រង់​ជា​ព្រះ ដែល​មាន​រូប​កាយ​ជា​មនុស្ស។ ប៉ុន្តែ ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​នោះ បាន​សួរ​ទ្រង់​ អំពី​មូល​ហេតុ​ដែល​ទ្រង់ “ធ្វើ​ការ” នៅ​ថ្ងៃ​ឈប់​សម្រាក​តាម​ក្រឹត្យ​វិន័យ ដោយ​ប្រោស​គេ​ឲ្យ​ជា​ពី​ជម្ងឺ នៅ​ថ្ងៃ​ឈប់​សម្រាក។ ទ្រង់​ក៏​បាន​ឆ្លើយ​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ព្រះអង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះវរបិតា​ធ្វើ ដ្បិត​ការ​អ្វី​ដែល​ព្រះវរបិតា​ធ្វើ នោះ​ព្រះរាជបុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ”(យ៉ូហាន ៥:១៩)។ ដូចនេះ ព្រះ​យេស៊ូវ​ក៏​បាន​ប្រកាស​ថា ទ្រង់​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​វរបិតា​ផង​ដែរ។

ព្រះយេស៊ូវ​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​វរបិតា គឺ​បាន​ធ្វើ​ជា​គំរូ នៃ​ការ​រស់​នៅ​ ដោយ​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះ​ជា​ម្ចាស់​។ គ្រប់​ពេល​ដែល​យើង​ដក​ដង្ហើម គឺ​ជា​អំណោយ​មក​ពីព្រះ ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រស់​នៅ ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​ទ្រង់។ ពេល​ដែល​យើង​រស់​នៅ ដើម្បី​ស្រឡាញ់ និង​បម្រើ​ទ្រង់ តាម​រយៈ​ការ​អធិ​ស្ឋាន និង​ការ​ពឹង​ផ្អែក​ទៅ​លើព្រះ​បន្ទូល​ទ្រង់ ពី​ពេល​មួយ​ទៅ​ពេល​មួយ​ទៀត នោះ​មាន​ន័យ​ថា យើង​បាន​ប្រកាស់ អំពី​ការ​ពឹង​ផ្អែក​លើ​ទ្រង់។  —JAMES BANKS