តើ​អ្នក​ជា​មនុស្ស​ដែល​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ឬ? ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ការ​ព្រួយ​បារម្ភ។ ខ្ញុំ​តយុទ្ធ​នឹង​ការ​ថប់​បារម្ភ  ស្ទើរ​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​ព្រួយ​បារម្ភ​អំពី​រឿង​ធំ។ ខ្ញុំ​ព្រួយ​បារម្ភ​អំពី​រឿង​តូចៗ។ ជួន​កាល ខ្ញុំ​ហាក់​ដូច​ជា​មាន​ការ​ព្រួយ​បារម្ភគ្រប់​រឿង។ កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​ជំទង់ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​រក​ប៉ូលីស ពេល​ដែល​ខ្ញុំ​បាត់​មិន​ឃើញឪពុក​ម្តាយ​ខ្ញុំ ត្រឡប់​មក​ផ្ទះ ប្រហែល​បួន​ម៉ោង។

ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀត កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។ ដោយ​សារ​សេចក្តី​ល្អ និង​អំណាច​ចេស្តា​របស់​ព្រះ ហើយ​ដោយសារ​ទ្រង់​បាន​ចាត់​ព្រះ​យេស៊ូវ ឲ្យ​មក​សុគត​ជួស​យើង ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​បានដឹកនាំ​យើង នោះ​យើង​មិន​ត្រូវ​ឲ្យ​ការ​ភ័យ​ខ្លាច​គ្រប់​គ្រង​ជីវិត​យើង​ឡើយ។ យើង​អាច​ជួប​ការ​ពិបាក​ជា​ច្រើន ប៉ុន្តែ ព្រះទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង ក្នុង​គ្រប់​ការ​ទាំង​អស់។

ពេល​ដែល​ខ្ញុំ​ស្ថិត​ក្នុង​ពេល​ដែល​មាន​ការ​ភ័យ​ខ្លាច ខ្ញុំ​បាន​រក​ឃើញ​ជំនួយ​ដ៏​អស្ចារ្យ នៅ​ក្នុង​បទ​គម្ពីរ អេសាយ ៥១:១២-១៦។ ក្នុង​បទ​គម្ពីរ​នេះ ព្រះ​ទ្រង់​បាន​រំឭក​រាស្រ្ត​របស់​ទ្រង់ ដែល​បាន​ជួប​ទុក្ខ​វេទនា​ដ៏​ធ្ងន់​ធ្ងរ​ថា ទ្រង់​នៅ​តែ​គង់​នៅជា​មួយ​ពួក​គេ ហើយ​ព្រះ​វត្ត​មាន​ទ្រង់ ក៏​កម្សាន្ត​ចិត្ត​ពួក​គេ​ជា​និច្ច។ ទោះ​អ្វី​ៗ​ហាក់​ដូច​ជា​អាក្រក់​យ៉ាង​ណា​ក៏​ដោយ ទ្រង់ ជា​អ្នក​ដែល​កម្សាន្ត​ចិត្ត​យើង​រាល់​គ្នា គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ​ស្រាប់​(ខ.១២)។

ខ្ញុំស្រឡាញ់ ព្រះ​បន្ទូល​សន្យា​មួយ​នេះ។ ព្រះ​បន្ទូល​សន្យា​ទ្រង់​បាន​ធ្វើ​ជា​យុថ្កា​ជួយ​ឲ្យ​ព្រលឹង​ខ្ញុំ​មាន​ភាព​នឹង​នរ។ ខ្ញុំ​បាន​តោង​ព្រះ​បន្ទូល​សន្យា​មួយ​នេះ ម្តង​ហើយ​ម្តង​ទៀត ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​អាច​ទ្រាំ​ទ្ររួច និង​នៅ​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា “កំហុស​ច្រំ​ដែល”របស់​ខ្ញុំ បាន​សង្កត់​មក​លើ​ខ្ញុំ (ខ.១៣)។ តាម​រយៈ​បទ​គម្ពីរ​នេះ ព្រះ​ទ្រង់​បាន​ក្រើន​រំឭក​ខ្ញុំ ​ឲ្យ​ងាក​ចេញ​ពី​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ ហើយ​បែរ​មក​មើល​ទៅ​ព្រះ ដែល “បាន​លាត​ផ្ទៃ​មេឃ”(ខ.១៣) ដោយ​សេចក្តី​ជំនឿ និង​ពឹង​ផ្អែក​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​ជា​ព្រះ​ដែល​បាន​សន្យា​ថា នឹង​កម្សាន្ត​ចិត្ត​យើង។—ADAM HOLZ