សិស្សម្នាក់បាននិយាយទាំងពិបាកចិត្តថា “ខ្ញុំមិនអាចធ្វើវាបានទេ!”។ នៅលើក្រដាស់លំហាត់ គាត់មើលឃើញតែអក្សរដែលគេបោះពុម្ភ និងគំនិតដែលពិបាកយល់ ព្រមទាំងថ្ងៃកំណត់ដែលគ្មានការលើកលែង។ គាត់ត្រូវការជំនួយរបស់គ្រូបង្រៀនរបស់គាត់។
យើងប្រហែលជាមានអារម្មណ៍ពិបាកស្រដៀងគាត់ផងដែរ ពេលដែលយើងអានសេចក្តីអធិប្បាយព្រះបន្ទូលនៅលើភ្នំរបស់ព្រះយេស៊ូវ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក”(ម៉ាថាយ ៥:៤៤)។ កំហឹងគឺអាក្រក់ដូចការសម្លាប់មនុស្សដែរ(ខ.២២)។ ការត្រេកត្រអាល គឺមានទោសស្មើរនឹងការផឹតក្បត់(ខ.២៨)។ ហើយបើយើងគិតថា យើងអាចរស់នៅ ត្រូវតាមខ្នាតគំរូ ឬស្តង់ដាទាំងនេះ នោះយើងនឹងសួរខ្លួនឯងថា តើយើងអាចធ្វើបានទេ ពេលដែលទ្រង់មានបន្ទូលថា “ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ”(ខ.៤៨)។
លោកអូសវល ឆេមប័រ(Oswald Chambers) បានមានប្រសាសន៍ថា “ពេលយើងអានសេចក្តីអធិប្បាយព្រះបន្ទូលនៅលើភ្នំរបស់ព្រះយេស៊ូវ យើងអាចមានអារម្មណ៍ថា យើងគ្មានសង្ឃឹមនឹងអាចធ្វើតាមព្រះបន្ទូលទ្រង់បានឡើយ”។ ប៉ុន្តែ គាត់បានមើលឃើញអត្ថប្រយោជន៍នៃការអានសេចក្តីអធិប្បាយព្រះបន្ទូលនេះ ព្រោះពេលដែលយើងមានអារម្មណ៍ថា គ្មានសង្ឃឹមនឹងអាចធ្វើតាមបាន យើងនឹងមានចិត្តចង់ចូលទៅរកព្រះយេស៊ូវ ដូចជាអ្នកទាល់ក្រ សូមទទួលជំនួយពីទ្រង់ ដើម្បីឲ្យអាចធ្វើតាមព្រះបន្ទូលទ្រង់កើត”។
ព្រះទ្រង់ច្រើនតែធ្វើការរបស់ទ្រង់ តាមរបៀបដែលខុសពីការរំពឹងគិតរបស់យើង។ ជាក់ស្តែង អ្នកដែលដឹងថា ខ្លួនមិនអាចធ្វើតាមព្រះបន្ទូលទ្រង់ ដោយពឹងកម្លាំងខ្លួនឯង គឺជាអ្នកដែលទទួលព្រះគុណទ្រង់។ គឺដូចដែលសាវ័កប៉ុលបានបកស្រាយថា “ឱបងប្អូនអើយ អ្នករាល់គ្នាឃើញថា ក្នុងពួកអ្នកដែលទ្រង់បានហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម …ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ”(១កូរិនថូស ១:២៦-២៧)។
ក្នុងប្រាជ្ញារបស់ព្រះជាម្ចាស់ ព្រះដ៏ជាគ្រូបង្រៀន ទ្រង់ក៏ជាព្រះសង្រ្គោះរបស់យើងផងដែរ។ ពេលដែលយើងចូលទៅរកទ្រង់ ដោយជំនឿ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ យើងនឹងបានអរសប្បាយនឹង “សេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះ”(ខ.៣០) និងព្រះគុណ និងអំណាចចេស្តា ដើម្បីរស់នៅថ្វាយទ្រង់។ ហេតុនេះហើយ បានជាទ្រង់អាចមានបន្ទូលថា “មានពរហើយ អស់អ្នកដែលមានសេចក្តីកំសត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ”(ម៉ាថាយ ៥:៣)។ —TIM GUSTAFSON