កាល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ផ្លាស់​ប្តូរ​ទី​លំនៅ ទៅទី​ក្រុង​ស៊ីអេធល(Seattle) ដើម្បី​ឲ្យ​បាន​រស់​នៅ​ក្បែរ​ប្អូន​ស្រី​គាត់ យើង​មិន​ដឹង​ថា យើង​នឹង​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ណា ឬ​ធ្វើ​ការ​នៅ​ទីណា​ទេ។ ព្រះវិហារ​ប្រចាំ​តំបន់​នោះ ក៏​បាន​ជួយ​យើង រក​បាន​ផ្ទះ​ជួល​មួយ​កន្លែង មាន​បន្ទប់​គេង​ជា​ច្រើន​បន្ទប់។ យើង​អាច​ប្រើ​បន្ទប់​គេង​មួយ ហើយ​ជួល​បន្ទប់​ទាំង​ប៉ុន្មាន ដែល​នៅ​សល់ ឲ្យ​សិស្ស​មក​ពី​ក្រៅ​ប្រទេស។ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​ក្រោយ​មក​ទៀត យើង​បាន​ក្លាយ​ជា​អ្នក​ស្រុក​ក្រៅ ដែល​បាន​ទទួល​ស្វាគមន៍​អ្នក​ស្រុក​ក្រៅ ដោយ​ចែក​រំលែក​ផ្ទះ និង​អាហារ​របស់​យើង​ជា​មួយ​មនុស្ស ដែល​មក​ពី​តំបន់​ខុស​ៗ​គ្នា ក្នុង​ពិភព​លោក។  យើង និង​អ្នក​បម្រើ​ក្នុង​ផ្ទះ​យើង ក៏​បាន​ស្វាគមន៍​សិស្ស​មក​ពី​ប្រទេស​ក្រៅ​រាប់​សិប​នាក់ ឲ្យចូល​រៀន​ព្រះ​គម្ពីរ​ជុំគ្នា នៅ​ក្នុង​ផ្ទះ​យើង រៀង​រាល់​ពេល​ល្ងាច​ថ្ងៃ​សុក្រ។

កាល​ពី​សម័យ​ដើម រាស្រ្ត​របស់​ព្រះ ក៏​បាន​ដឹង​ផង​ដែរ​ថា ការ​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ មាន​ន័យ​យ៉ាង​ដូច​ម្តេច។ អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ ពួក​អ៊ីស្រាអែល​បាន​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ និង​ជា​ទាសករ នៅ​ក្នុង​នគរ​អេស៊ីព្ទ។ ក្នុង​បទ​គម្ពីរ លេវីវិន័យ ជំពូក ១៩ ព្រះ​ទ្រង់​បាន​បង្គាប់​ពួក​គេ​ឲ្យ “គោរព​កោត​ខ្លាច​ឪពុក​ម្តាយ” ហើយ “កុំ​ឲ្យ​លួច​របស់​ទ្រព្យ​អ្នក​ដទៃ”(ខ.៣,១១) ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​រំឭក​រាស្រ្ត​ទ្រង់ ឲ្យ​យក​អសារ​អ្នក​ស្រុក​ក្រៅ​ផង​ដែរ ព្រោះ​ពួក​គេ​ដឹង​ថា ការ​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ និង​មាន​ការ​ភ័យខ្លាច មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច(ខ.៣៣-៣៤)។

យើង​រាល់​គ្នា ដែល​ជា​អ្នក​ដើរ​តាម​ព្រះ មិន​សុទ្ធ​តែ​ធ្លាប់​បាន​ដក​ពិសោធន៍​នឹង​ជីវិត​ជា​ជន​ដែល​ត្រូវ​គេ​និរទេសទេ ប៉ុន្តែ យើង​រាល់​គ្នា​សុទ្ធ​តែ​អាច​ដឹង​ថា ការ​រស់​នៅ​ជា “អ្នក​ប្រទេស​ក្រៅ” នៅ​លើ​ផែន​ដី មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច(១ពេត្រុស ២:១១) គឺ​រស់​នៅ​ជា​អ្នក​ដែល​មាន​អារម្មណ៍​ថា ខ្លួន​ជា​អ្នក​ក្រៅ នៅ​ក្នុង​លោកិយ ដោយ​សារ​យើង​មាន​ការ​ស្មោះស្ម័គ្រ ចំពោះ​នគរ​ស្ថាន​សួគ៌។ ព្រះ​ទ្រង់​បាន​ត្រាស​ហៅ​យើង ឲ្យ​បង្កើត​សហគមន៍ ដែល​ទទួល​ស្វាគមន៍​អ្នក​ខាង​ក្រៅ ឲ្យ​ចូល​មហារ​គ្រួសារ​របស់​ព្រះ។ ការ​ទទួល​ស្វាគមន៍​ដ៏​កក់​ក្តៅ​ដែល​ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​ទទួល នៅ​ទីក្រុង​ស៊ីអេធល បាន​បង្រៀន​យើង​ឲ្យ​បន្ត​ការ​ស្វាគមន៍​នោះ ទៅ​ដល់​អ្នក​ដទៃ គឺ​បាន​ធ្វើ​ឡើង ក្នុង​នាម​ជា​គ្រួសារ​នៃ​ព្រះ​(រ៉ូម ១២:១៣)។ AMY PETERSON