លោកវ៉ត អាផេលធិន(Ward Appeltans) ដែល​ជា​ជីវ​វិទូ​ឯកទេស​ផ្នែក​ជីវិត​សត្វ​នៅ​ក្នុង​ទឹក បាន​មាន​ប្រសាសន៍​ថា “ពេល​ដែល​អ្នក​មុជ​ចុះ​ទៅ​ក្នុង​ទឹក​សមុទ្រ ដែល​មាន​ជម្រៅ​ជ្រៅ រៀង​រាល់​ពេល​ដែល​អ្នក​យក​គំរូ​ណា​មួយ ចេញ​ពី​ទឹក​សមុទ្រ​មក អ្នក​នឹង​រក​ឃើញ​ពូជ​សត្វ​ថ្មី​ៗ​ជា​និច្ច”។ កាល​ពី​ឆ្នាំ​មុន អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​ជីវិត​សត្វ​ក្នុង​សមុទ្រ ១៤២១​ប្រភេទ​ទៀត។ ជា​ការ​ពិត​ណាស់ យើង​នៅ​មិន​ទាន់​ស្គាល់ ជីវិត​សត្វ​ពាក់​កណ្តាល​ទៀត នៅ​ក្នុង​ជម្រៅ​ទឹក​សមុទ្រ​ដែល​នៅ​ខាង​ក្រោម។

ក្នុង​បទ​គម្ពីរ​យ៉ូប ៣៨-៤០ ព្រះ​ទ្រង់​បាន​ពិពណ៌​នា​អំពី​ស្នា​ព្រះ​ហស្ត​ដែល​ទ្រង់​បាន​បង្កើត ដើម្បី​ជា​ប្រយោជន៍​ដល់​លោក​យ៉ូប។ នៅ​ក្នុង​ជំពូក​ទាំង​បី​ដែល​មាន​លក្ខណៈ​កំណាព្យ​នេះ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​សង្កត់​ធ្ងន់ អំពី​ភាព​អស្ចារ្យ​នៃ​អាកាស​ធាតុ ភាព​ធំ​ទូលាយ នៃ​ចក្រ​វាល និង​សត្វ​ជា​ច្រើន​ប្រភេទ នៅ​ក្នុង​ជម្រក​របស់​ពួក​វា។ មាន​របស់​ជា​ច្រើន ដែល​យើង​អាច​សង្កេត​មើល។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល អំពី​ក្រពើរ​មួយ​ប្រភេទ ដែល​ជា​សត្វ​ធំ​សំបើម អាថ៌​កំបាំង ក្នុង​មួយ​ជំពូក​ទាំង​មូល។ សត្វ​ចម្លែក​នោះ ខុស​ពី​សត្វ​ដទៃ​ទៀត វា​មាន​ស្រការ​ដែល​រឹង​មាំ​ដូច​អាវ​ក្រោះ មិន​អាច​ឲ្យ​គេ​ចាក់​នឹង​ស្ន​បាន​ឡើយ​(យ៉ូប ៤១:៧,១៣) ​វា​មាន​កម្លាំង​ខ្លាំង​(ខ.១២) ហើយ​ក៏​មាន “ធ្មេញ​គួរ​ឲ្យ​ខ្លាច”(ខ.១៤)។ “អណ្តាត​ភ្លើង​បាន​ចេញ​ពី​មាត់​វា​មក … ហើយ​ផ្សែង​ក៏​ហុច​ចេញ​ពី​រន្ធ​ច្រមុះ​វា”(ខ.១៩-២០)។ “នៅ​លើ​ផែន​ដី គ្មាន​សត្វ​ណា​ខ្លាំង​ដូច​វា​ឡើយ”(ខ.៣៣)។

ដូច​នេះ ព្រះ​ទ្រង់​បាន​មាន​បន្ទូល អំពី​សត្វ​ដ៏​ធំ​សម្បើម ដែល​យើង​មិន​ដែល​បាន​ឃើញ។ តើ​នេះ​ជា​ចំណុច​សំខាន់ នៃបទ​គម្ពីរ​យ៉ូប ជំពូក​៤១​ឬ?

ទេ! បទ​គម្ពីរ​យ៉ូប ជំពូក៤១ បាន​ជួយ​ពង្រីក​ការ​យល់​ដឹង​របស់​យើង អំពី​លក្ខណៈ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​ព្រះ​ជា​ម្ចាស់​។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​បក​ស្រាយ​បន្ថែម អំពី​រឿង​នេះ​ថា “នុ៎ះ​ន៍ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ

… ហើយ​មាន​សត្វ​ធំ​សំបើម ដែល​ទ្រង់ បាន​បង្កើត​ឲ្យ​លេង​ក្នុង​ទឹក”(ទំនុកដំកើង ១០៤:២៥-២៦)។  បន្ទាប់​ពី​យើងបាន​អាន​ការ​ពិពណ៌នា​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច នៅ​ក្នុង​ព្រះ​គម្ពីរ​យ៉ូប​ហើយ យើង​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​បង្កើត​កន្លែង​លេង សម្រាប់​សត្វ​មួយ​នេះ ដ៏​ដែល​គួរ​ឲ្យ​ខ្លាច​លើ​សត្វ​ទាំង​អស់។

សព្វ​ថ្ងៃ​នេះ មនុស្ស​បាន​ធ្វើ​ការ​រុក​រក​នៅ​ក្នុង​មហាស​មុទ្រ។ ប៉ុន្តែ យើង​នឹង​មាន​ពេល​ដ៏​អស់​កល្ប​ជា​និច្ច ដើម្បី​នឹង​ស្វែង​យល់​អំពី​ភាព​អស្ចារ្យ​របស់​ព្រះ​ដ៏​គួរ​ស្ញែង​ខ្លាច ដ៏​អាថ៌​កំបាំង និង​សកម្ម​របស់​យើង។—TIM GUSTAFSON